អង្គការសហប្រជាជាតិពន្យារពេលស៊ើបអង្កេតការប្រើប្រាស់អាវុធគីមី នៅស៊ីរី
ថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសម្រេចពន្យារពេលថែម១ឆ្នាំ នូវការងារស៊ើបអង្កេតទាក់ទងការប្រើប្រាស់អាវុធគីមីនៅស៊ីរី។ រុស្ស៊ីចង់អោយពង្រីកការស៊ើបអង្កេតនេះ ដល់ប្រទេសជិតខាងស៊ីរី ដូចជាអ៊ីរ៉ាក់ទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៤
ការងារស៊ើបអង្កេតចំពោះការប្រើប្រាស់អាវុធគីមី ត្រូវបានពន្យារពេលថែមមួយឆ្នាំ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៧។ អង្គការសហប្រជាជាតិ និងអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OIAC ជាអ្នកដឹកនាំបេសកកម្មស៊ើបអង្កេត។
ការស៊ើបអង្កេតដែលបានធ្វើជាង១ឆ្នាំ កន្លងមក បានចេញសេចក្តីសន្និដ្ឋានថា កងទ័ពស៊ីរីបានប្រើប្រាស់អាវុធផ្ទុកដោយសារធាតុក្លរ ក្នុងការវាយប្រហារចំនួន៣ នៅភាគខាងជើងស៊ីរី ក្នុងឆ្នាំ២០១៤ និង២០១៥។ ហើយក្រុមភេរវជនរដ្ឋអ៊ីស្លាមវិញ ក៏បានប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហារមួយដែរ ក្នុងខែសីហា ឆ្នាំ២០១៥។
ប៉ុន្តែ រដ្ឋាភិបាលលោកអាសាដ បានបដិសេធថា កងទ័ពខ្លួនមិនបានប្រើអាវុធគីមីទេ។ រុស្ស៊ីដែលជាមិត្តរបស់លោកអាសាដ មិនសូវជាទុកចិត្តសេចក្តីសន្និដ្ឋាននៃការអង្កេតនេះទេ។ រុស្ស៊ីបានសង្កត់ធ្ងន់ទៅលើភស្តុតាងផ្សេងៗ ដែលបង្ហាញថា ក្រុមភេរវជនជាច្រើនបាននាំគ្នាប្រើប្រាស់អាវុធគីមី។
រុស្ស៊ីបានស្នើសុំអោយក្រុមអ្នកស៊ើបអង្កេតចៀសវាងវាយប្រហាររដ្ឋាភិបាលស៊ីរី ដោយសារតែទទួលរងសម្ពាធ ពីប្រទេសមួយចំនួន។ រុស្ស៊ីថែមទាំងបានទាត់ចោលសំណើបារាំងនិងអង់គ្លេស ដែលចង់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលស៊ីរីទៀតផង។
គួររំលឹកថា កាលពីឆ្នាំ២០១៣ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាមេរិក-រុស្ស៊ី ចែងពីការហាមឃាត់អាវុធគីមី ស៊ីរីបានធ្វើការកំទេចស្តុកអាវុធគីមីរបស់ខ្លួន ដោយមានការត្រួតពិនិត្យពីអន្តរជាតិ។ ទន្ទឹមនេះដែរ មានការគិតថា គេអាចយកសារធាតុក្ល ពីរោងចក្រ មកផលិតអាវុធជាតិពុលបានយ៉ាងងាយស្រួល។ ប្រសិនបើស៊ីរីលួចប្រើអាវុធគីមី បំពានកិច្ចព្រមព្រៀងហាមឃាត់អាវុធគីមី ស៊ីរីនឹងទទួលទណ្ឌកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ