អានតួអត្ថបទ

បារាំង ៖ អាកាសយានដ្ឋានបារាំង​នៅ​Orly​ បិទ​ក្រោយ​មាន​ការ​​ផ្ទុះ​អាវុធ

កង​កម្លាំងសន្តិសុខ​បារាំង​បាន​បាញ់​សម្លាប់​ជន​ម្នាក់ បន្ទាប់​ពី​ជន​នេះ​បាន​ស្ទុះ​ទៅ​ឆក់​លួច​កាំភ្លើង​ពី​ដៃ​ទាហាន​ ដែល​កំពុង​ដើរ​ល្បាត​ ក្នុង​ក្របខ័ណ្ឌ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ក្នុង​អាកាសយានដ្ឋាន​អ័រលី ក្រុង​ប៉ារីស​ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៨ មីនា នេះ។ ជា​សំណាង​ល្អ​ គ្មាន​មនុស្ស​ណាម្នាក់​ត្រូវ​​រង​គ្រោះ តែចរាចរណ៍​ហោះហើរ​នៅ​ព្រលាន​ត្រូវ​បិទ​ទាំង​ស្រុង​នៅ​ពេល​នេះ ​ដំណើរ​ណា​​ជាង​បីពាន់​នាក់​ត្រូវ​ជម្លៀស។ តើ​ជា​ទង្វើ​ភេរវកម្ម​ឬ ?

កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​មុខ​អាកាសយានដ្ឋាន Orly ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស ថ្ងៃទី ១៨​មីនា ២០១៧
កង​កម្លាំង​ប្រឆាំង​ភេរវកម្ម​នៅ​មុខ​អាកាសយានដ្ឋាន Orly ភាគ​ខាង​ត្បូង​ក្រុង​ប៉ារីស ថ្ងៃទី ១៨​មីនា ២០១៧ CHRISTOPHE SIMON / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ពុំ​ទាន់​មាន​ចម្លើយ​បញ្ជាក់​អ្វី​ទាំង​អស់ ! អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បារាំង​ បាន​​ត្រឹម​តែ​ប្រកាស​ថា​ នៅ​វេលាម៉ោង៨​កន្លះ​ព្រឹក​ថ្ងៃសៅរ៍​នេះ បុរស​ម្នាក់​បាន​ឆក់​កាំភ្លើង​ពី​ទាហាន​កំពុងដើរ​ល្បាត រួច​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ហាង​ទំនិញ​ក្នុង​អាកាសយានដ្ឋាន មុន​នឹង​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​បាញ់​សម្លាប់​។ បើ​តាម​ប៉ូលិស ជន​នេះ​មាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​សំងាត់។

ហេតុការណ៍​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ឧប្បត្តិហេតុ​​បាញ់​ប៉ូលិស​​ឱ្យរបួស​​មួយករណី​​ទៀត នៅ​ចម្ងាយ​ប្រមាណ​៤០គីឡូម៉ែត្រ​ពី​គ្នា និង​ខុស​ត្រូវ​ម៉ោង​គ្នា​​ប្រមាណ​ជា​មួយ​ម៉ោង។ នេះ​បើ​តាម​ប្រភព​ដដែល ដែល​អះអាង​ថា​ខ្មាន់​កាំភ្លើង​ទំនង​ជា​ជន​តែ​ម្នាក់។

ពេល​ចរាចរណ៍​ផ្លូវអាកាស​មក​កាន់​និង​ចេញ​ពី​ព្រលាន​​ត្រូវ​ផ្អាក​ទាំង​ស្រុង ! មាន​ប្រតិបត្តិការ​ស្វែង​ចាប់​​រក​ជាតិ​ផ្ទុះ​ ក្រែង​ខ្មាន់​កាំភ្លើង​មាន​ពាក់ខ្សែក្រវ៉ាត់​ផ្ទុះ​។ ប៉ូលិល​ជា​ច្រើន​ត្រូវ​បាន​បញ្ចូន​មក​ជា​ជំនួយ​សុវត្ថិភាព​ មនុស្ស​ជិត​បីពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​អាកាសយានដ្ឋាន។

សូម​បញ្ជាក់​ថា​ តាំង​ពី​មាន​ផ្ទុះភេរវកម្ម​ខែ​មករា​ឆ្នាំ​២០១៥​មក បារាំង​បាន​ចាត់​វិធានការ​ពង្រាយ​ទាហាន​ដើរ​ល្បាត​ពេញ​ផ្ទៃខេត្ត​ក្រុង ជាពិសេស​នៅ​តាម​តំបន់​ទេសចរណ៍​ ​ចំណុច​ប្រជុំជន​ សាលារៀន​ អាគារ​​​រដ្ឋបាល​...  ប៉ុន្តែ​ជា​ញឹក​ញយ​ ទាហាន​ល្បាត​ទាំង​នោះ​បានក្លា​ជា​ទិស​ដៅ​នៃ​ការ​វាយប្រហារ​វិញ។ កាលពី​ដើម​ខែ​កុម្ភៈ ជន​អេហ្ស៊ីប​ម្នាក់ បាន​ជិះ​យន្តហោះ​ពី​អេមៀរ៉ាអារ៉ាប់រួម​ មក​វាយប្រហារលើ​ទាហាន​បារាំង​ ដោយ​ប្រើ​កាំបិត។

រងគ្រោះ​ភេរវកម្ម​ជា​បន្ត​បន្ទាប់ ប្រធានាធិបតី​​​បារាំង​បានសម្រេច​​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន និង​ពន្យារ​រហូត​ដល់​ថ្ងៃទី ១៥​កក្កដា ក្រោម​ការ​រិះគន់​យ៉ាង​ខ្លាំង។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម្ង៉ៃ ក្រោយ​ពី​មាន​ការ​ផ្ទុះ​​កញ្ចប់​បញ្ញើ​​មាន​ផ្ទុក​ជាតិ​ផ្ទុះ តាម​ប្រៃសណីទៅ​ឱ្យ​អង្គការមូលនិធិ​រូបិយវត្ថុ​ នៅ​ទីក្រុង​ប៉ារីស។ ហេតុការណ៍​នេះ​បញ្ជាក់​ថា​ ការ​គំរាម​កំហែង​នៅ​ធ្ងន់​ធ្ងរ បារាំង​ត្រូវ​រក្សា​ប្រទេ​សក្នុង​ភាព​អាសន្ន​សិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ