បោះឆ្នោតប្រធានាធិបតី៖ អតីតឧត្តមសេនីយ៍កំពុងក្លាយជាប្រមុខដឹកនាំថ្មីឥណ្ឌូណេស៊ី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១២
ថ្ងៃនេះ ពលរដ្ឋឥណ្ឌូណេស៊ីជិត២០៥លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង បោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំងថ្នាក់តំបន់និងមូលដ្ឋានចំនួន២ម៉ឺនរូប។ បេក្ខជនបីរូបបានឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីបន្តពីលោកចូកូ វីដូដូ ដែលមិនអាចឈរឈ្មោះជាលើកទីបី។ បើតាមលទ្ធផលប៉ាន់ស្មានបឋម បេក្ខជនប្រធានាធិបតីប្រាបូវូ ស៊ូប៊ីយានតូ ដែលមានជំហរបន្តនយោបាយរបស់លោកចូកូវី កំពុងនាំមុខ ជាមួយនឹងសំឡេងគាំទ្រប្រមាណ៥៥% សម្រាប់ការរាប់សន្លឹកឆ្នោត៦០%។
ថ្ងៃនេះ ពលរដ្ឋឥណ្ឌូណេស៊ីជិត២០៥លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានបេក្ខជនបីរូប ប្រកួតប្រជែងគ្នាផង និង ត្រូវបោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ ៥៨០អាសនៈ និងថ្នាក់តំបន់-មូលដ្ឋានចំនួន២ម៉ឺនរូប។
ជាសរុបឥណ្ឌូណេស៊ី មានការិយាល័យបោះឆ្នោតចំនួន ជាង៨០ម៉ឺនការិយាល័យ ដាក់ពង្រាយនៅទូទាំងប្រទេស ដែលជាប្រជុំកោះតូចធំចំនួនដល់ទៅ១៧០០០កោះ លាតសន្ធឹងពីកើតទៅលិច ប្រវែង ៤៨០០គីឡូម៉ែត្រ។
ប៉ាពូអាស៊ី នៅភាគខាងកើតបំផុតនៃប្រទេស បានចាប់ផ្តើមបោះឆ្នោតមុនគេ នៅវេលាម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ ដែលត្រូវជាម៉ោង ១០យប់ថ្ងៃអង្គារនៅឡើយបើគិតតាមម៉ោងសកល ហើយអ្នកកោះស៊ូម៉ាត្រាភាគខាងលិចបំផុតនៃប្រទេស ចាប់បោះឆ្នោតក្រោយគេ។
ជាងពាក់កណ្តាលនៃអ្នកបោះឆ្នោត ពោលគឺ១០៦លាននាក់ជាពលរដ្ឋវ័យក្មេង អាយុក្រោម៤០ឆ្នាំ។ នៅឥណ្ឌូណេស៊ី ពលរដ្ឋមានសិទ្ធិទៅបោះឆ្នោត តាំងពីអាយុ១៧ឆ្នាំទៅ ឬក្រោមនេះក៏បានបើពួកគេរៀបការរួច។ អ៊ីចឹងហើយបានជាបេក្ខជនប្រធានាធិបតី ឃោសនា ទាក់ទាញពលរដ្ឋស្រទាប់នេះខ្លាំងជាងគេ ព្រោះជាអ្នកប្រើប្រាស់ប្រព័ន្ធសង្គមដ៏ធំដែលងាយទទួលព័ត៌មានមិនពិតនិងក្លែងក្លាយផង។
តើបេក្ខជនប្រធានាធិបតីជានរណាខ្លះ?
នៅក្នុងការបោះឆ្នោតថ្ងៃនេះ ស្របតាមរដ្ឋធម្មនុញ្ញ លោក ចូកូ វីដូដូ ប្រធានាធិបតីផុតអាណត្តិមិនអាចឈរឈ្មោះបានទេ។ ឯបេក្ខជនបីរូបដែលឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូណេស៊ីនៅលើកនេះ គឺ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីបច្ចុប្បន្ន។ លោកមានប្រជាប្រិយភាពខ្ពស់ជាងគេ។ បន្ទាប់មកគឺលោកអានីស បាស្វេដាន អតីតអភិបាលក្រុងហ្សាការតា និង លោក ហ្កងចារ ប្រាណូវូ អតីតអភិបាលក្រុងJava។
លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ៧២ឆ្នាំ ជាអតីតឧត្តមសេនីយ៍-ជាកូនប្រសាររបស់អតីតមេដឹកនាំផ្តាច់ការឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះជាលើកទីបួនហើយដែលលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ មកឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី។ ធ្លាប់ចាញ់លោក ចូកូវីដូដូ ដល់ទៅពីរដងមែន តែលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ មានប្រជាប្រិយភាពខ្ពស់នៅក្នុងការបោះឆ្នោតលើកនេះ ដោយទំនងជាអាចឈ្នះ នៅជុំទីមួយតែម្តង។ នេះបើគេជឿលើការស្ទង់មតិចុងក្រោយមុនបោះឆ្នោត និងបើតាមវិទ្យាស្ថានស្ទង់មតិពីរដែលផ្អែកលើលទ្ធផលស្មាននៃការរាប់សន្លឹកឆ្នោត៦០%ដំបូង។
ប្រជាប្រិយភាព របស់លោកប្រាបូវូ ស៊ូប៊ីយានតូ ទំនងដោយសារជម្រើសបន្តមរតកនយោបាយ ពីលោកចូកូវីដូដូផង និងដោយសារជម្រើសយកលោកជីប្រង់រ៉ាកាប៊ូមីង រ៉ាកា ជាអនុប្រធានាធិបតីផង។ អាយុ៣៦ឆ្នាំ អភិបាលក្រុងស៊ូរ៉ាការតាដែលអាចឈរឈ្មោះជាអនុប្រធានាធិបតីរួមជាមួយលោកប្រាបូវូបានដោយសារសាលក្រមដ៏ចម្រូងចម្រាសរបស់តុលាការធម្មនុញ្ញ ត្រូវជាកូនប្រុសរបស់លោកចូកូវីដូដូ ដែលបន្តមានប្រជាប្រិយភាពដ៏ខ្ពស់ត្រដែត។ តាមច្បាប់បេក្ខជនឈរឈ្មោះប្រធានាធិបតីត្រូវមានអាយុយ៉ាងតិច៤០ឆ្នាំ និងអាយុក្មេងជាងនេះ បើធ្លាប់ជាប់ឆ្នោតជាតំណាងរាស្ត្រថ្នាក់តំបន់។
មាននិន្នការជាអ្នកអភិរក្ស និង ជាតិនិយម ការពារប្រយោជន៍សេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី តាមគំរូប្រធានាធិបតីផុតអាណត្តិ លោក ប្រាបូវូ ស៊ូប៊ីយានតូ រក្សាគោលនយោបាយការបរទេសអព្យាក្រិត្យតាំងពីដើមរៀងមករបស់ឥណ្ឌូណេស៊ី ដោយមានទំនាក់ទំនងល្អជាមួយគ្រប់មហាអំណាច ទើបធានាបាននូវផលប្រយោជន៍ជាតិ។ តែលោកប្រាបូវូ ធ្លាប់មានប្រវត្តិមិនល្អកាលនៅជាមេទាហាន ដោយធ្លាប់ជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅទីម័រខាងកើត។
រដ្ឋធានីថ្មី
ដូចជាបេក្ខជនបក្សប្រជាធិបតេយ្យតស៊ូឥណ្ឌូណេស៊ី លោកហ្កង់ចារ ប្រាណូវូ វ័យ៥៥ឆ្នាំ ដែលមានប្រជាប្រិយភាពធ្លាក់ចុះជាលំដាប់ លោក ប្រាបូវូ ស៊ូប៊ីយានតូ បានសន្យាដូចគ្នាថានឹងបន្តអភិវឌ្ឍក្រុងនុសានតារ៉ា អនាគតរដ្ឋធានីឥណ្ឌូណេស៊ីថ្មី។
ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីថ្ងៃនេះ ក៏ជាវិញ្ញាសាតេស្ត ឬអាចចាត់ទុកជាប្រជាមតិសម្រេចរឿងលើករដ្ឋធានីហ្សាការតា ទៅនុសានតារ៉ានៃកោះបរនេអូដេរ។ រដ្ឋធានី នុសានតារ៉ា នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី១៧សីហា ថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌូណេស៊ី។ ប្រសិនបើលោកប្រាបូវូ ជាប់ឆ្នោតជាប្រធានាធិបតីអ្វីនឹងដំណើរការអភិវឌ្ឍដូចការគ្រោងទុក តែបើលោក អានីស បាស្វេដាន ជាប់ឆ្នោតវិញ លោកបានប្រកាសថា លោកនឹងបន្តដឹកនាំប្រទេសពីហ្សាការតា មិនមែនពីក្រុងនុសានតារ៉ាទេ ហើយលោកផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាឱ្យក្រុងហ្សាការតា ឱ្យតំបន់ដែលអាចលិចទឹកនៅឆ្នាំ២០៥០។
មានអាយុ៥៤ឆ្នាំ កើតនៅភាគខាងលិចកោះJava ក្នុងគ្រួសារបញ្ញាវន្ត លោក អានីស បាស្វេដាន ធ្លាប់បានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកនិងជប៉ុន ខាងផ្នែកវិទ្យាសាស្ត្រនយោបាយ។ មានកូនបួននាក់ លោកបានក្លាយជាសកលវិទ្យាធិការក្រុងហ្សាការតា នៅឆ្នាំ២០០៧ និងចូលប្រលូកក្នុងឆាកនយោបាយចាប់ពីឆ្នាំ២០១៣ប៉ុណ្ណោះ ក្នុងនាមជាអ្នកនាំពាក្យក្រុមយុទ្ធនាការឃោសនារបស់លោកចូកូវីដូដូនៅឆ្នាំ២០១៤។
អតីតសកលវិទ្យាធិការ អតីតរដ្ឋមន្ត្រីក្រសួងអប់រំនិងវប្បធម៌របស់រដ្ឋាភិបាលទីមួយរបស់លោកចូកូវីដូដូ មុននឹងក្លាយជាអភិបាលក្រុងហ្សាការតានៅឆ្នាំ២០១៧ លោក អានីស បាស្វេដាន ប្រឆាំងនឹងគម្រោងបង្កើតរដ្ឋធានីថ្មីរបស់ប្រធានាធិបតីផុតអាណត្តិ។ លោកសង្ឃឹមថា យុទ្ធសាស្ត្រនិងជំហរនយោបាយជាបក្សប្រឆាំងដ៏ចម្បងរបស់រដ្ឋាភិបាលផុតអាណត្តិ នឹងរុញច្រានលោកឱ្យបានឡើងទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីពីរ ប្រឈមនឹងលោក ប្រាបូវូ ស៊ូប៊ីយានតូ នៅខែមិថុនា។ ប្រជាប្រិយភាពរបស់លោកបានស្ទុះឡើងខ្លាំង និងឡើងជាលំដាប់ ក្រោយការតស៊ូមតិបីដងតាមកញ្ចក់ទូរទស្សន៍ ដែលបង្ហាញថាលោកមានថ្វីមាត់ល្អពូកែនិយាយ។
លោក អានីស បាស្វេដាន ក៏មានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់អ្នកអ៊ីស្លាមអភិរក្ស តែធ្លាប់រងការចោទប្រកាន់ ក្នុងពេលឃោសនាថាបានបំផុសបំផុលឱ្យមានការបែងចែងរវាងសហគមន៍សាសនា ដោយទាក់ទាញឆ្នោតពីក្រុមអ៊ីស្លាមនិយម រាប់ទាំងអ៊ីស្លាមជ្រុលនិយមផង ដើម្បីឈ្នះគូប្រជែងគ្រិស្តសាសនា។
បើតាមអ្នកវិភាគ លោកអានីស ជាបេក្ខជននៃការប្តូរផ្លាស់មកធ្វើជាស្នូលនៃគ្រប់សុន្ទរកថា លោកប្រាបូវូ ការបន្តនយោបាយរបស់រដ្ឋាភិបាលមុន ឯបេក្ខជនហ្កង់ចារ មិនច្បាស់លាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ