អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បែលហ្ស៊ិក​​រំលឹក​​​ខួប​​១ឆ្នាំ​​នៃ​​ភេរវកម្ម​​នៅ​​អាកាសយានដ្ឋាន​​​​ក្រុង​ព្រុចសែល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ពុធ​២២មីនា​នេះ ​បែលហ្ស៊ិកបាន​​រៀបចំ​ទិវា​រំលឹក​ខួប​១ឆ្នាំ​នៃ​ភេរវកម្ម​​នៅ​អាកាសយានដ្ឋាន​​ ​អន្តរជាតិ​ក្រុងព្រុចសែល ដោយ​មាន​វត្តមាន​ចូលរួមរបស់​ព្រះមហាក្សត្រ​Philippe និង​ព្រះមហេសី​Mahtilde។ ថ្ងៃ២២មីនា​ ឆ្នាំមុននេះ ភេរវកម្ម​វាយប្រហារ​អាកាសយានដ្ឋាន Zaventem ​​​ក្រុងព្រុចសែល បាន​សម្លាប់​មនុស្ស​១៦នាក់ ហើយ​ភេរវកម្ម​​​នៅ​ចំណត​រថភ្លើង​ក្រោមដី​ Maelbeek ​ថ្ងៃដដែល​ ក៏​​បាន​សម្លាប់​មនុស្ស១៦នាក់ ដូចគ្នា​ដែរ។ មាន​មនុស្ស​រង​​របួស​៣២០នាក់ ក្នុង​ភេរវកម្ម​ទាំង២​នេះ។

ទាហាន​បែលហ្ស៊ិក​ ល្បាត​នៅ​ព្រលានយន្តហោះ​​Zaventem ដែល​រងភេរវកម្ម​កាលពី​ឆ្នាំ២០១៦
ទាហាន​បែលហ្ស៊ិក​ ល្បាត​នៅ​ព្រលានយន្តហោះ​​Zaventem ដែល​រងភេរវកម្ម​កាលពី​ឆ្នាំ២០១៦ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បែលហ្ស៊ិក​មិនដែល​រង​​ភេរវកម្មធ្ងន់ ​ក្នុង​ប្រវត្តិសាស្ត្រ​ ដូច្នេះទេ ។ ១ឆ្នាំ​ក្រោយ​ការវាយ ប្រហារ អាកាសយានដ្ឋាន​​​​ក្រុងព្រុចសែល គេ​នៅតែ​ចោទសួរ​ពីបញ្ហា​​សន្តិសុខ​តាម​អាកាសយានដ្ឋាន​ ប្រឈម​នឹង​ការគំរាម​ពី​ក្រុមភេរវជន ពិសេស​ក្រោយ​​ពេល​មាន​​ការផ្ទុះ​អាវុធ​ នៅ​អាកាសយានដ្ឋាន​​Orly នៅ​ប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃ​សៅរ៍​១៨​មីនា​ថ្មីៗនេះ។

គេ​មិនអាច​​​ការពារ​សុវត្ថិភាពតាម​​ព្រលាន​យន្តហោះបាន​ល្អ​ឥតខ្ចោះ​ទេ
នៅ​តាម​ប្រទេស​ជឿនលឿន​ដូចជា​បារាំង និង​បែលហ្ស៊ិក ការការពារ​សុវត្ថិភាព​តាម​អាកាសយានដ្ឋាន​ ​មាន​លក្ខណៈ​​​តឹងរ៉ឹង​​​​ណាស់​​ តែ​ក៏​នៅតែ​មិនអាច​ចៀស​ផុត​​ពី​ការវាយ ប្រហារ​ផ្សេងៗ​​បាន។ ដូចជា​នៅ​ព្រលាន​​យន្តហោះOrly ​នៅ​ប៉ារីស កាលពី​​​ថ្ងៃ​១៨មីនា។ ទាហាន​​បារាំង​បាន​បាញ់​សម្លាប់​ជនល្មើស​ម្នាក់ដែល​បាន​ឆក់​កាំភ្លើង​ពី​ទាហាន​។ ​ប៉ូលិស​ស្គាល់​មុខបុរស​នេះ​​​យូរហើយ​ដែរ។ ​

ការការពារ​អាកាសយានដ្ឋាន ​អោយ​បាន​១០០ភាគរយ​គឺមិនអាច​ធ្វើបាន​ទេ អ្វីក៏ដោយ​មិនដែល​ល្អ​ឥតខ្ចោះទេ វា​តែង​​មាន​ចន្លោះ​ប្រហោង​ជានិច្ច។ អាកាសយានដ្ឋាន​ សួនច្បារ ​ទី​ប្រជុំជន​នានាដែល​ជា​ទីសាធារណៈ តែងមាន​មនុស្ស​ចុះឡើង មានមនុស្ស​គ្រប់​ប្រភេទ​ឆ្លងកាត់។ ត្រឺម​​​តែ​​មនុស្ស​ម្នាក់​កាន់​តែ​​កាំបិតតូច​​មួយ ក៏អាច​​​ចូលទៅ​​កាន់​ហ្វូង​មនុស្ស​ ចាក់​គេ​ចាក់ឯង​បានដែរ។ ​ដូច្នេះ ទោះជា​ដាក់​ប្រព័ន្ធការពារ​រឺងមាំ​យ៉ាងណា ក៏​គេ​ពិបាក​​​ដឺងមុន​ពី​ហេតុការណ៍​​ងាយៗ​បែបនេះ​ដែរ។

នេះ​គេមិនគិត​​ ពី​ចន្លោះ​ប្រហោង​ផ្នែក​ការពារ ឧទាហរណ៍​ដូចជា​ខាង​ផ្នែកចារកិច្ច ដែល​ត្រូវ​ផ្តល់​ព័ត៌មាន​​​គ្នា​ទៅវិញទៅមកអោយគ្រប់ជ្រុងជ្រោយ​ រឺក៏​ការសហការ​រវាង​ប៉ូលិស និង​តុលាការ​​​ផង។ បូករួម​ទាំងចន្លោះ​ប្រហោង​នេះទៀត វារឺតតែ​ធ្វើអោយ​ការការពារ​សុវត្ថិភាព​ពិបាក​សម្រេច​បាន​ទាំងស្រុង​ណាស់។​

អាកាសយានដ្ឋាន​បិន ហ្គួរីយ៉ុង Ben Gourion របស់​អ៊ីស្រាអែល ជា​អាកាសយានដ្ឋាន​​គំរូ​ផ្នែកការពារ​សុវត្ថិភាព​សន្តិសុខ-អឺរ៉ុប​មិនអាច​ធ្វើ​បាន​ដូច​អ៊ីស្រាអែល​ ​ ​
អាកាសយានដ្ឋាន​បិន ហ្គួរីយ៉ុង​ Ben Gourion នៅ​អ៊ីស្រាអែល ​មាន​វិធានការ​ការពារ​សុវត្ថិភាព​​ខ្ពស់​ណាស់ រហូត​ជាប់ឈ្មោះ​គំរូ​ច្រើនដង​ទៀតផង។ សំណង់​អាកាសយានដ្ឋាន​​​អ៊ីស្រាអែល​នេះ គឺ​ផ្តោត​លើ​សន្តិសុខ​​ហ្នឺ​ងតែម្តង។ ​​នៅ​ទីនោះ ការឆែកឆេរ​ត្រួតពិនិត្យ​ មាន​តាំង​​ពី​ច្រើន​គីឡូម៉ែត្រ​ មុន​ចូល​ទៅដល់​​​​អគារ​ព្រលាន​យន្តហោះ​​​ម្ល៉េះ។ ​​ហើយ​នៅ​ក្នុង​ព្រលាន​វិញ ​ការ​ឆែកឆេរ​​អ្នកដំណើរ​ក៏​តឺងតែង ​​តាម​ច្រើន​កន្លែង​​​ដែរ។ ​

ប៉ុន្តែ ​​ហេតុអ្វី​ក៏ប្រទេស​នៅ​អឺរ៉ុប​ ដូចជា​បារាំង​​​ ធ្វើ​មិនបាន​ដូច​អ៊ីស្រាអែល? អាកាសយានដ្ឋាន​នៅ​អឺរ៉ុប ដូចជា​នៅ​បារាំង មាន​មនុស្ស​ចេញចូល​ច្រើន​ ជាង​អ៊ីស្រាអែល​ឆ្ងាយណាស់។ ឧទាហរណ៍​​ដូច​ជានៅ​ប៉ារីស ​​ព្រលាន​យន្តហោះ​អរលី មាន​អ្នកដំណើរ​​​១ឆ្នាំៗ ដល់ទៅ​៣០លាននាក់ ហើយ​បើ​នៅ​ខាង​ព្រលាន​រ័សស៊ី ស្ហាល ដឺហ្គោល វិញ​ អ្នកដំណើរ​មួយឆ្នាំៗ ​មានដល់​ទៅ​៦៦លាននាក់។ អាកាសយានដ្ឋាន​អ៊ីស្រាអែល​ បិន ហ្គួរីយ៉ុង មាន​អ្នកដំណើរ​មិនដល់​៦លាន​នាក់​ទេ មួយឆ្នាំៗ។ ដូច្នេះ ការ​ដែល​មាន​អ្នកដំណើរ​តិច វាងាយស្រួល​អោយ​អាជ្ញាធរ​ពង្រឺងសុវត្ថិភាព​បានហ្មត់ចត់​ជាង​ការដែល​មាន​អ្នកដំណើរ​ចេញចូល​ច្រើន។

​​អាជ្ញាធរ​​អាកាសយានដ្ឋាន​នៅ​ក្រុងប៉ារីស លើកឡើង​ថា បើ​គេ​ហ៊ានដាក់​របាំង​ត្រួតពិនិត្យ​តាំងតែ​ច្រើនគីឡូម៉ែត្រ មុនទៅ​ដល់​ព្រលាន​ទៅហើយ​នោះ​ នោះ​អាច​នឹង​នាំ​អោយ​កកស្ទះ​រថយន្ត។ ហើយ​បើ​ត្រួតមនុស្ស​គ្រប់រូប អោយ​ហ្មត់ចត់​តាំង​តែ​ពី​ទ្វារ​ចូល​អគារ​ព្រលាន​ទៅ​ហើយ​​នោះ ក៏​នាំ​អោយ​មាន​មនុស្ស​តំរង់ជួរ​ត​កន្ទុយគ្នា​វែងឆ្ងាយ​ ចាំ​យូរ​ដែរ។ និយាយ​ទៅ ​ការ​តំរង់ជួរ​នេះ វា​អាច​ទាក់ភ្នែក​ក្រុមភេរវជន​រឺ​​ទៅវិញទេ ងាយ​អោយ​មាន​ការវាយប្រហារ​ទៅលើ​អ្នកដំណើរ។ សមាជិ​កសភា​បារាំង​មួយរូប​គិតថា ​​វិធានការ​ទាំងអស់​នេះ​​ គ្មានប្រសិទ្ធភាព ហើយ​​នាំអោយ​​​​​ខាតថវិកា ​​​​​និង​ពេលវេលា​ទៀតផង។

វិធានការ​ពង្រឺង​សន្តិសុខអាកាសយានដ្ឋាន​​ ដែល​សមស្រប គឺ​ត្រូវ​​ចៀស​បង្ក​ការរាំងស្ទះ​ដល់​អ្នកដំណើរ ​
កង​កម្លាំង​​​​ការពារ​ប្រឈម​ការគំរាម​កំហែងភេរវកម្ម​ គឺត្រូវតែ​មាន​ដូចធម្មតា ​​បំផុត ​គេ​មិនត្រូវ​ភ្លេចថា ​​ធ្វើយ៉ាងណា​ក៏ដោយ ក៏​​កុំអោយ​ការការពារ​សុវត្ថិភាព​ ហួសហេតុ​ ​​រហូត​ដល់​ទៅ​បង្អាក់​ដំណើរ​របស់​អ្នកធ្វើដំណើរ នៅ​តាម​ព្រលាន​យន្តហោះដែរ។ នេះ​ជាវិធានការ​ការពារ​ដែល​សមស្រប​ចំពោះមុខ។

សូមបញ្ជាក់ថា បារាំង​បាន​ចេញ​ផែនការ​ពិសេស ការពារ​សន្តិសុខ នៅ​តាម​អាកាសយានដ្ឋាន​ ប្រឈម​នឹង​ការគំរាម​កំហែង​ភេរវកម្ម​ តាំង​តែ​ពី​ឆ្នាំ២០១៣​ម្ល៉េះ។ កងកម្លាំង​ទាហាន​ប៉ូលិស និង​ភ្នាក់ងារ​សន្តិសុខ​ច្រើនពាន់​នាក់​ ត្រូវបាន​ដាក់ពង្រាយ ការពារ​អ្នកដំណើរ។ ​​​តាំង​ពី​មាន​ភេរវកម្ម​នៅ​បែលហ្ស៊ិក បារាំង​បានពង្រឺង​សន្តិសុខ​កាន់តែ​ខ្ពស់ ពិសេស​វិធានការ​តាមដាន​​​​​អ្នកដំណើរ រឺ​តាមដាន​មនុស្ស​ដែល​មានអាកប្បកិរិយា​គួរសង្ស័យ​តែម្តង។ អាកាសយានដ្ឋាន​នៅ​ប៉ារីសក៏គ្រោង​ដាក់ចេញ​ប្រព័ន្ធ​ចាប់​អត្តសញ្ញាណ​​មុខ​មនុស្ស​ដែល​ប៉ូលិស​ចាត់ទុកថា គ្រោះ​ថ្នាក់ដែរ។

បើ​និយាយ​ពី​កាមេរា​ដាក់​នៅ​តាម​បណ្តា​​អាកាសយានដ្ឋាន​ នៅ​ប៉ារីស​ ​វិញ​ ឥឡូវនេះ ​ឡើង​ចំនួន​​ដល់​៩០០០គ្រឿងឯណោះ ខុសពី​១០ឆ្នាំ​មុន មានតែ​ជាង​១០០០គ្រឿង។​ កងកម្លាំង​បារាំង​មាន​ទាំង​ឆ្កែ ប្រើ​សម្រាប់​ហិត​គ្រឿងផ្ទុះ​ ហើយ​កងកម្លាំង​មានសិទ្ធិ​​​ឆែកឆេរ​​កាបូប​បាន​គ្រប់ពេល។ ​​ ​ ​  

ឃើញថា ទោះ​ជា​អាជ្ញាធរ​បារាំងចាត់វិធានការ​សន្តិសុខ​តឺងតែង​យ៉ាងណា ក៏​​នៅ​អឺរ៉ុប បារាំង​​​​​រងគ្រោះ​ភេរវកម្ម​ច្រើន​​គួរសម ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រៀប​នឺង​បែលហ្ស៊ិក រឺ​ក៏​អាល្លឺម៉ង់។ ដូច្នេះ ការការពារ​សុវត្ថិភាព​សន្តិសុខ​អោយ​បានល្អ​១០០ភាគរយ​គឺមិនអាច​ធ្វើបាន​ទេ៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ