អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី និងអាមេរិក​ចែក​បក្ស​គ្នា​កាន់តែ​ច្បាស់ ក្រោយ​ការ​បាញ់​មីស៊ីល​របស់​អាមេរិក ទៅ​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ដែល​សហរដ្ឋ​អាមេរិក​ បាន​សម្រេច​បាញ់​មីស៊ីល​៥៩​គ្រាប់ ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ស៊ីរី ​ផ្លាស់ប្តូរ​ទាំង​ស្រុង។ ទង្វើ​នេះ ​ស្តែង​ឲ្យ​ឃើញ​ថា ​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​ចិត្ត​ចេញមុខ​តតាំង​ជាមួយ​រុស្ស៊ី ​ដែល​កន្លង​មក​ រុស្ស៊ី​គឺ​ជា​អ្នក​ការពារ​របស់​ផ្តាច់ការ​ស៊ីរី។ ហេតុការណ៍​នេះ​ ក៏​កំពុងតែ​គូសវាស ​នូវការ​បែងចែក​ក្រុម​បក្ស​ពួក ​ឲ្យ​កាន់​តែ​ច្បាស់​ ដែល​ម្ខាង​គឺ​ក្រុម​ប្រទេស ​ដែល​នៅ​ពីក្រោយ​សហរដ្ឋ​អាមេរិក ​ ហើយ​ដែល​ស្រែក​ទាមទារ​ឲ្យ​ផ្តួល​រំលំ​របប​ផ្តាច់ការ​បាឆា អាល់អាសាដ ​និង​ម្ខាង​ទៀត ​គឺ​ក្រុម​ប្រទេស​ដែល​គាំទ្រ​ របប​បាឆា ​ហើយ​ដែល​មាន​រុស្ស៊ី​ជា​បង្អែក​ធំ។

គ្រាប់មីស៊ីលអាមេរិក បាញ់ចេញ​​ពី​នាវា​ចំបាំង​​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណា យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦ មេសា ២០១៧
គ្រាប់មីស៊ីលអាមេរិក បាញ់ចេញ​​ពី​នាវា​ចំបាំង​​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណា យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦ មេសា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

មីស៊ីល​៥៩​គ្រាប់ ​ឆ្លើយតប​ទៅនឹង​អំពើ​ព្រៃផ្សៃ​របស់​បាឆា​ អាល់​អាសាដ

លោក​ដូណាល់ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​អះអាង​ថា ​ការ​បាញ់​នេះ ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទង្វើ​ព្រៃផ្សៃ ​អមនុស្សធម៌​របស់​របប​ផ្តាច់ការ​ស៊ីរី​ ដែល​បាន​ទំលាក់​គ្រាប់បែក​ ផ្ទុក​ដោយ​សារធាតុ​គីមី ​សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​៨៦​នាក់ ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម​សប្តាហ៍​នេះ។

 

ក្រោយ​ពេល​ដែល​កងទ័ព​អាមេរិក ​បាន​បាញ់​គ្រាប់​មីស៊ីល​៥៩​គ្រាប់ ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ​ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ​ទាំង​ថ្កោលទោស ​និង​ទាំង​គាំទ្រ​ការ​សម្រេចចិត្ត​របស់​អាមេរិក។ ស្ថានភាព​ថ្មី​នា​ពេល​នេះ ​​ កំពុងតែ​គូសវាស ​ការ​ប្រឈមមុខ​ដាក់​គ្នា ​រវាង​គូ​បដិបក្ស​ពីរ​ក្រុម​ គឺ​ រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក។

 

តាមពិត​ទៅ ​គូរបដិបក្ស​ពីរ​ក្រុម​នេះ ​មាន​យូរ​មក​ហើយ ​នៅ​សមរភូមិ​ស៊ីរី ​ តែ​ហាក់បាន​ខ្សត់ខ្សោយ​កំលាំង ​ ដោយសារ​កន្លង​មក​លោក​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រកាន់​ជំហរ​មិន​ចង់​ប្រឈម​មុខ​នឹង​រុស្ស៊ី ​ហើយ​ក៏​មិន​ចង់​ប្រើ​ធម៌ក្តៅ​ទៅ​លើ​របប​បាឆា ​អាល់​អាសាដ។ បើ​អាមេរិក ​ជា​មេ​ដំបូល ​ មិន​សូវ​ចង់​ចេញ​មុខ ​ ដូច្នេះ​ ប្រទេស​ដែល​នៅ​ពី​ក្រោយ​ ក៏​មិន​សូវ​ជា​ហ៊ាន​ដែរ។

 

ស្ថានភាព​ថ្មី​នា​ពេល​នេះ ​ បាន​ធ្វើ​ឲ្យ​បក្សពួក​ទាំង​ពីរ​ក្រុម​នេះ ​លេច​មុខ​ឡើង​វិញ​កាន់​តែ​ច្បាស់​ ដោយសារ​តែ​រដ្ឋាភិបាល​អាមេរិក​ ហ៊ាន​សម្រេច​ចិត្ត​តតាំង​ជាមួយ​រុស្ស៊ី។ ដូច​យើង​ឃើញ​ហើយ ​ តាម​រយៈ​ប្រតិកម្ម​ដែល​ធ្លាក់​មក​ជា​បន្តបន្ទាប់​ ​គឺ​បារាំង ​ អង់គ្លេស ​អាល្លឺម៉ង់ ​ ជប៉ុន ​ អ៊ីស្រាអែល ​និង​តួកគី​ ជាដើម ​ សុទ្ធ​តែ​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក​ដូណាល់ ត្រាំ ​ទាក់ទិន​នឹង​ការ​បាញ់​កម្ទេច​មូលដ្ឋាន​ទ័ព​អាកាស​របស់​ស៊ីរី។

 

សម្រាប់​ប្រទេស​ទាំង​អស់​នេះ ​ វា​ប្រាកដ​ណាស់​ថា ​គឺ​កងទ័ព​របស់​បាឆា​ អាល់​អាសាដ ​ ដែល​បាន​ទម្លាក់​គ្រាប់បែក​ផ្ទុក​ដោយ​សារធាតុ​គីមី ​ សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​៨៦​នាក់​ កាលពី​ថ្ងៃ​អង្គារ​ទី​៤​មេសា។ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​ទាហាន​បាឆា ​បើ​ប្រាស់​អាវុធ​គីមី ​ ដ៏​ព្រៃផ្សែ​បែប​នេះ។ ប្រទេស​ទាំង​អស់​នេះ ​ ទាមទារ ​ថា​ត្រូវ​តែ​បញ្ចប់​សង្រ្គាម​នៅ​ស៊ីរី ​ តាម​រយៈ​ការ​រំលំ​របប​ផ្តាច់ការ​របស់​បាឆា ​អាល់​អាសាដ ​ឲ្យ​ខាង​តែ​បាន។ ចំណែក​បក្ស​ម្ខាងទៀត ​ មាន​រុស្ស៊ី ​និង​អ៊ីរ៉ង់​​ ដែល​បាន​ថ្កោលទោស​ទង្វើ​របស់​អាមេរិក ​ថា​ជា​អំពើ​រំលោភ​បំពាន​លើ​អធិបតេយ្យ​របស់​ស៊ីរី។​ រុស្ស៊ី ​ដែល​តែងតែ​ការពារ​របប​បាឆា អាល់​អាសាដ ​បាន​និយាយ​ថា ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ​ដែល​ថា​កងទ័ព​ស៊ីរី ​បាន​ប្រើគ្រាប់​បែក​ផ្ទុក​សារធាតុ​គីមី។

 

រុស្ស៊ី​ព្យូរ​កិច្ច​ព្រមព្រៀង​ផ្តល់​ដំណឹងឲ្យ​គ្នា​ ជាមួយ​សហរដ្ឋ​អាមេរិក

 

ផលវិបាក​ធំ​បំផុត​នោះ ​គឺ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​ និង​អាមេរិក ​ក្នុង​ក្របខណ្ឌ​បេសកសកម្ម​​​បោស​សំអាត​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ រុស្ស៊ី​ទើបតែ​បាន​ សម្រេច​ចិត្ត​ ព្យួរ​កិច្ច​ព្រមព្រៀង ​ជាមួយ​សហរដ្ឋ​អាមេរិក ​ស្តី​ពី​ការ​ផ្តល់​ដំណឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។មានន័យ​ថា ​ចាប់​ពី​ពេល​នេះ​ សហប្រតិបត្តិ​ការ​រវាង​រុស្ស៊ី ​និង​អាមេរិក ​ ក្នុង​ក្របខណ្ឌ​សមរភូមិ​នៅ​ស៊ីរី ​គឺ​ត្រូវ​ទុក​មួយ​ឡែក​ហើយ។

 

ដូច្នេះ​មានន័យ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​រាល់​ការ​វាយ​ប្រហារ ​ភាគី​ទាំង​២ ​អាមេរិក ​និង​រុស្ស៊ី ​លែង​មាន​កាតព្វកិច្ច​ផ្តល់​ដំណឹង​ឲ្យ​គ្នា​ដូច​មុន​ហើយ។ ពោល​គឺ​ ការ​បះទង្គិច​គ្នា ​ប្រាកដ​ជា​អាច​កើត​មាន​ ព្រោះ​ថា​ទាហាន​រុស្ស៊ី ​មាន​នៅ​សឹង​គ្រប់​ទីកន្លែង ​ ជាមួយ​នឹង​ទាហាន​របស់​បាឆា អាល់​អាសាដ។ បើសិន​ជា​ទាហាន​​រុស្ស៊ី ​ឬ​របស់​អាមេរិក ​មាន​ស្លាប់​សូម្បី​តែ​ម្នាក់ ​ ដោយសារ​គ្រាប់​បែក​របស់​ម្ខាង​ទៀត ​ នោះ​យើង​ជឿថា​ ស្ថានការណ៍ ​នឹង​កាន់​តែ​ធ្ងន់។

 

គួរ​កត់​សម្គាល់​ដែរ​ថា ​ដោយ​យោង​តាម​កិច្ច​ព្រមព្រៀង​នេះ​ហើយ ​ទើប​កងទ័ព​អាមេរិក​ ​បាន​ជូន​ដំណឹង ​ទៅ​ខាង​រុស្ស៊ី​ឲ្យ​ដឹង​ជា​មុន​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ទូរទស្សន៍ ​CNN បាន​ផ្សាយ​ថា ​នៅ​មូលដ្ឋាន ​ទ័ព​អាកាស​ស៊ីរី​ ដែល​ជា​ចំណុច​ស៊ីប​នោះ ​គឺ​មាន​កងទ័ព​រុស្ស៊ី​នៅ​ទីនោះ។ បើ​តាម​ការស្មាន ​ដោយសារ​តែ​រុស្ស៊ី​បាន​ទទួល​ដំណឹង​នេះ​មុន​ហើយ ​ទើប​បាន​ជា​មិន​មាន​ទាហាន​រុស្ស៊ី​ស្លាប់​ ហើយ​រុស្ស៊ី​បាន​ប្រាប់​ដំណឹង​នេះ​ ទៅ​ខាង​កងទ័ព​ស៊ីរី​ឲ្យ​បាន​ដឹង​មុន ​ទើប​បាន​ជា​មាន​ទាហាន​ស៊ីរី ​តែ​៧​នាក់​បាន​ស្លាប់។

 

អាមេរិក​ ចង់​ប្រាប់​បាឆា អាល់​អាសាដ​ ឲ្យ​ដឹង​ខ្លួន

 

ក៏​ប៉ុន្តែ​បើ​យើង​វិភាគ​ឲ្យ​មែនទែន​ទៅ ​ ការ​សម្រេច​ចិត្ត​វាយ​ប្រហារ​របស់​អាមេរិក​ ទៅ​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី ​គឺមាន​គោល​ដៅ​តែ​មួយ​គត់​ ​គឺ​បំផ្លាញ ​យន្តហោះ ​និង​សម្ភារៈ​ដែល​ទាហាន​ស៊ីរី ​ប្រើ​ក្នុង​ការ​ទំលាក់​គ្រាប់​បែក​សម្លាប់​ប្រជាជន​ស្លូតត្រង់។ អាមេរិក​ដឹង​ថា ​ការ​ដែល​ខ្លួន​ប្រាប់​រុស្ស៊ីឲ្យ​ដឹង​មុន​ នឹង​មិន​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្លាប់​ច្រើន​ទេ។​ សម្រាប់​ពេល​នេះ ​ គេ​ជឿ​ថា ​លោក​ដូណាល់ ត្រាំ ​គ្មាន​ចេតនា ​បន្ថែម​ការ​វាយ​ប្រហារ​ណា​មួយ​ផ្សេង​ទៀត​ សំដៅ​កម្ទេច​កងទ័ព​ស៊ីរី​ទេ។

 

ដូច​យើង​ស្គាល់​លោក​ដូណាល់ ត្រាំ​ស្រេច​ហើយ​ គឺ​គាត់​អាច​ប្តូរ​ចិត្ត​បាន​យ៉ាង​លឿន​រហ័ស។ យ៉ាងណា​មិញ ​នៅ​ពេល​កងទ័ព​ស៊ីរី ​ប្រើគ្រាប់​បែក​ផ្ទុក​សារធាតុ​គីមី ​កាល​ពី​ឆ្នាំ​២០១៣  ​ពេល​នោះ​លោកត្រាំ ​បាន​អំពាវនាវ​កុំ​ឲ្យ​លោក​អូបាម៉ា ​ទៅ​វាយ​ប្រហារ​កងទ័ព​ស៊ីរី។ តែ​ឥឡូវ​ពេល​នេះ​​ គឺ​លោកត្រាំ​បាន​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ហាម​គេ។ ដូច្នេះ ​នៅពេល​ខាង​មុខ​ យើង​មិន​អាច​ស្មាន​ថា​លោកត្រាំ ​អាច​ធ្វើ​អ្វី​ទៀត​ទេ។ អ្វីៗ​ ​វា​អាស្រ័យ​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​រុស្ស៊ី​ដែរ។

 

គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ

 

បើ​សិន​ជា​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​អាច​ធ្វើ​អ្វី​បាន​ ម្លេះ​ធ្វើ​យូរ​ណាស់​មក​ហើយ។ បារាំង​ បាន​ស្នើ​គម្រោង​សេចក្តី​សម្រេចចិត្ត​ ស្តីពី​បញ្ហា​ស៊ីរី ​ច្រើន​ដង​មក​ហើយ។ តែ​រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​វ៉េតូ ​របស់​ខ្លួន​ដល់​ទៅ​៧ដង ​ ដើម្បី​បដិសេធ​រាល់​ផែនការ​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​​ មុន​នឹង​សហរដ្ឋ​អាមេរិក​ សម្រេច​បាញ់​មីស៊ីល​នេះ ​គឺ​មាន​គម្រោង​ដាក់​ស្នើ​ដល់ទៅ​៣​គម្រោង ​ ​តែ​រុស្ស៊ី​បដិសេធ​មិន​ជជែក​អ្វី​ទាំងអស់ ​ ហើយ​ទាមទារ ​ឲ្យ​គេ​ទទួល​យក​សំណើរ​របស់​ខ្លួន​វិញ។

 

បញ្ហា​គឺ​ស្ថិត​នៅ​លើ​តែ​ចំនុច​មួយ​គត់​ ទុក​បាឆា ​អាល់​អាសាដ ​រឺ​ក៏​រំលំ​របប​នេះ​ចោល។ ចំនុច​នេះ​ហើយ​ដែល​រុស្ស៊ី​ មិន​ស្រប​នឹង​អ្នក​ដ៏ទៃ។ យើង​ចាំមើល​ថា​តើ​រុស្ស៊ី​ចង់​ស្នើ​អ្វី​នា​ពេល​នេះ។ ចិន​នឹង​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​មួយ​ចំនួន​ទៀត ​ បាន​អំពាវនាវ ​កុំឲ្យ​ធ្វើ​អ្វី​ ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ ហើយ​ព្យាយាម​ស្រុះស្រួល​គ្នា​ រក​ដំណោះស្រាយ​ដែល​នៅ​កណ្តាល។ ចំណែក​បារាំង​ បាន​ស្នើ​ឲ្យ​បន្ត​បេសកកម្ម ​ដាក់​គំនៀប​​លើ​របប​បាឆា ​អាល់​អាសាដ​នេះ​ទៅ​ទៀត។

 

បើ​តាម​ការ​ផ្តល់​ដំណឹង ​ក្នុង​ពេល​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ភាគី​អាមេរិក ​មាន​ជំហរ​រឹង​រូស​បំផុត ​ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី ​បង្ហាញ​ភស្តុតាង​ទាំង​អស់​ ដែល​បញ្ជាក់​ថា​ខ្លួន​ មិនមែន​ជា​អ្នក​ទំលាក់​គ្រាប់​បែក​ផ្ទុក​សារធាតុ​គីមី​ទេ។ អ្នក​ការទូត​ខ្លះ ​សន្និដ្ឋាន​ថា ​អាមេរិក​ បាន​ដាក់​សំណើរ​របៀប​នេះ ​ ព្រោះ​ដឹង​ថា​រុស្ស៊ី​មិន​អាច​ទទួល​យក​បាន ​ ហើយ​ប្រាកដ​ជា​បោះឆ្នោត​វេតូ។ ដូច្នេះ​បើ​រុស្ស៊ី​បដិសេធ ​គឺ​មាន​ន័យ​ថា​នឹង​បើក​ផ្លូវ​ឲ្យ​អាមេរិក​ វាយ​កម្ទេច​កងទ័ព​ស៊ីរី ​ជា​អត្តនោម័ត។

 

ក្តី​សង្ឃឹម​ចរចា​រក​សន្តិភាព​នៅ​ហ្សឺណែវ ​កាន់​តែ​រួម​តូច​នា​ពេល​នេះ ​ព្រោះ​​ថា​រុស្ស៊ី ​និង​អាមេរិក ​គ្មាន​ចេតនា​និយាយ​គ្នា​តាម​សម្រួល​ទេ។​ ចង់​មិន​ចង់ ​ចាប់​ពី​ពេល​នេះ​ទៅ ​ អាមេរិក​ និង​ រុស្ស៊ី​ កំពុង​ឈរ​នៅ​ត្រើយ​ម្ខាង​ម្នាក់ ​ហើយ​អ្វីៗ​អាច​នឹង​កើត​មាន​ឡើង ​ ដោយ​មិន​អាច​ស្មាន​មុន​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ