អានតួអត្ថបទ
ស៊្វីស

អង្គការ​ពលកម្ម​អន្តរជាតិ៖ ពាក់​កណ្តាល​នៃ​​​ចំនួន​មនុស្ស​ចាស់​ក្នុង​ពិភពលោក​​គ្មាន​​ប្រាក់​និវត្តន៍

ជិត​ពាក់កណ្តាល​នៃ​ចំនួន​មនុស្ស​ចាស់​​នៅក្នុង​ពិភពលោក​ មិន​បាន​ទទួល​សោធននិវត្តន៍ ក្នុង​ពេល​អ្នកដែល​បាន​ទទួល​បា្រក់​ចូលនិវត្តន៍​ប្រមាណ​៥២​ភាគរយ​មិន​បាន​ទទួល​សេវា​គាំពារ​គ្រប់គ្រាន់។ នេះ​បើ​តាម​ការចេញផ្សាយ​របាយការណ៍​ ​​កាលពីថ្ងៃ​អង្គារ​ទី ៣០កញ្ញា អង្គការ​ពលកម្ម​អន្តរជាតិដែល​មាន​ទីតាំង​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។  

ប្រជាជន​ព័រទុយហ្កាល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល​ដែល​គ្រោង​កាត់បន្ថយប្រាក់​សោធននិវត្តន៍​
ប្រជាជន​ព័រទុយហ្កាល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល​ដែល​គ្រោង​កាត់បន្ថយប្រាក់​សោធននិវត្តន៍​ AFP PHOTO/ PATRICIA DE MELO MOREIRA
ផ្សាយពាណិជ្ជកម្ម

ដោយសារ​តែ​គ្មាន​សុវត្ថិភាពហិរញ្ញវត្ថុ មនុស្ស​ចាស់​ភាគច្រើន​នៅក្នុង​ពិភពលោក​រស់នៅ​ក្នុង​ជីវភាពខ្វះខាត។ ជាញឹកញយ មនុស្ស​ចាស់​ដែល​មាន​ការងារ​ធ្វើ ​មិន​អាច​ចូល​និវត្តន៍ និង​ត្រូវ​បង្ខំចិត្ត​ ​ធ្វើការ​ដើម្បី​រក​ប្រាក់​បន្ថែម​ចិញ្ចឹម​ជីវិត។ នេះ​ជា​ការកត់សំគាល់​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​ធ្វើការ​សិក្សាស្រាវជ្រាវ នៅក្នុង​ប្រទេស​ចំនួន ១៧៨ នៅក្នុង​ពិភពលោក។

 
នៅក្នុង​ចំណោម​ប្រទេស១៧៨ មាន​ប្រទេស​តែ ៤៥​​ប៉ុណ្ណោះ ​ដែល​បាន​ផ្តល់​សោធននិវត្តន៍​ច្រើន​ជាង ៩០​ភាគរយ​ទៅ​ឲ្យ​មនុស្ស​ចាស់​។ ចំណែក ប្រទេស​កំពុង​អភិវឌ្ឍន៍ ចំនួន​២០ ​បាន​ជោគជ័យ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​បាន​ទទួល​ប្រាក់​និវត្តន៍ សឹង​១០០​ភាគរយ។ ប្រទេស​កំពុង​អភិវឌ្ឍន៍ ចាប់ផ្តើម​ពង្រីក​សេវា​ផ្គត់ផ្គង់​ប្រាក់​និវត្តន៍​ទៅ​មនុស្ស​ចាស់។ គេ​រកឃើញ​សញ្ញា​វិជ្ជមាន នៅ​ក្នុង​ប្រទេស​ចិន ជាទី​ដែល​មនុស្ស​២៥ភាគរយ​នៃ​ប្រជាជន​ចិន​សរុប ​បាន​ទទួល​ប្រាក់​សោធននិវត្តន៍ពី​រដ្ឋ។

ជាទូទៅ រដ្ឋាភិបាល​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​គ្មាន​នយោបាយ​ផ្តល់​ប្រាក់​និវត្តន៍​ទៅ​ឲ្យ​មនុស្ស​ចាស់ ក្នុង​ពេល​ដែល​ប្រទេស​ខ្លះ​ចំណាយ​២​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ទៅលើ​កេស​ប្រាក់​សោធននិវត្តន៍​។ ប្រទេស​នៅ​អឺរ៉ុប​បាន​ចាត់ចែង​រក្សា​ប្រាក់​១១​ភាគរយ​នៃ​ផលិតក្នុង​សរុប​ សម្រាប់​កេស​ចូលនិវត្តន៍របស់​មនុស្ស​ចាស់។ 

មនុស្ស​ចាស់​ចិន​បាន​ទទួល​ប្រាក់​និវត្តន៍​តែ​៧០ភាគរយ​ប៉ុណ្ណោះ។ សម្រាប់​ប្រធាន​ផ្នែក​ការពារ​សង្គម​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ផ្តល់​ប្រាក់​និវត្តន៍​ទៅ​មនុស្ស​កាន់តែ​ច្រើន​ជា​រឿង​ល្អមួយ ប៉ុន្តែ ការផ្តល់​ប្រាក់​និវត្តន៍​ច្រើន​ដើម្បី​ឲ្យ​មនុស្ស​ចាស់​រស់នៅ​សមរម្យ​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត។

តាម​អង្គការ​ពលកម្ម​អន្តរជាតិ មនុស្ស​ចាស់​ចូល​និវត្តន៍​នៅ​សហភាព​អឺរ៉ុប​កំពុង​ជួប​ស្ថានភាព​ខ្វះខាត បើទោះបី​ជាពួកគេ​បាន​ទទួល​ប្រាក់​សោធននិវត្តន៍​រួចហើយក្តី។ នយោបាយ​រឹតបន្តឹង​ថវិកា​របស់​រដ្ឋាភិបាល​នៅ​បណ្តាប្រទេស​អឺរ៉ុប ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកា​បាន​ជំរុញ​ឲ្យ​មនុស្ស​ចាស់​រស់នៅក្នុង​ភាពក្រីក្រ កាន់តែច្រើន និង​ត្រូវ​គេ​ផាត់​ចេញ​ពី​សង្គមទៀត។ នយោបាយ​កាត់បន្ថយ​ចំណាយ​សាធារណៈ​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវភាព​របស់​មនុស្ស​ចាស់អឺរ៉ុប​ប្រមាណ ១២៣​លាន​នាក់ ស្មើ​នឹង​២៤​ភាគរយ​នៃ​ប្រជាជន​អឺរ៉ុប​សរុប៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ