អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

២៤ម៉ោង ចិនបាន​បញ្ជូន​យន្តហោះចម្បាំង២៣គ្រឿង និង​នាវាចម្បាំង​៥គ្រឿង ទៅក្រវែល​តៃវ៉ាន់

យ៉ាងហោចណាស់ មានយន្តហោះចម្បាំង​របស់ចិនចំនួន​២៣គ្រឿង ព្រមទាំង​នាវាចម្បាំង​៥គ្រឿងផង ដែលបាន​មកក្រវែល​ក្បែរកោះតៃវ៉ាន់ រវាងពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍​ទី​៩ឧសភា​។ នេះបើផ្អែកតាមការអះអាង របស់​ក្រសួងការពារជាតិតៃវ៉ាន់។ វត្តមានចូលកៀកតៃវ៉ាន់​កាន់តែញឹក និងកាន់តែមានចំនួន​ច្រើន​នៃ​នាវានិងយន្តហោះចម្បាំងរបស់ចិននេះ បានបង្ហាញពីការគំរាមសម្លុតខ្លាំងទៅៗ ពីសំណាក់ចិនទៅលើកោះតៃវ៉ាន់។​

២៤ម៉ោង ចិនបាន​បញ្ជូន​យន្តហោះចម្បាំង២៣គ្រឿង និង​នាវាចម្បាំង​៥គ្រឿង ទៅក្រវែល​តៃវ៉ាន់
២៤ម៉ោង ចិនបាន​បញ្ជូន​យន្តហោះចម្បាំង២៣គ្រឿង និង​នាវាចម្បាំង​៥គ្រឿង ទៅក្រវែល​តៃវ៉ាន់ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា រវាងពីម៉ោង​៦ព្រឹកថ្ងៃពុធ ដល់​ម៉ោងម៉ោង​៦ព្រឹកថ្ងៃព្រហស្បតិ៍​ទី​៩ឧសភា​ ពោល​គឺ២៤ម៉ោង គឺបាន​ចាប់រលកសញ្ញា ឃើញថាមាន​យន្តហោះចម្បាំងចិន​ចំនួន​២៣គ្រឿង និង​នាវាចម្បាំងចិន​ចំនួន​​យ៉ាងហោច​៥គ្រឿង​ បានចូលមកក្រវែល​ក្បែរតៃវ៉ាន់។ ប្រភពដដែលអះអាងថា យ៉ាងហោចណាស់ មាន​យន្តហោះ​ចម្បាំង៨គ្រឿង ក្នុង​ចំណោម​ទាំង​២៣គ្រឿង បានហោះឆ្លងខ្សែបន្ទាត់ ដែលពុះចែកលំហពី​លើ​​ច្រកសមុទ្រតៃវ៉ាន់ ហើយ​បានហោះឆ្លងចូលមកខាង​តៃវ៉ាន់។

សូមបញ្ជាក់ថា កោះ​តៃវ៉ាន់ និងចិនដីគោក ត្រូវពុះចែកពីគ្នា​ដោយ​​​ច្រកសមុទ្រតៃវ៉ាន់ ដែលមានទទឹងចម្ងាយ​១៨០ម៉ែត្រ។ ចិនដែលចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន មិនទទួលស្គាល់​បន្ទាត់ពុះចែក ចំកណ្តាល​ច្រកសមុទ្រតៃវ៉ាន់ឡើយ​។

ដោយឡែក​​ នៅថ្ងៃព្រហស្បតិ៍ ទី​៩ឧសភា កងឆ្មាំសមុទ្រតៃវ៉ាន់ បានអះអាងថា យ៉ាងហោចណាស់មាននាវា១២គ្រឿងរបស់ចិន បានចូលមកក្បែរ​កោះ​Kinmen របស់តៃវ៉ាន់។ ក្នុងចំណោមនេះ មាន​៧គ្រឿង ជានាវា​របស់នាយកដ្ឋានសមុទ្រនិង​នេសាទចិន ដែល​បានធ្វើដំណើរឆ្លងចូលមកក្នុងដែនទឹកតៃវ៉ាន់ នៅវេលាម៉ោងប្រមាណ​ជា​៣សៀល។

គួរកត់សំគាល់ថា វត្តមានរបស់​នាវាចម្បាំង​ និង​យន្តហោះចម្បាំងចិន ក្នុងចំនួន​ដ៏ច្រើនរវាង​តែ​២៤ម៉ោង ដែល​ក្រវែលជុំវិញតៃវ៉ាន់នេះ គឺស្របពេល​ដែល​កាលពីថ្ងៃពុធ នាវា​ចម្បាំងមួយគ្រឿងរបស់អាមេរិក ឈ្មោះ USS Halsey បាន​បើកកាត់ច្រកសមុទ្រតៃវ៉ាន់។​ នៅក្នុង​លិខិតប្រកាសរបស់​ខ្លួន កងទ័ពជើងទឹកអាមេរិក បាន​លើកឡើងថា នាវានេះបាន​បើក​កាត់តាមច្រកផ្លូវទឹក ដែល​ច្បាប់អន្តរជាតិបានការពារ ​សិទ្ធិសេរីភាព​ក្នុងធ្វើដំណើរឆ្លងកាត់។ លិខិតនេះបន្តថា ការបើកឆ្លងកាត់នេះ គឺបញ្ជាក់អំពីការ​ចូលរួម​របស់សហរដ្ឋអាមេរិក នៅក្នុងការការពារគោលការណ៍​សិទ្ធិសេរីភាពចរាចរណ៍​ផ្លូវទឹក សម្រាប់គ្រប់ប្រទេសទាំងអស់។ គ្មានប្រទេសណាមួយ នៅក្នុងសហគមន៍អន្តរជាតិ ដែលត្រូវបានគេរារាំង បំភ័យ ឬសំឡុតឲ្យ​បោះបង់សិទ្ធិនេះចោលបានឡើយ​។

ពីខាងភាគីចិន​ អគ្គបញ្ជាការកងទ័ពចិនភូមិភាគខាងកើត បាន​ឲ្យដឹងកាលពីថ្ងៃពុធថា គេ​បានបញ្ជាកងកម្លាំង​ជើងទឹក ព្រមទាំងយន្តហោះល្បាតផង ឲ្យ​តាមឃ្លាំមើល​ដំណើរឆ្លងកាត់របស់​នាវាចម្បាំងអាមេរិក​។ លោក Li Xi អ្នកនាំពាក្យ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពចិន​នេះ​ បាន​លើកឡើងថា​ កងកម្លាំងភូមិភាគខាងកើត ត្រៀម​ខ្លួន​ប្រុងប្រៀប​ជានិច្ច ដើម្បីការពារ​អធិបតេយ្យ​ភាព និងបូរណភាពដែនដីរបស់ចិន​។

សូមបញ្ជាក់ថា សំណុំរឿងកោះតៃវ៉ាន់ នៅតែជាការព្រួយបារម្ភដ៏ធំ សម្រាប់ស្ថិរភាពនិងសន្តិភាពតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈចិន​ប្រកាសជំហរកាន់តែ​ច្បាស់ ថាខ្លួន​មិនញញើតក្នុងការប្រើកម្លាំង​ដើម្បី​យកតៃវ៉ាន់​មកគ្រប់គ្រង។ កាលពីចុងខែ​មេសា សហរដ្ឋអាមេរិក​បានសម្រេចកញ្ចប់ថវិកាជំនួយយោធា ចំនួន​៨ពាន់លានដុល្លារ ដើម្បីជួយតៃវ៉ាន់​។ តាមការគ្រោងទុក នៅថ្ងៃទី​២០ឧសភា លោក Lai Ching-Te ប្រធានាធិបតីជាប់ឆ្នោត​ថ្មីរបស់តៃវ៉ាន់ នឹងចូលកាន់អំណាចជាផ្លូវការ​។ មិនខុសពី​លោកស្រី​សៃ អ៊ីង​វេន លោក​ម្នាក់នេះ មានទំនោរ​ចង់ធ្វើ​ឲ្យតៃវ៉ាន់មានអធិបតេយ្យភាព​ពេញបរិបូរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ