អានតួអត្ថបទ
បារាំង-ចិន-អ៊ុយក្រែន

លោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន

បន្ទាប់ពីទទួលយ៉ាងអធិកអធម​ ប្រធានាធិបតីចិន លោក​ស៊ី ជីនពីង នៅវិមាន​អេលីហ្សេ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅថ្ងៃអង្គារនេះ អញ្ជើញលោក​ស៊ីជីនពីង ទៅ​ធ្វើដំណើរកំសាន្ត​នៅលើ​កំពូលភ្នំ ពីរ៉េណេ ភាគខាងត្បូង​ប្រទេស​បារាំងវិញម្តង។ បើតាម​វិមាន​ប្រធានាធិបតីបារាំង ដោយ​អញ្ជើញ​ប្រមុខរដ្ឋចិន​ទៅ​ដើ​​រលេងនៅលើ​ភ្នំបារាំង ដែលធ្លាប់ជា​កន្លែងអនុស្សាវរីយ៍​របស់​លោក​តាំងពីតូច មេដឹកនាំ​បារាំង លោកម៉ាក្រុង​ចង់បង្ហាញពីភាពស្និទ្ធស្នាល លុបចោលរបាំង​ពិធីការដែល​អមជាប់ជានិច្ច​មេដឹកនាំ​ចិន។ ជាមួយ​បរិយាសភ្នំទឹកកក ព្រៃព្រឹក្សាពណ៌បៃតង ប្រមុខរដ្ឋបារាំង​សង្ឃឹម​អាច​និយាយត្រង់ ទៅត្រង់មកជាមួយ​ប្រធានាធិបតី​ចិន គ្រប់សំណុំរឿង តាំងពីការដោះដូរពាណិជ្ជកម្ម​ រហូត​ដល់​សង្រ្គាមនៅអ៊ុយក្រែន។ បារាំង​នៅតែចង់​ឲ្យ​ចិន​ដាក់សម្ពាធ​ និយាយបញ្ចុះបញ្ចូលរុស្ស៊ី​ដែលកំពុង​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។ ប៉ុន្តែ នៅ​ក្នុងសន្និសីទ​កាសែតរួមកាលពី ចន្ទទី ៦​ឧសភា លោកស៊ី ជីនពីង​បាននិយាយប្រាប់​ឲ្យគេ​ឈប់យករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន។

ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​នៅបារាំង រហូតដល់ថ្ងៃទី ៧ ឧសភា ២០២៤ លោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន
ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​នៅបារាំង រហូតដល់ថ្ងៃទី ៧ ឧសភា ២០២៤ លោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន via REUTERS - MOHAMMED BADRA / POOL
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខការរិះគន់ និងក្តីបារម្ភ​របស់​លោកខាងលិចជាពិសេស​អាមេរិក​ ដែលថា ចិន​បាន​លួចបញ្ជូនអាវុធទៅ​ឲ្យរុស្ស៊ី​ធ្វើសង្រ្គាមនៅអ៊ុយក្រែន ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​និយាយ​ជាលើកទី១  ប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន​ទៅ​បង្ខូចឈ្មោះចិន។

នៅក្នុង​សន្និសីទកាសែត ដែលមិនយកសំណួរ​របស់​អ្នកកាសែត នៅវិមានប្រធានាធិបតីបារាំង កាលពីល្ងាច​ថ្ងៃចន្ទទី ៦​ឧសភា លោកប្រធានាធិបតីចិន លោក​ស៊ី ជីនពីងបាន​បញ្ជាក់ថា ចិន​ប្រឆាំង​ដាច់ខាតនឹង​ការប្រើប្រាស់​វិបត្តិអ៊ុយក្រែន​ ដើម្បី​និយាយ​ទម្លាក់កំហុស បង្ខូចកេរ្តិ៍ឈ្មោះ​ប្រទេស​ទី៣ និងបង្ក​ឲ្យចេញជា​សង្រ្គាមត្រជាក់សាជាថ្មី។

បើតាមលោក​ស៊ី ជីនពីង ចិន​មិនមែន​ជាប្រភពនៃ​វិបត្តិសង្រ្គាមអ៊ុយក្រែន ហើយក៏មិន​កាន់ជើង​ខាងភាគីណាទាំងអស់។ តាំងពីដើមរៀងមក ចិន​ដើរតួនាទី​វិជ្ជមាន​ដើម្បី​ស្វែងរក​សន្តិភាព។ នៅត្រង់ចំណុចនេះ ប្រមុខរដ្ឋចិន​បានអះអាង​ពី​យុទ្ធនាការទូត​ដើម្បី​ស្វែងរក​កុងសង់ស៊ុស ចំណុចរួមដោះស្រាយវិបត្តិ តាមរយៈ​ការបញ្ជូន​ប្រេសិត​របស់​ចិន ទៅ​ប្រទេស​រុស្ស៊ី អ៊ុយក្រែន និង​មកទឹកដីអឺរ៉ុប។

ចាប់តាំងពី​ផ្ទុះសង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ចិន​បាន​ចាប់ពង្រឹង​ចំណងការទូត ពាណិជ្ជកម្ម​ និង​សន្តិសុខ​ជា​មួយ​រុស្ស៊ី និង​បានទាមទារ​ឲ្យ​ប្រទេស​លោកខាងលិច ចាត់ទុក​រុស្ស៊ី​ជា​ភាគីសំខាន់មួយ​ក្នុងចរចា​ដើម្បី​សន្តិភាព នៅអ៊ុយក្រែន។

“ដូចប្រវត្តិសាស្រ្ត​បានបង្ហាញជារឿយៗ គ្រប់ជម្លោះទាំងអស់ អាច​បិទបញ្ចប់បាន​ដោយ​​ការចរចា” នេះជា​ប្រសាសន៍​របស់​ប្រធានាធិបតីចិន មុន​នឹង​អំពាវនាវ​សាជាថ្មី​ឲ្យ​រុស្ស៊ី និងអ៊ុយក្រែន ចាប់និយាយ បើកការចរចាជាមួយគ្នាឡើងវិញ។ ការចរចារវាង អ៊ុយក្រែន និង​រុស្ស៊ី បាន​ស្លាប់ជាង​១ឆ្នាំមកហើយ ដោយសារភាគី​និយាយ​មិន​ចុះសម្រុងគ្នាទាក់ទង​នឹង​ទឹកដី​ដែល​រុស្ស៊ី​វាយដណ្តើមកាន់កាប់ រហូត​ប្រធានាធិបតី​អ៊ុយក្រែន កាលពីឆ្នាំមុន​បាន​ចេញក្រឹត្យ​បិទផ្លូវ​ មិនចរចា​ជាមួយ​រុស្ស៊ី។

ចំពោះប្រទេស​លោកខាងលិច ចិន​មានឥទ្ធិពល ទឹកមាត់ប្រៃ​ដើម្បី​និយាយ​បញ្ចុះបញ្ចូល​ឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ បារាំង​ផ្ទាល់ធ្លាប់បានទាមទារ​សុំ​ឲ្យ​មហាអំណាចចិន ដែលជា​អតិថិជនទិញប្រេងពីរុស្ស៊ី ដាក់សម្ពាធ​លើ​ម៉ូស្គូ ប៉ុន្តែ ចិនបានបញ្ជាក់ជាញយដងថា ខ្លួន​ដើរតួអព្យាក្រឹត និងអំពាវនាវឲ្យគេស្វែងរកដំណោះស្រាយ​នយោបាយ​ដើម្បីបិទបញ្ចប់​ជម្លោះ​នៅអ៊ុយក្រែន។ អស់ពីអំពាវនាវដែល​ប៉េកាំង​លែងស្តាប់ចូលត្រចៀក អាមេរិក​ឯណោះវិញដែល​បាន​ចោទ​ចិន​ថា បាន​លួចផ្តល់អាវុធទៅឲ្យរុស្ស៊ី​ធ្វើសង្រ្គាមនៅអ៊ុយក្រែន បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត​លើ​ក្រុមហ៊ុន​ចិន​មួយចំនួន ដែលពាក់ព័ន្ធនឹង​ការលក់សព្វាវុធទៅ​ឲ្យរុស្ស៊ី។ ទោះចិន​បដិសេធ​ការចោទប្រកាន់​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ប៉ុន្តែ ភាគីអាមេរិក​នៅតែ​បញ្ជាក់ថា ក្រុមហ៊ុន​ចិន​ជាប់ទណ្ឌកម្មរ​បស់​អាមេរិក ព្រោះពួកគេ​បាន​បញ្ជូន​គ្រឿងបង្គុំ ដែលអនុញ្ញាត​ឲ្យរុស្ស៊ីអាច​ផលិតអាវុធ មីស៊ីល ធ្វើសង្រ្គាមវាយប្រហារអ៊ុយក្រែន៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ