នីគី ហាឡេ៖ អាមេរិកត្រៀមខ្លួនដើម្បីវាយប្រហារស៊ីរីជាថ្មី បើសិនចាំបាច់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១២
ឯកអគ្គរដ្ឋទូត អាមេរិក និងរុស្ស៊ី នៅថ្ងៃសុក្រទី ៧ មេសា បានដំឡើងសំឡេងដាក់គ្នា ខ្លាំងៗ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្រាប់អ្នកតំណាងរុស្ស៊ី ដោយសម្រេចឯកតោភាគី វាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី អាមេរិកបានរំលោភដែនអធិបតេយ្យភាពរបស់ស៊ីរី។ លោកស្រី នីគី ហាឡេ ឯកអគ្គរដ្ឋទូតអាមេរិក នៅអង្គការសហប្រជាជាតិបានចេញមុខការពារប្រតិបត្តិការយោធារបស់អាមេរិក និងថា អាមេរិកត្រៀមខ្លួន វាយប្រហារជាថ្មី ទៅលើកងទ័ពស៊ីរីបើសិនជាចាំបាច់។
រុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី និងដែលកំពុងធ្វើប្រតិបត្តិការយោធា នៅ ក្នុងទឹកដីស៊ីរី បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់ នៅថ្ងៃសុក្រ ទី ៧មេសា ក្នុងគោលដៅ ចោទប្រកាន់ ដាក់កំហុសលើប្រតិបត្តិការយោធារបស់អាមេរិក។ ប៉ុន្តែ លោកស្រី នីគី ហាឡេ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ មិនត្រឹមតែឡើងការពារជំហររបស់រដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែ នៅបានព្រមានថា អាមេរិកត្រៀមខ្លួន ដើម្បី វាយប្រហារស៊ីរី ជាថ្មី បើសិនចាំបាច់។
នៅថ្ងៃព្រហស្បតិ៍ ទៅតាមបញ្ជារបស់លោក ប្រធានាធិបតីដូណាល់ត្រាំ កងទ័ពអាមេរិកបានបាញ់មីស៊ីល ចំនួន ៥៩គ្រាប់ ទៅលើមូលដ្ឋាន ទ័ពអាកាសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹងរបបស៊ីរី ដែលបានទម្លាក់គ្រាប់បែកគីមី សម្លាប់ប្រជាជនស៊ីវិលស៊ីរី ៨៦នាក់ ដែលនៅក្នុងនោះ ២៧នាក់ ជាកុមារ។
សម្មតិកម្មជាច្រើនបង្ហាញថា ប្រតិបត្តិការយោធារបស់អាមេរិក ដែលបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាកាស នៅថ្ងៃព្រហស្បតិ៍ គឺគ្រាន់តែការព្រមាន ដែលមានលក្ខណៈនយោបាយ ច្រើនជាងយុទ្ធសាស្រ្តយោធា យូរអង្វែងនៅស៊ីរី។
ទី១ ការខូចខាតនៅមូលដ្ឋានទ័ពអាកាសស៊ីរី ដោយសារការវាយប្រហាររបស់អាមេរិកមិនសូវធ្ងន់ធ្ងរ។ តាមកងទ័ពរុស្ស៊ី ក្នុងចំណោមគ្រាប់មីស៊ីល៥៩គ្រាប់របស់អាមេរិកដែលបាញ់សំដៅមូលដ្ឋានទ័ពអាកាសស៊ីរី មានជាងពាក់កណ្តាលជាគ្រាប់ស្អុយ មិនផ្ទុះ។ អង្គការតាមដានសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅទីក្រុងឡុងដ៍ បាននិយាយនៅថ្ងៃសៅរ៍នេះដែរថា យន្តហោះចម្បាំងស៊ីរី នៅតែអាចហោះចេញ ពីព្រលានយន្តហោះ ដែលទើបរងការវាយប្រហាររបស់អាមេរិក ដើម្បីទៅទម្លាក់គ្រាប់លើជំរំពួកឧទ្ទាមនៅទីក្រុងអ៊ីដលីប។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោករេច ធីល័រសុនវិញបានអះអាងថា អាមេរិក ដោយពិតទៅ បានជៀសវាង មិនបាញ់កម្ទេចពីស ចុះចត និងហោះឡើងរបស់យន្តហោះចម្បាំងស៊ីរី។ ប៉ុន្តែ លោកមិនបានលម្អិតពីហេតុផលដែលធ្វើឲ្យអាមេរិកធ្វើដូច្នេះនោះទេ។
សម្រាប់អ្នកវិភាគជាច្រើន ការវាយប្រហាររបស់អាមេរិកទៅលើមូលដ្ឋានទ័ពស៊ីរី នៅថ្ងៃព្រហស្បតិ៍ លើកទឹកចិត្តឲ្យមានការចរចានយោបាយ ច្រើនជាងការប្រឈមមុខដាក់គ្នាផ្នែកយោធា រវាងអាមេរិក និងរុស្ស៊ី។ ជាក់ស្តែង ទោះជារុស្ស៊ី ខឹង និងសម្រេចផ្អាក ព្យួរ ខ្សែទាក់ទង យោធាជាមួយអាមេរិក ប៉ុន្តែ រុស្ស៊ីមិនបានប្រកាសលុបចោល ជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលត្រូវទៅធ្វើទស្សនកិច្ចនៅ រុស្ស៊ី នៅសប្តាហ៍ក្រោយនោះទេ។
ទាំង រុស្ស៊ី និងអាមេរិក ចង់ដោះស្រាយវិបត្តិស៊ីរី តាមផ្លូវនយោបាយ គឺដើម្បីកុំឲ្យស៊ីរី ធ្លាក់ទៅក្នុងស្ថានភាព វឹកវរដូចនៅលីប៊ីមួយទៀត។ គេរំពឹងថា ការដែលអាមេរិកសម្រេចវាយប្រហារជាលើកទី១ ទៅលើកងទ័ពស៊ីរី នឹងអាចចាប់បង្ខំឲ្យរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតីបាស្ហា អាល់អាសាដ ចូលតុចរចា បង្កើតរដ្ឋាភិបាលជាមួយក្រុមប្រឆាំង ពោលគឺមិនអាចដោះស្រាយ វិបត្តិស៊ីរី តាមការប្រើកម្លាំងទ័ព និងប្រើអាវុធគីមីសម្លាប់មនុស្សតាមចិត្តចង់នោះទេ។
ហេតុអ្វីបានជារបបស៊ីរីអាវុធគីមី?
របបស៊ីរីរបស់លោកបាស្ហា អាល់អាសាដ វិះតែនឹងត្រូវអាមេរិករបស់លោកអូបាម៉ា វាយប្រហារម្តងហើយ នៅឆ្នាំ ២០១៣។ កាលណោះ រដ្ឋាភិបាលស៊ីរីត្រូវបានអន្តរជាតិចោទថា បានប្រើអាវុធគីមី សម្លាប់មនុស្សជាង ១៤០០នាក់ នៅក្បែរទីក្រុងដាម៉ាស។
តាមប្រភពស៊ើបការណ៍សម្ងាត់អាមេរិក កងទ័ពរដ្ឋាភិបាលស៊ីរីបានដឹកអាវុធគីមី ចេញពីព្រលានយន្តហោះ ក្នុងទីក្រុងហូម សំដៅទៅសម្លាប់មនុស្សនៅខេត្តអ៊ីដលីប ដែលកាន់កាប់ដោយក្រុមឧទ្ទាម ហើយនិងក្រុមជីហាតអ៊ីស្លាមជ្រុលនិយម។ កងទ័ពស៊ីរីបានបដិសេធថា ខ្លួនមិនបានបាញ់គ្រាប់អាវុធគីមី នោះទេ ប៉ុន្តែ រុស្ស៊ីវិញ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីបានអះអាងថា យន្តហោះស៊ីរីពិតជាបានបាញ់ទៅលើទីតាំងរបស់ក្រុមឧទ្ទាម ដែលកំពុងមានអាវុធគីមីក្នុងដៃ។ របបស៊ីរី របស់លោកបាស្ហាអាល់ អាសាដ ជាអ្នកបញ្ជាឲ្យប្រើអាវុធគីមី សម្លាប់មនុស្សនៅខេត្តអ៊ីដលីប។ របបស៊ីរី អាចលែងខ្វល់ ការគំរាមរបស់អាមេរិក ដោយសារតែអាងលើខ្នងបង្អែករុស្ស៊ី។
ឧបមាថា កងទ័ពរដ្ឋាភិបាលស៊ីរី មិនបានទម្លាក់គ្រាប់អាវុធគីមី ដោយផ្ទាល់ មែន ប៉ុន្តែ ការដែលពួកគេបាញ់ ដោយចេតនា ទៅលើកន្លែងដែលគេដឹងថា មានស្តុកទុកអាវុធ គីមី ក៏ត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសម្លាប់មនុស្សដែរ។ រុស្ស៊ីវិញ នឹងទើសទាល់ចិត្តមិនតិចទេ នៅក្រោយរឿងនេះ ព្រោះដើម្បីជាថ្នូរ កុំឲ្យអាមេរិករបស់លោកអូបាម៉ា វាយប្រហារស៊ីរី នៅឆ្នាំ ២០១៣ រុស្ស៊ី ធ្លាប់បានសន្យាជាមួយអាមេរិក ថា នឹងជួយរដ្ឋាភិបាលស៊ីរី បំផ្លាញចោលឲ្យអស់អាវុធគីមី។
ទី២វិញ អាវុធគីមី ដែលគេប្រើសម្លាប់ប្រជាជនស៊ីវិល អាចមិនមែនជាស្នាដៃ ឬការបញ្ជារផ្ទាល់របស់រដ្ឋាភិបាលស៊ីរី។ គេសង្ស័យថា ពួកទាហានអ៊ីរ៉ង់ ដែលចូលរួមប្រយុទ្ធកៀកស្មាកងទ័ពស៊ីរី ឬក្រុមប្រឆាំងស៊ីរីផ្ទាល់ ដែលគាំទ្រដោយតួកគី អាចជាប់ពាក់ព័ន្ធក្នុងការប្រើអាវុធគីមីលើកនេះ។ អ៊ីរ៉ង់ សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីបាស្ហា អាល់អាសាដ ចំណែកតួកគី មិនចង់ឃើញ លោកបាស្ហា អាល់អាសាដបន្ត ដឹកនាំស៊ីរី។ គឺប្រទេសទាំងពីរ ដែលអាចជំរុញឲ្យមានការប្រើអាវុធគីមី ដើម្បី យកលេស បង្កាត់សង្រ្គាមបន្តទៅមុខទៀតនៅស៊ីរី ដើម្បីផលប្រយោជន៍ ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
ព្រួញមួយ បាញ់បានសត្វបី អ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើង
នៅកញ្ចក់ទូរទស្សន៍ លោកដូណាល់ត្រាំអាចបង្ហាញថា លោកតក់ស្លុត និងសម្រេចចិត្តវាយប្រហារទៅលើកងទ័ពស៊ីរី ដើម្បីសងសឹកចិត្តឲ្យមនុស្សដែលស្លាប់ដោយសារការវាយប្រហារប្រើអាវុធគីមី របស់កងទ័ពរដ្ឋាភិបាលស៊ីរី។
នយោបាយរបស់លោកដូណាល់ ត្រាំនៅពេលនេះ គឺជានយោបាយកំញើញ បាញ់ព្រួញមួយ សម្លាប់បានសត្វដល់ទៅបី។ ដោយវាយប្រហារ ដោយមិនប្រាប់ឲ្យគេដឹងមុន លោកដូណាល់ ត្រាំ ចង់បង្ហាញ ទៅមេដឹកនាំ ស៊ីរី កូរ៉េខាងជើង ហើយនិងអ៊ីរ៉ង់ ដែលជាសត្រូវរបស់អាមេរិក ថា លោកជាប្រធានាធិបតីដែលហ៊ានអារកាត់ និងសម្រេចចិត្តភ្លាមៗ ទៅតាមស្ថានការណ៍ កាលៈទេសៈ។ រហូតមក លោកដូណាល់ ត្រាំ ល្បីខាងជាប្រធានាធិបតីដែលមានចិត្តប្រែប្រួល និយាយមិនទៀត ដែលគេមិនអាចទាយទុកមុនបាន។
មួយវិញទៀត នៅក្នុងការរៀបចំគម្រោងការវាយប្រហារទៅលើមូលដ្ឋានទ័ពស៊ីរី គេឃើញថា លោកដូណាល់ ត្រាំ ត្រូវបានឡោមព័ទ្ធទៅដោយអ្នកជំនាញយោធា ដែលភាគច្រើន សុទ្ធតែមានប្រវត្តិធ្វើសង្រ្គាម ជាពិសេសរដ្ឋមន្រ្តីការពារជាតិលោកម៉ាទីសតែម្តង។ ដោយសារតែគ្មានបទពិសោធន៍ខាងនយោបាយការបរទេស លោកដូណាល់ ត្រាំ បានផ្តល់ការជឿទុកចិត្ត ១០០ភាគរយទៅលើក្រុមអ្នកជំនាញយោធា។ កូរ៉េខាងជើង របស់លោកគីម ជុងអ៊ុន អ៊ីរ៉ង់ ឬស៊ីរី ក្តីរបស់លោកប្រធានាធិបតីបាស្ហា អាល់អាសាដ ទំនងមិនអាចមើលស្រាលអាមេរិក នោះទេ។ មួយវិញទៀត រុស្ស៊ី និងចិន ដែលសុទ្ធតែមានសំឡេងវេតូ នៅក្រុមប្រឹក្សាសន្តិសុខ នឹងអាចប្រុងប្រយ័ត្នជាងមុន បើសិនអាមេរិករបស់លោកដូណាល់ ត្រាំ ចង់គំរាមធ្វើអ្វីមួយនោះ។ អាចថា ចិននឹងបង្ខំចិត្តដាក់សំពាធទៅលើកូរ៉េខាងជើង ដើម្បីជៀសវាងប្រទូស្តរាយ ការវាយប្រហារយោធារបស់អាមេរិក ក្នុងតំបន់។ ចំណែករុស្ស៊ីវិញ នឹងអាចដាក់គំនាបលើប្រធានាធិបតីស៊ីរី ដើម្បីឲ្យចូលតុចរចា បញ្ចប់សង្រ្គាមនៅស៊ីរី។
ចង់ ឬមិនចង់ ការបាញ់មួយប្រាវមីស៊ីលរបស់អាមេរិក អាចជួយដាស់ ភាគីជម្លោះ ឬអ្នកពាក់ព័ន្ធ ឲ្យភ្ញាក់ពីដំណេក ដើម្បីរកដំណោះស្រាយពិតប្រាកដ គឺមិនមែនចេះតែអង្គាម បណ្តែតបណ្តោយ ដែលនឹងផ្តល់ផលចំណេញដល់ក្រុមជីហាត អ៊ីស្លាមជ្រុលនិយមនោះទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ