អឺរ៉ុបបើកជំនួបកំពូលស្តីពីជំនួយសម្រាប់អ៊ុយក្រែន ក្រោមសម្ពាធនិងកំហឹងកសិករ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៨
នៅថ្ងៃព្រហស្បតិ៍ទី១កុម្ភៈ២០២៤នេះ សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសបានមកជួបជុំគ្នាបើកជំនួបកំពូលវិសាមញ្ញ ដើម្បីជជែកអំពីបញ្ហាថវិកានិងអនុម័តជំនួយ៥០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ ជំនួបប្រជុំត្រូវរកវិធីជំនះចិត្តហុងគ្រីឱ្យបាន ហើយត្រូវពន្លត់កំហឹងកសិករអឺរ៉ុបទៀត។ កសិករនិងត្រាក់ទ័ររាប់ពាន់គ្រឿងបាននាំគ្នាទៅដល់មុខសហភាពអឺរ៉ុបនាទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក។ ហេតុអ្វីហុងគ្រីជំទាស់នឹងការផ្តល់ជំនួយដល់អ៊ុយក្រែន ? ហើយហេតុអ្វីបានជាកសិករអឺរ៉ុបផ្ទុះកំហឹងរាលដាលខ្លាំងដូច្នេះ?
ជំនួបកំពូលវិសាមញ្ញអឺរ៉ុបថ្ងៃនេះ ជាជំនួបផ្តាច់ព័ត្រដែលគេសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលហុងគ្រីបាន និងបង្ហាញសាមគ្គីភាពជាធ្លុងមួយរបស់អឺរ៉ុប ក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែន។
តាំងពីផ្ទុះសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនមក អឺរ៉ុបបានផ្តល់ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់ដល់អ៊ុយក្រែន តែក្នុងទម្រង់ជាការព្រមព្រៀងអន្តររដ្ឋាភិបាលដែលតម្រូវឱ្យមានការយល់ព្រមពីជាតិនីមួយៗជារៀងរាល់ឆ្នាំ។ ជាបែបបទដ៏ស្មុគស្មាញ ទើបអឺរ៉ុបចង់បង្កើតកញ្ចប់ថវិកាតែមួយរួមគ្នាសម្រាប់អ៊ុយក្រែន និងដើម្បីឱ្យអ៊ុយក្រែនអាចព្យាករហិរញ្ញវត្ថុបានស្រួលបន្តិច។
កញ្ចប់គម្រោងជំនួយថវិកានេះមានតម្លៃ ៥០ពាន់លានអឺរ៉ូ ៖ ៣៣ពាន់លានជាប្រាក់កម្ចីការថោក និង១៧ពាន់លានជាប្រាក់ឧបត្ថម្ភ ក្នុងក្របខ័ណ្ឌថវិកាអឺរ៉ុបពីឆ្នាំ២០២៤-២០២៧។ ដើម្បីអនុម័តគម្រោងថវិកានេះបាន សហភាពអឺរ៉ុបត្រូវការការព្រមព្រៀងពីសមាជិកទាំង២៧ប្រទេស។
ប៉ុន្តែ ហុងគ្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អ័របាន ជាប្រមុខដឹកនាំប្រទេសបែបប្រជាភិថុតតែម្នាក់គត់ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប ដែលនៅបន្តមានទំនាក់ទំនងជិតដិតជាមួយនឹងរុស្ស៊ី បានប្រកាសជំហរជំទាស់ ដោយទាមទារសុំ សើរើមើលគម្រោងជំនួយអ៊ុយក្រែនជារៀងរាល់ឆ្នាំ តាមរយៈការអនុម័តជាឯកច្ឆ័ន្ទ។
ជំនួយសហភាពអឺរ៉ុបដោយគ្មានហុងគ្រី?
ប៉ុន្តែអឺរ៉ុបមិនចង់ផ្តល់ឱកាសឱ្យហុងគ្រីមានសិទ្ធិប្រឆាំងវេតូសម្រាប់ជាធ្នាក់ទាមទារការដោះដូរអ្វីមួយឡើយ ទើបចង់លួងលោមនិងបញ្ចុះបញ្ចូលរកផ្លូវកណ្តាលមួយដែលទទួលយកបានទាំងអស់គ្នា។ សហភាពអឺរ៉ុបព្រមរៀបចំការតស៊ូមតិថ្នាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល ជុំវិញបញ្ហាថវិកាជំនួយនេះ ជារៀងរាល់ឆ្នាំ តែដោយគ្មានលទ្ធភាពប្រឆាំងទេ។
នេះជាការបន្ទន់ឥរិយាបថបន្តិចរបស់អឺរ៉ុបចំពោះហុងគ្រីហើយ។ ហើយនៅទីបំផុតហុងគ្រីក៏យល់ព្រម។ អឺរ៉ុប២៧ប្រទេសបានសម្រេចព្រមព្រៀងគ្នាបើកកញ្ចប់ថវិកាជំនួយដល់អ៊ុយក្រែនក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប។ នេះបើតាមសារប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។
បាតុកម្មកសិករបង្វែររបៀបវារៈនៃជំនួបសហភាពអឺរ៉ុប?
ផ្តើមនៅប្រទេសអាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ ឥលូវរាលដាលដល់វេនកសិករបារាំងនិងប៊ែលហ្ស៊ិក ព្រមទាំងអ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ... សន្ទុះបាតុកម្មរបស់ប្រជាកសិករអឺរ៉ុប កាន់តែខ្លាំងក្លាឡើងៗ។ នៅបារាំង បាតុករកសិករបានរំកិលមកកាន់តែកៀកក្រុងប៉ារីស និងបានចូលដល់ទីផ្សារបោះដុំ Rungis។ កសិករបារាំង ប៊ែលហ្សិកបាននាំគ្នាបិទខ្ទប់ច្រកផ្លូវនៅតាមព្រំដែនប្រទេសទាំងពីរ តាំងពីព្រលប់ ដើម្បីបរិហារកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរី និងទាមទារឱ្យរដ្ឋាភិបាលសន្យាចាត់វិធានការ ធំនិងច្បាស់លាស់។ នៅព្រុចសែល រដ្ឋធានីអឺរ៉ុប កសិករ ជាមួយត្រាក់ទ័រប្រមាណ១ពាន់គ្រឿងបានចូលទៅបិទខ្ទប់ច្រកចូលទៅកាន់ទីមានជំនួបកំពូលសហភាពអឺរ៉ុប។
កសិករអឺរ៉ុបផ្ទុះកំហឹងទាមទារឱ្យសហភាពអឺរ៉ុបផ្តល់តម្លៃដល់ការងាររបស់ពួកគេ។ ពួកគេត្អូញត្អែរអំពីការលំបាក ផ្នែករដ្ឋបាលផង ចំណូលតិចផង វិបត្តិប្រេងឡើងថ្លៃផង បទដ្ឋានបរិស្ថានកាន់តែច្រើន និងតឹងតែងឡើងៗផង តែត្រូវប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស ដែលគ្មានគុណភាពឆ្លើយតបនឹងបទដ្ឋានអឺរ៉ុបមានជាអាទិ៍ការលើកលែងចំពោះផលិតផលនាំចូលពីអ៊ុយក្រែន ដើម្បីជួយប្រទេសដែលរងការឈ្លានពានពីរុស្ស៊ី។
ដើម្បីបន្ធូរកំហឹងបាតុកម្មនេះ រដ្ឋាភិបាលនីមួយៗបានសាកល្បងដោះស្រាយ និងប្រកាសប្តេជ្ញាជួយប្រជាកសិករ។ ប៉ុន្តែ ជំនួយ វិធានការថ្មីៗសម្រាប់កសិករ ដែលជាការសន្យារបស់រដ្ឋាភិបាលបារាំង ក៏ដូចជាការធ្វើសម្បទានរបស់គណៈកម្មការអឺរ៉ុប ព្រមកំរិតការទិញនិងនាំចូលផលិតផលអ៊ុយក្រែន មិនបានធ្វើឱ្យពួកគេស្ងប់ចិត្ត ស្រាកកំហឹងទេ។ ចំណាត់ការរបស់អាជ្ញាធរធ្លាក់មកយឺតពេលបន្តិចទៅហើយ ហើយវិធានការប្រយុទ្ធប្រឆាំងនឹងការនាំចូល មិនគ្រប់គ្រាន់ទេសម្រាប់ការពារប្រជាកសិករអឺរ៉ុប។ ម្យ៉ាងវិញទៀត ពេលនេះសហភាពអឺរ៉ុបកំពុងតែចរចាស្វែងរកកិច្ចព្រមព្រៀងផ្តោះប្តូរសេរី ជាមួយបណ្តាប្រទេសកសិកម្មធំៗដូចជា ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ ប៉ារ៉ាហ្កាយ។ គម្រោងកិច្ចព្រមព្រៀងនេះជាក្តីព្រួយបារម្ភខ្លាំងណាស់ សម្រាប់ប្រជាកសិករអឺរ៉ុប និងដែលបារាំងមិនចង់ឃើញវាកើតចេញជារូបរាងទេ។
ដូច្នេះចង់ឬមិនចង់ និងទោះជាមិនផ្លូវការ ក៏ជំនួបកំពូលអឺរ៉ុបថ្ងៃនេះ ត្រូវតែវិលនៅជុំវិញបញ្ហាការពារប្រយោជន៍ប្រជាកសិករអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ