២ឆ្នាំនៃសង្រ្គាម អ៊ុយក្រែនស្ថិតក្នុងស្ថានភាពទប់ទល់លើសមរភូមិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១១
ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់២ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្គ្រាមបានឈានចូលដល់ឆ្នាំទីបី តែអ៊ុយក្រែនហាក់ចុះទន់ដៃ។ ក្នុងខណៈដែលជំនួយយោធារបស់ក្រុមសម្ព័ន្ធមិត្តហូរចូលអ៊ុយក្រែនយ៉ាងយឺតយ៉ាវ យោធារុស្ស៊ី កំពុងស្ទុះឡើងកម្លាំង។ ប៉ុន្តែសាមគ្គីភាពមិនចុះថយទេ នៅថ្ងៃទី២៤កុម្ភៈ២០២៤នេះ ប្រមុខដឹកនាំជាច្រើនបានធ្វើដំណើរទៅក្រុងកៀវ ហើយហ្សេ៧បានបើកជំនួបកំពូលស្តីពីអ៊ុយក្រែន ដោយគ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។
នៅថ្ងៃទី ២៤កុម្ភៈ២០២២ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានរំពឹងថា ប្រត្តិបត្តិការយោធារុស្ស៊ី នឹងដណ្តើមយកក្រុងកៀវបានដោយប្រើពេលតែពីរបីថ្ងៃ តែកម្លាំងតស៊ូរបស់អ៊ុយក្រែនបានជំរុញឱ្យរុស្ស៊ីចាញ់ដកខ្លួនចេញទៅវិញ ហើយសង្គ្រាមក៏បានអូសបន្លាយ តាំងពីពេលនោះមក និងមានរយៈពេលពីរឆ្នាំពេញ នៅថ្ងៃទី ២៤កុម្ភៈ២០២៤នេះ។ ក្នុងថ្ងៃខួបពីរឆ្នាំនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសថា អ៊ុយក្រែននឹងយកឈ្នះសង្គ្រាមបាន។
រុស្ស៊ីកំពុងមានប្រៀបលើអ៊ុយក្រែននៅសមរភូមិ
ប៉ុន្តែ ក្នុងអំឡុងពេលពេញមួយឆ្នាំ២០២៣កន្លងទៅ កងទ័ពអ៊ុយក្រែន មិនបានសម្រេចផែនការប្រយុទ្ធរបស់ខ្លួនទេ។ គម្រោងវាយបកយកទឹកដីវិញកាលពីរដូវក្តៅមិនបានសម្រេចដូចបំណងឡើយ។ កងទ័ពរុស្ស៊ីស្រាប់តែមានសន្ទុះឡើងវិញ និងមានប្រៀបខ្លាំង។ ឯកងទ័ពអ៊ុយក្រែនធ្លាក់ដៃ បានថ្ងូរថ្ងូរអំពីភាពទន់ខ្សោយរបស់ខ្លួន ព្រោះខ្វះកម្លាំងទាហានមកប្តូរសាងនៅលើសមរភូមិ ហើយត្រូវប្រឈមនឹងការខ្វះខាតគ្រាប់និងសម្ភារៈជាខែលការពារដែនអាកាសទៀត។ ទីតាំងយុទ្ធសាស្ត្រខ្លះ នៅភាគខាងកើតនៃប្រទេស ត្រូវបានរុស្ស៊ីដណ្តើមយកវិញផង។
សារសាមគ្គីភាពនិងជំនួយ
ស្ថានភាពនៅសមរភូមិប្រយុទ្ធលំបាកខ្លាំងមែន។ នេះជាប្រសាសន៍របស់លោកប្រមុខអង្គការអូតង់ ដោយអះអាងថា ប្រធានាធិបតីរុស្ស៊ី នៅតែចង់គ្រប់គ្រងអ៊ុយក្រែន ហើយគ្មានបញ្ចេញសញ្ញារកសន្តិភាពឡើយ ប៉ុន្តែសូមកុំអស់សង្ឃឹម។
អំពើអាក្រក់មិនអាចឈ្នះបានទេ ! នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានប្រកាសនៅថ្ងៃម្សិលមិញ ថាអង់គ្លេស នៅក្បែរនិងគាំទ្រអ៊ុយក្រែនជានិច្ចនិងជារៀងរហូតទៅ។ លោកថែមទាំងបានប្រកាសផ្តល់ជំនួយ២៨៧លានអឺរ៉ូ សម្រាប់យកទៅផលិតគ្រាប់កាំភ្លើង ដែលអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់ផង និងបង្កើនស្តុកផង ព្រមទាំងជំនួយជិត១០លានអឺរ៉ូទៀត សម្រាប់ផ្នែកមនុស្សធម៌។ អង់គ្លេសជាម្ចាស់ជំនួយដ៏ចម្បងមួយសម្រាប់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក សង្ឃឹមថាជំនួយបន្ថែមទាំងនេះ នឹងនាំជោគជ័យ និងសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ។
ហ្សេ៧បន្ថែមទណ្ឌកម្មលើរុស្ស៊ី
នាយករដ្ឋមន្ត្រីកាណាដា លោកស្រីប្រមុខដឹកនាំសហភាពអឺរ៉ុប បានអញ្ជើញទៅដល់ក្រុងកៀវនៅថ្ងៃសៅរ៍នេះ និងបានអបអរស្វាគមន៍ភាពតស៊ូស្វិតស្វាញរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ដោយបញ្ជាក់ថា អឺរ៉ុប គាំទ្រអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច យោធា និងផ្លូវចិត្តរហូតទល់តែប្រទេសអ៊ុយក្រែនបានទទួលសេរីភាពពេញលេញ។
នាយករដ្ឋមន្ត្រីអ៊ីតាលីដែលជាប្រធានផ្លាស់វេនក្រុមប្រទេសហ្សេ៧ ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចដោយឥតព្រៀងទុកនៅទីក្រុងកៀវដែរ។ លោកស្រី ចចារ មេឡូនី នឹងដឹកនាំជំនួបកំពូលហ្សេ៧ស្តីពីអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃសៅរ៍ទី ២៤កុម្ភៈនេះ។ ជំនួបរយៈពេលមួយកន្លះ នឹងបញ្ចប់ទៅដោយមានចេញសេចក្តីថ្លែងការណ៍រួមជាមួយអ៊ុយក្រែនផង។ បើតាមគម្រោង ហ្សេ៧ គ្រោងដាក់ទណ្ឌកម្មបន្ថែមដើម្បីរឹតបន្តឹងសេដ្ឋកិច្ចរុស្ស៊ី។
ដោយឡែកក្នុងក្របខ័ណ្ឌទ្វេភាគី អ៊ីតាលីក៏នឹងចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែនដែរ ដូចអ្វីដែលក្រុមហ្សេ៧បានសម្រេចកាលពីខែកក្កដា២០២៣។ បន្ទាប់ពីអង់គ្លេសកាលពីខែមករា បារាំងអាល្លឺម៉ង់និង២៥ប្រទេសផ្សេងទៀត ដូចយ៉ាងប៉ូឡូញ បានសម្របតាមគំនិតផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន។ កិច្ចព្រមព្រៀងសន្តិសុខនេះ នឹងជួយដល់អ៊ុយក្រែននូវសម្ភារៈបរិក្ខារយោធា ប្រតិបត្តិការ និងការបំពាក់បំប៉នយុទ្ធជនអ៊ុយក្រែន ព្រមទាំងពង្រឹងឧស្សាហកម្មការពារជាតិអ៊ុយក្រែនទៀត។
ចំណែកអាមេរិក ថ្វីបើមិនទាន់អាចទម្លាយកញ្ចប់ជំនួយយោធានៅសភាបានមែន តែបានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី។ ជាទណ្ឌកម្មដៅលើក្រុមហ៊ុនដឹកជញ្ជូនប្រេង ចំនួន១៤ ដែលរុស្ស៊ីតែងប្រើសម្រាប់ពង្វាងទណ្ឌកម្ម និងប្រើសម្រាប់នាំចេញប្រេងចេញឱ្យបានច្រើនលើសកូតាកំណត់របស់លោកខាងលិច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ