អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-ក្រុមហាម៉ាស

អារ៉ាប៊ីសាអូឌីត ព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ដែល​ដរចេញពី​សង្គ្រាម​​ហ្កាហ្សា

ព្រះរាជាណាចក្រ​សេដ្ឋីប្រេង​ អារ៉ាប៊ីសាអូឌីត បានព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ ដែល​ដរចេញពី​សង្គ្រាម​នៅ​ហ្កាហ្សា​ ហើយ​និង​អំពាវនាវឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងឡាយ រួប​រួម​គ្នា​ទប់​ស្កាត់​វិបត្តិ​ ព្រមទាំង​ជំរុញ​ស្ថិរភាព​ក្នុង​តំបន់​ដើមបូព៌ា។ សេចក្តី​ព្រមាន​និងការ​អំពាវនាវរបស់​អារ៉ាប៊ីសាអូឌីត​នេះ ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៨មេសា ​ក្នុងនាមជា​​ម្ចាស់ផ្ទះ​រៀប​ចំ​វេទិកាសេដ្ឋកិច្ច​ពិភពលោក។ ​វេទិកាសេដ្ឋកិច្ច​ពិភព​លោក​ ដែលត្រូវ​​រៀប​ចំ​ធ្វើ​ចំនួន ២ថ្ងៃ នៅ​រាជធានី​រីយ៉ាដ​។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត Suhail Mohamed Al Mazrouei ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃអាទិត្យ ទី២៨មេសា។
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត Suhail Mohamed Al Mazrouei ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃអាទិត្យ ទី២៨មេសា។ REUTERS - Hamad I Mohammed
ផ្សាយពាណិជ្ជកម្ម

«តំបន់​ដើមបូព៌ា ត្រូវការ​ស្ថិរភាព»។ នេះបើតាម ​អារ៉ាប៊ីសាអូឌីត ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​​វេទិកា​​សេដ្ឋកិច្ចពិភពលោក។  រដ្ឋមន្ត្រី​ហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លោក Mohammed al-Jadaan បាន​ដាស់​តឿន​ក្រើន​រំឮក​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច ដែល​បង្កឡើង​ពី​ជម្លោះ​សង្គ្រាម​ រវាង​អ៊ីស្រាអែល​និង​ក្រុម​​ហាម៉ាស នៅ​​តំបន់​ហ្កាហ្សា។

ក្នុង​សុន្ទរកថាបើកជំនួប​កំពូលសេដ្ឋកិច្ច​ពិភពលោក នៅក្រុង​រីយ៉ាដ​ រដ្ឋមន្ត្រី​​អារ៉ាប៊ីសាអូឌីត បាន​លម្អិត​ទៀត​​ថា សង្គ្រាម​នៅ​ហ្កាហ្សា បូក​រួម​ទាំ​ង​សង្គ្រាម​អូស​បន្លាយ​នៅ​អ៊ុយក្រែន ព្រមទាំង​ជម្លោះ​ដទៃ​ផ្សេង​ទៀត សុទ្ធសឹងតែ​ជះឥទ្ធិពលអាក្រក់​ ដាក់​សម្ពាធ​សម្បើមណាស់​ដល់​បរិស្ថាន​សេដ្ឋកិច្ច​។ អាស្រ័យ​ហេតុ​ដូច្នេះហើយ ទើប​​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត ប្រកាស​អំពាវនាវ​ដល់​ ប្រទេស​ទាំងឡាយ ថ្នាក់​ដឹកនាំ​ទាំង​ពួង​ ភាគីពាក់ព័ន្ធ​គ្រប់គ្នា​ ឲ្យ​បង្កើនស្មារតី​យកចិត្តទុក និង​ចូលរួម​ឲ្យ​ខ្លាំង​ ដោះស្រាយ​បន្ធូរ​សម្រាល​ស្ថានការណ៍​។ ​​

ជាមួយ​គ្នា​នេះដែរ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក បឺកហ្គឺ ប្រែនដា ប្រធាន​វេទិកា​​សេដ្ឋកិច្ចពិភពលោក ជនជាតិន័រវែស្ស បាន​ប្រកាស​ឯកភាពថា ​វេទិកា​​សេដ្ឋកិច្ចពិភពលោក នៅគ្រានេះ ជា​ឱកាស​ដ៏​ល្អ ប្រមូលផ្តុំ​ប្រទេស​សំខាន់ៗជាគន្លឺះ ​ដើម្បី​លើកឡើងកិច្ច​​ពិភាក្សាគ្នា​ ជុំវិញ​ការ​ចរចាដោះលែង​ចំណាប់​ខ្មាំង​ ហើយនិង​បង្កើន​កម្លាំង​ចលករ​បន្ថែម ដល់​ការ​រកដំណោះស្រាយ​នៅ​ហ្កាហ្សា។ 

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សង្គ្រាម​នៅ​ហ្កាហ្សានេះ, ​សហរដ្ឋអាមេរិក​ ​អាជ្ញាធរ​ប៉ាឡេស្ទីន​ ហើយ​និង​ តំណាង ការទូត​ជាន់​ខ្ពស់ នៃប្រទេស​ពាក់ព័ន្ធ ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅអារ៉ាប៊ីសាអូឌីត។​ ក៏ប៉ុន្តែ​ គ្មាន​វត្តមាន​អ៊ីស្រាអែល​នោះឡើយ។

តាមប្រភពពី​ក្រសួងការបរទេសសហរដ្ឋអាមេរិក, ប្រមុខ​ទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន ​ត្រូវ​អញ្ជើញ​ចូលរួម​ពិភាក្សា​នៅថ្ងៃ​ច័ន្ទ​ ដោយ​ផ្តោត​ជា​សំខាន់​ទៅលើការ​ដោះដូរ​ចំណាប់ខ្មាំង ហើយ​និង​រក​វិធីសាស្ត្រ​ទប់​ទល់​កុំឲ្យ​សង្គ្រាម​ហ្កាហ្សា​រាលដាល​កាន់តែ​ខ្លាំង​នៅក្នុងតំបន់​មជ្ឈិមបូព៌ា។

​នៅថ្ងៃ​អាទិត្យ ទី​២៨មេសា​ នេះដែរ​ ប្រមុខ​ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន បានដង្ហើយ​ហៅ​ឲ្យ ​សហរដ្ឋអាមេរិក ជួយ​ទប់​ស្កាត់​វិនាសកម្ម​នៅ​តំបន់​រ៉ាហ្វាហ៍ ដែល​បង្កឡើងពីប្រតិបត្តិការ​វាយលុក​របស់​អ៊ីស្រាអែល។​ លោក ម៉ះមូដ អាបាស់ ​ប្រកាស​ថា មានតែ​ប្រទេស​អាមេរិក​មួយ​ទេ ដែល​អាច​ហាមឃាត់​អ៊ីស្រាអែល ឲ្យ​​បញ្ជៀសឧក្រិដកម្ម​​វិនាសកម្ម​នេះបាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ