អានតួអត្ថបទ

​បែលហ្ស៊ិក​រងការ​វាយប្រហារ​ភេរវកម្មអត្តឃាត​នៅ​ស្ថានីយរថភ្លើង​និង​អាកាសយានដ្ឋាន

នៅ​ព្រលឹម​​ថ្ងៃ​អង្គារ​ទី ២២​ មីនានេះ ព្រលានយន្តហោះ និង​ស្ថានីយ​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​បាន​ទទួល​រងការវាយប្រហារ​ភេរវកម្ម​អត្តឃាត ស្ទើរ​ទន្ទឹម​ពេល​គ្នា​។ តុល្យការ​បណ្តោះ​អាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​ស្លាប់យ៉ាងតិច ២៨នាក់ ព្រម​ទាំង​​មាន​អ្នក​រងរបួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ខណៈ​នេះ ​គេ​នៅ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​នៅ​ឡើយ​ទេ។ 

កញ្ចក់​នៅ​អាកាសយានដ្ឋាន​Bruxelles-Zaventem បែក​ក្រោយ​ការ​បំផ្ទុះ​ភេរវកម្ម​នៅវេលា​ម៉ោង​ប្រមាណ ៨​ព្រឹក ថ្ងៃទី ២២​មីនា ២០១៦
កញ្ចក់​នៅ​អាកាសយានដ្ឋាន​Bruxelles-Zaventem បែក​ក្រោយ​ការ​បំផ្ទុះ​ភេរវកម្ម​នៅវេលា​ម៉ោង​ប្រមាណ ៨​ព្រឹក ថ្ងៃទី ២២​មីនា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង​ប្រមាណ ៨ព្រឹក មាន​ស្នូរ​ផ្ទុះ​ពីរ​​​បាន​កើត​ឡើង នៅ​អាកាសយានដ្ឋាន​អន្តរជាតិក្រុង​ព្រុចសែល ត្រង់​ច្រក​ចេញ​ដំណើរ ដែល​មាន​អ្នក​ដំណើរ​រង់ចាំ​ចុះ​ឈ្មោះ​ឡើង​យន្តហោះ​ Americain airlines ទៅ​អាមេរិក។ បើ​តាម​សំដី​សាក្សី មាន​សម្រែក​ជា​ភាសា​អារ៉ាប់ មុន​ស្នូរ​ផ្ទុះ​បាន​លាន់​ឡើង ដែល​ទំនង​ជា​សំឡេង​របស់​​អត្តឃាតជន និង​ដែល​បន្ត​ដោយ​ការ​បាញ់​រះ​គ្នា​មួយ​ប្រាវ​ទៀត។ ភាព​ស្លន់​ស្លោ​បាន​កើត​មាន​ពេញ​ផ្ទៃ​​ព្រលាន​យន្តហោះ ដែល​មាន​ផ្សែង​ខ្មៅ​ខ្មួល​ខ្ញាញ់ ពិដាន​បាក់​រលំ​ អ្នក​ដំណើរ​រត់​ប្រសេចប្រសាច​បោះបង់​ចោល​អីវ៉ាន់​យក​ប្រាស​អាយុ។

រំលង​មិន​ដល់​មួយ​ម៉ោង​ក្រោយ​ នៅ​ចម្ងាយ​ប្រមាណ​១១​គីឡូម៉ែត្រ​ពី​គ្នា ពោល​គឺ​នៅកណ្តាល​ក្រុង​ព្រុចសែល​តែម្តង ស្រាប់​តែ​មាន​ការ​បំផ្ទុះ​មួយ​ទៀត នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដីត្រង់​សង្កាត់​សហភាព​អឺរ៉ុប ចំងាយ​តែ​ប្រមាណ​៣០០ម៉ែត្រ ពី​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប។ ក្រុម​អ្នក​សង្គ្រោះ បាន​លើក​ឡើង​អំពី​ចំនួន​ជន​បាត់​បង់​ជីវិត​ជា​ច្រើន​នាក់។

 
ប្រឈម​មុខ​នឹងស្ថានភាព​បែប​នេះ បែលហ្ស៊ិក​បាន​ប្រកាស​អាសន្ន​ខ្ពស់​បំផុត​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​​ខ្លាំង​ ព្រោះការ​គំរាម​កំហែង​នៅ​មិនទាន់​ចង់​ទេ។ ​គ្រប់​ជើង​យន្តហោះ​ហើរ​អន្តរជាតិ​ ត្រូវ​បង្វែរ​ទៅ​ចុះ​ចត​នៅ​ក្រុង​ប៉ារីស​។ មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ត្រូវ​​ផ្អាក​។ អាជ្ញាធរ​បាន​ណែនាំ​ពលរដ្ឋ​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ។ ទាហាន​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្រុង​ព្រុចសែល។

ស្ថានីយរថភ្លើង​ក្រោមដី Maelbeek ក្រោយ​បំផ្ទុះ​ភេរវកម្ម​អត្តឃាត
ស្ថានីយរថភ្លើង​ក្រោមដី Maelbeek ក្រោយ​បំផ្ទុះ​ភេរវកម្ម​អត្តឃាត AFP

ភេរវកម្ម​ចំបេះដូង​ អឺរ៉ុបពង្រឹង​សន្តិសុខ

វាយប្រហារ​ភេរវកម្ម​ប្រឆាំង​ក្រុង​ព្រុចសែល គឺ​ដូច​ជា​ប្រឆាំង​នឹង​អឺរ៉ុប​ ! ប្រឆាំងនឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។ ប្រតិកម្ម​សាមគ្គីភាព​ចំពោះ​បែលហ្ស៊ិក​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ! ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ប្រកាស​ថ្កោល​ទោស​ភា្លម ចំណែក​ក្រុង​បែរឡាំង បាន​ចាត់​ទុក​ថ្ងៃអង្គារ​នេះ​ថ្ងៃ​អប្រិយ​សម្រាប់​អឺរ៉ុប។

គ្រប់​ប្រទេស​ជា​សមាជិក​អឺរ៉ុប បាន​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​រឹត​បន្តឹង​សន្តិសុខ​ក្នុង​ផ្ទៃ​ប្រទេស ជាពិសេស​នៅ​តាម​ព្រំដែន ជាក់​ស្តែង​នៅ​ប្រទស​បារាំង​ដែល​ធ្លាប់​រង​គ្រោះ​ធ្ងន់ធ្ងរ ភ្លាម​មួយ​រំពេច ​ បាន​ចេញ​វិធានការ​ភ្លាម​ដែរ​ បញ្ចេញ​បន្ថែម​កម្លាំង​ប៉ូលិសនគរបាល​ ចំនួន ១៦០០​នាក់ ដើម្បី​ពង្រឹង​សន្តិសុខ​ នៅ​តាម​ទីសាធារណៈ​ ជាពិសេស​នៅ​តាម​ស្ថានីយ​ និង​​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ ឡាន​ក្រុង​ រថភ្លើង​ក្រោមដី កំពង់ផែ អាកាសយានដ្ឋាន ...

ភេរវកម្ម​ព្រុចសែលនិង​ប៉ារីស មាន​ពាក់ព័ន្ធគ្នា?

ភេរវកម្ម​នៅ​ក្រុង​ព្រុចសែល​នេះ កើត​ឡើង​​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ ការ​ចាប់​ខ្លួន​ សាឡា អាប់ដេស្លាម ជន​​ដៃដល់ម្នាក់​ដែល​បង្ក​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស កាលពីថ្ងៃទី ១៣​វិច្ឆិកា​២០១៥។ តាម​រយៈ​ចម្លើយ​បឋម សាឡាអាប់ដេស្លាម បាន​បញ្ជាក់​ថា​មាន​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ព្រុចសែល​ទៀត ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស។

​បើ​តាម​គ្រប់​អ្នក​វិភាគ ភេរវកម្មនេះ​គឺអាច​​ជា​ការ​សង​សឹក​ នឹង​ការ​ចាប់​ខ្លួន សាឡាអាប់ដេស្លាម ពី​សំណាក់​ពួក​ជីហាត​ដែល​មិនទាន់​ចាប់​ខ្លួន​បាន ឬ ក៏​ពី​សំណាក់​បណ្តាញ​ក្រុម​ផ្សេង។ តើ​​ជា​​​​ផែនការ​​បរាជ័យ ឬក៏​បាន​សម្រេច​នៅ​ថ្ងៃ​នេះ ជា​គម្រោង​តែ​មួយ ជា​គម្រោង​ដាច់​ដោយ​ឡែក ឬ​ជាស្នាដៃ​របស់​ក្រុម​ជំនិត​នឹង​អាប់ដេស្លាម ឬ​ជា​ក្រុមភេរវជន​ផ្សេង ?  នេះសំណួរ​ដែល​ពុំ​​​ទាន់​អាច​កំណត់​ចម្លើយ​បាននៅ​​ឡើយ ក្នុង​ដំណាក់កាលនេះ។

​ប៉ុន្តែ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ អាជ្ញាធរ​បែលហ្សិក​ បាន​​ប្រកាស​ស្វែង​រក​សាក្សី ស្វែង​រក​ព័ត៌មាន​និង​ដំណឹង​ដែល​ទាក់ទង​ទៅ​ជន​ផ្សំគំនិត​នឹង​សាឡាអាប់ដេស្លាម​ពីរ​នាក់​ ថា​ជាមនុស្ស​ដែល គ្រោះ​ថ្នាក់​បំផុត​សម្រាប់​អឺរ៉ុប និង​ដែល​អាច​បញ្ចេញ​សកម្មភាព​បាន​គ្រប់ពេល​វេលា។ ប៉ូលិស​បែលហ្ស៊ិក ​កំណត់​​​​​អត្តសញ្ញាណ​​បាន​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ស៊ូហ្វីយ៉ាន កាយាល់ (Soufiane Kayal) តែ​ឈ្មោះ​ពិត​គឺ​ ណាជីម ឡាឆ្រាវី (Najim Laachraoui) អាយុ​២៤​ឆ្នាំ​ និង​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ស៊ីរី នៅ​ឆ្នាំ​២០១៣។

ជន​នេះ​ធ្លាប់​បាន​ផ្តល់​ជំរក​ឱ្យ​សាឡាអាប់ដេស្លាម យ៉ាង​ហោច​បី​អាទិត្យ​ពេល​រត់​ពី​ប៉ូលិស​រយៈ​ពេល​បួន​ខែ និង​ទំនង​ជា​មេចាត់​ចែង បញ្ជា​លើ​ភេរវកម្ម​នៅ​ប៉ារីសផង ព្រោះ​គេ​ឃើញ​មាន​ស្នាម​ក្រយៅ​ដៃ​នៅ​លើ​ស្ទើរ​គ្រប់​ខ្សែក្រវ៉ាត់​គ្រាប់​បែក​​របស់​ភេរវជន​អត្តឃាត​ផ្សេងៗ។ លេខ​ទូរស័ព្ទប្លែក​មួយ​​ហៅ​មក​ពី​បែលហ្សិក​ ក្នុង​ថ្ងៃភេរវកម្ម​​នៅ​ប៉ារីស ១៣​វិច្ឆិកា មក​កាន់​កង​កម្មង់ដូ​ភេរវកម្ម​ដ៏​ទំនង​ជា​របស់​ ណាជីប ឡាឆ្រាវី​នេះ​ឯង។
ការ​ស្វែង​រក​ដាន និង​ចាប់​ពួក​ភេរវជន​នេះ​ ជួប​ការ​លំបាក​ខ្លាំង ក៏​ព្រោះ​តែ​ពួក​នេះ​បើ​ឈ្មោះ​ពីរ​បី និង​ប្រើ​ឯកសារ​ក្លែងក្លាយគ្រប់​ប្រភេទ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ