អានតួអត្ថបទ
អាជីព​ពេទ្យ

ការសិក្សាថា​ក្មេង​ជំនាន់​ក្រោយលែង​សូវ​ចង់​ធ្វើ​ជា​គិលានុបដ្ឋាក

ថ្ងៃទី​១២​ឧសភានេះ ​ជា​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ។ គិលានុបដ្ឋាកជា​ធនធានមនុស្ស​​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​សុខាភិបាល និង​ដែល​ពិភពលោក​ត្រូវ​ការ​កាន់​តែ​ច្រើន​ឡើងៗ។ ប៉ុន្តែ​បើតាម​​ការ​សិក្សា​របស់​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (ហៅកាត់​ថា OCDEអូសេដេអឺ) ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី​១០​ឧសភា ២០២៤ ក្មេង​​ជំនាន់​ក្រោយ​ មិន​សូវ​ចាប់​អារម្មណ៍​ចង់​ប្រកប​អាជីព​នេះ​ទេ។

ថ្ងៃ១២​ឧសភា​ជា​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ តែ​ក្មេង​ជំនាន់​ក្រោយ​លែង​សូវ​ចង់​ប្រកប​អាជីព​
ថ្ងៃ១២​ឧសភា​ជា​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ តែ​ក្មេង​ជំនាន់​ក្រោយ​លែង​សូវ​ចង់​ប្រកប​អាជីព​ © iStock/kali9
ផ្សាយពាណិជ្ជកម្ម

​ការ​​សិក្សារបស់​​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ផ្អែក​ទាំង​ស្រុង​ទៅលើ​​ការ​អង្កេត​វាយតម្លៃ​អំពី​សមត្ថភាពផ្នែក​គណិត​វិទ្យា អំណាន និង​វិទ្យាសាស្ត្រ​​​របស់​យុវវ័យ​អាយុ​១៥​ឆ្នាំ​ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​៨១​ប្រទេស នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២។ ជា​លទ្ធផល ​ចំនួន​យុវវ័យ​​ចង់​ក្លាយ​ជា​គិលានុបដ្ឋាក​បាន​ធ្លាក់​ចុះ​ ពី​២,​៣%​នៅឆ្នាំ​២០១៨ ទៅ​២,១% នៅ​ឆ្នាំ​២០២២។ ​សមាជិក​អង្គការ​ចំនួនពាក់​កណ្តាល កំពុង​ឆ្លង​កាត់​និន្នការ​នេះ ហើយការធ្លាក់​ចុះ​សម្គាល់​ឃើញ​មាន​ខ្លាំង​ជាង​ពិសេស នៅ​តាម​បណ្តា​​ប្រទេស​អ្នក​មាន​និង​​ប្រទេស​​ឧស្សាហកម្ម​លូតលាស់​ខ្លាំងដូច​យ៉ាង​សហរដ្ឋ​អាមេរិក កាណាដា ន័រវែស ដាណឺម៉ាក ឬ​អង់គ្លេស។ ចេតនា​ចង់​សិក្សា​ដើម្បី​បាន​ក្លាយ​ជា​គិលានុបដ្ឋាក មាន​កំណើន​តែ​ក្នុង​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ គឺ​ជប៉ុន កូរ៉េខាង​ត្បូង ឬអេស្ប៉ាញ។

បើ​តាម​ម្ចាស់​សំណេរ វិបត្តិ​កូវីដ​១៩ បាន​គាស់​កកាយ​​ឱ្យ​ឃើញថាពិភពលោក​​ខ្វះ​កម្លាំង​គិលានុបដ្ឋាក យ៉ាង​​រ៉ាំរ៉ៃ​បំផុត។ ដើម្បី​បំពេញ​កង្វះ​ខាត​និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ការ​កាន់​តែ​ច្រើន​ឡើងៗ​សម្រាប់​ពេល​បច្ចុប្បន្ន​ភ្លាម​ផង និង​ត្រៀម​ក្រែង​មាន​ហេតុការណ៍​រាតត្បាត​សកល​នៅ​ថ្ងៃ​ក្រោយផង ប្រទេស​ជា​សមាជិក​អង្គការ​អូសេដេអឺ​ជា​ច្រើន បាន​សម្រេចដំឡើង​បរិមាណ​សិស្ស​ឱ្យ​ចូល​រៀន​ក្នុង​វិស័យ​សុខាភិបាល​។ ជា​នយោបាយ​ទាក់ទាញ​យុវវ័យ​ពេញ​សមត្ថភាព។ ប៉ុន្តែ​វិបត្តិ​កូវីដ​ ក៏​បាន​លាត​ត្រដាងឱ្យ​ឃើញ​អំពី​លក្ខខណ្ឌ​ការងារ​ដ៏​លំបាក​ ដ៏​នឿយ​ហត់ ជាមួយនឹង​កម្រៃ​ឬ​ប្រាក់​បៀរវត្សរ៍​ដ៏​តិច​តួច ដែល​ជំរុញ​គិលានុបដ្ឋាក​មិន​តិច​ទេ​សុំ​លាលែង​ពី​តំណែង​និង​បោះបង់​អាជីព​មួយ​នេះ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​ដឹកនាំ​សិក្សា យល់​ថា ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវ​ដំឡើង​ប្រាក់​ខែរបស់គិលានុបដ្ឋាក ឬ​​បុគ្គលិក​ពេទ្យ​មាន​កា​រសិក្សា​ប្រហាក់​ប្រហែល​គ្នា​​​ យ៉ាង​ហោច​ឱ្យ​សមមាត្រ​ទៅ​នឹង​វិបត្តិ​អតិផរណា និង​គិត​គូរ​មើលលក្ខខណ្ឌ​ការងាររបស់​ក្រុម​គិលានុបដ្ឋាក​​ ឱ្យបាន​​ប្រសើរ​ឡើង​។ ត្រូវ​ទាក់​ទាញ​បេក្ខជន​ភេទ​ប្រុស​ឱ្យ​ចូល​មក​បម្រើ​ការងារ​ផ្នែក​គិលានុបដ្ឋាក​ដែល​៩០%​ជា​ស្ត្រី។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​អង្គការ​OCDEដើម្បី​លុប​បំបាត់​គំនិត​រើសអើង និង​ប្រកាន់​ភេទ​ ព្រមទាំង​ជំនឿ​ចាស់​គំរិល​ថា​គិលានុបដ្ឋាក​ជា​អាជីព​របស់​មនុស្សស្រី។ ការ​ទៅ​ជ្រើសរើស​គិលានុបដ្ឋាក​ពី​បរទេស​ មិនមែន​ជា​ដំណោះស្រាយ​ដ៏​ប្រពៃ​ឡើយ ព្រោះប្រទេស​ដើម​អាច​ជួប​​ហានិភ័យ​ខ្វះគិលានុបដ្ឋាក​​។ អង្គការ​បាន​រំលឹក​ថា​​សមត្ថភាព​នាំ​ចេញ​កម្លាំង​គិលានុបដ្ឋាក​របស់​ប្រទេស​នីមួយៗតែង​​មាន​កំរិត​។ ​ហ្វីលីពីន ​ឬឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​លើ​ពិភពលោក មិន​អាច​ផលិត​គិលានុបដ្ឋាក​ជា​អនន្តបាន​ទេ។ ដូច្នេះ​ត្រូវ​តែ​មាន​ច្បាប់​ជ្រើសរើស​អន្តរជាតិ​​ប្រកប​ដោយ​សមភាព​និង​សីលធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ