អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

នាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិទៅអ៊ីរ៉ង់ ដើម្បីពិនិត្យ​មើលកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

លោក​រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នាយក​ទីភ្នាក់ងារថាមពលនុយក្លេអែរ​អន្តរជាតិ ហៅកាត់ថា AIEA បានធ្វើដំណើរទៅដល់​អ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទ ទី​៦​ឧសភា ដើម្បីចូលរួម​ក្នុងសន្និសីតមួយ ព្រមទាំងជួប​ថ្នាក់ដឹកនាំអ៊ីរ៉ង់ និយាយអំពី​កម្មវិធីនុយក្លេអ៊ែររបស់​ប្រទេសនេះ​។ ការធ្វើដំណើរទៅរបស់​លោក រ៉ាហ្វាអែល ហ្ក្រូស៊ី គឺធ្វើឡើងនៅក្នុងបរិបទមួយ​ដ៏តានតឹងនៅតំបន់ដើមបូព៌ា ហើយ​ដែល​គេកំពុងតែបារម្ភថា អ៊ីរ៉ង់កំពុងតែឈានទៅ​ជិត​ដល់ដំណាក់កាល អាចផលិត​អាវុធនុយក្លេអ៊ែរបាន​។

លោករដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់​ Hossein Amir Abdoulahian (ស្តាំ) ទទួលជួប​លោក​Rafael Grossi នាយកទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរអន្តរជាតិ AIEA នៅក្រុងតេអេរ៉ង់ ថ្ងៃទី៦ឧសភា ២០២៤
លោករដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់​ Hossein Amir Abdoulahian (ស្តាំ) ទទួលជួប​លោក​Rafael Grossi នាយកទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរអន្តរជាតិ AIEA នៅក្រុងតេអេរ៉ង់ ថ្ងៃទី៦ឧសភា ២០២៤ AFP - -
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Isna និង​Mehr បានផ្សាយ​ឲ្យដឹងថា លោក រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នាយក​ទីភ្នាក់ងារថាមពល ​នុយក្លេអែរ​អន្តរជាតិ បាន​ទៅដល់​អ៊ីរ៉ង់ នៅថ្ងៃចន្ទទី​៦ឧសភា ដើម្បីចូលរួម ក្នុងកម្មវិធីសន្និសីតមួយ ព្រមទាំងប្រជុំចរចាជាមួយ​ថ្នាក់ដឹកនាំអ៊ីរ៉ង់។

ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Isna បានលើកឡើងថា នៅរសៀលថ្ងៃចន្ទ លោក​នាយក​ទីភ្នាក់ងារថាមពល​នុយក្លេអែរ​អន្តរជាតិ បានជួបប្រជុំជាមួយ​លោក​ Hossein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់​។ ហើយ​បន្ទាប់មកទៀត លោក​ រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី ព្រមទាំងគណៈប្រតិភូ ត្រូវបន្តដំណើរទៅទីក្រុងអ៊ីសប៉ាហង់ ដើម្បីចូលរួម​សន្និសីត​ និង​ជួបប្រជុំជាមួយលោក Mohammad Eslami នាយក​អង្គភាពថាមពល​នុយក្លេអ៊ែរអ៊ីរ៉ង់។ គឺទីក្រុង​អ៊ីសប៉ាហង់នេះហើយ ដែលមាន​មជ្ឈមណ្ឌល​ចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមដ៏ធំបំផុតរបស់​អ៊ីរ៉ង់ ឈ្មោះថាមជ្ឈមណ្ឌល​ Natanz។ ទីភ្នាក់ងារ​Isna បាន​ចុះផ្សាយទៀតថា ពេលវេលានេះគឺជាឱកាសដែលអនុញ្ញាតឲ្យ​ភាគីអ៊ីរ៉ង់ និង​AIEA អាចនិយាយ​ដោះដូរយោបល់ បង្ហាញពីការព្រួយបារម្ភរៀងៗខ្លួន។

គួរបញ្ជាក់ថា ដោយអនុលោម​តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ​២០១៥​ គឺ​ទី​ភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ ហៅកាត់ថា​ AIEA ជាអ្នក​មានតួនាទីពិនិត្យតាមដាន​ផែនការកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ថាពិតជាមានកម្មវត្ថុ​ស៊ីវីល ពោលគឺដើម្បីគ្រាន់​តែ​ផលិត​​ចរន្ត​អគ្គិសនី​​។ ក៏ប៉ុន្តែចាប់ពីឆ្នាំ​២០២១មក បន្ទាប់​ពី​​រដ្ឋបាល​លោកដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង អ៊ីរ៉ង់បានចាប់ផ្តើម​លែងសហការជាមួយ​ AIEA ។ កាម៉េរ៉ាថតនៅតាមរោងចក្រ​​នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបាន​ដកចេញឬបិទចោល ហើយ​អាជ្ញាធរអ៊ីរ៉ង់ លែងចេញអាជ្ញាបណ្ណ ឲ្យ​អ្នកជំនាញ​របស់AIEA ចូលទៅត្រួតពិនិត្យ​។​

ដោយសារតែភាពតានតឹងមានការខ្វែងគំនិតគ្នា លោករ៉ាហ្វាអ៊ែល ហ្ក្រូស៊ី មិនបានទៅ​អ៊ីរ៉ង់​ជាងមួយឆ្នាំមកហើយ។ បើផ្អែកតាម AIEA គឺប្រមាណ​ជិត​៣ឆ្នាំមកនេះ អ៊ីរ៉ង់បានបង្កើនការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមខ្លាំងសម្បើមណាស់ រហូតដល់កម្រិត​៦០% ព្រមទាំងបាន​ដំឡើងស្តុកកាន់តែច្រើន។ តាមធម្មតា កម្រិតចម្រាប់ធាតុ​អ៊ុយរ៉ានីញ៉ូមដែលគេអនុញ្ញាតដើម្បីប្រើប្រាស់​ក្នុងវិស័យនុយក្លេអ៊ែរស៊ីវីល គឺមានត្រឹមតែ ៣,៦៧%​ប៉ុណ្ណោះ។ បើចម្រាញ់​ដល់​កម្រិត​៩០% នោះគឺមានន័យថា ​​អ៊ីរ៉ង់​អាចនឹងប្រើប្រាស់ធាតុអ៊ុយរ៉ានីញ៉ូមទាំងនេះ​ ដើម្បីផលិត​គ្រាប់បែកបរមាណូ។

សូមបញ្ជាក់ដែរថា បរិបទនាពេលបច្ចុប្បន្ននេះ នៅតំបន់ដើមបូព៌ា គឺមានភាពតានតឹងណាស់ បន្ទាប់ពី​អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារគ្នាទៅវិញទៅមកដោយ​ផ្ទាល់ កាលពីខែ​មេសា។ វត្តមាន​របស់​លោក​នាយក AIEA នៅអ៊ីរ៉ង់នាពេលនេះ ជាសញ្ញាបង្ហាញថាមានការបើកចំហ​​​ខ្លះ​ពី​ភាគីអ៊ីរ៉ង់។ យ៉ាងណាមិញ លោក​នាយក​អង្គភាព​​នុយក្លេអ៊ែរអ៊ីរ៉ង់ Mohammad Eslami បានលើកឡើងថា​ ការប្រជុំ​ចរចា​ជាមួយ​លោក​ រ៉ាហ្វាអ៊ែល ហ្ក្រូស៊ី នឹងធ្វើ​ឲ្យ​រសាត់​បាត់​នូវ​មន្ទិលសង្ស័យ ទាំងឡាយ​ទាំងពួង ព្រមទាំង​អាច​ពង្រឹង​ការសហការនឹងគ្នា​ឡើងវិញ រវាងភាគីទាំង​២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ