អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី ប្រារព្ធខួប៧៩ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា លោក វ៉្លាឌីមៀរ ពូទីន ដែលទើបចូលកាន់តំណែងផ្លូវការ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិថ្មី បានបង្ហាញអធិបតីភាព ក្នុងពិធីត្រួតពល នៃមហាក្បួនព្យុហយាត្រា កងទ័ពប្រចាំឆ្នាំ ដែលរៀបចំឡើង ជាកិច្ចគម្រប់ខួបជ័យជំនះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី ២។ គួរបញ្ជាក់ថា តាំងពីបានឡើងកាន់អំណាចកំពូល នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ពូទីន រមែងយកទិវាខួបជ័យជំនះ ១៩៤៥ ធ្វើជាលេសដើម្បីបន្តវាយលុក ទៅលើអ៊ុយក្រែន ដែលលោក ពូទីន​ ឲ្យឈ្មោះថាជា របបណាហ្ស៊ីសម័យថ្មី។ ថ្លែងពីទីលានក្រហម នៅក្បែរវិមានក្រេមឡាំង លោក ពូទីន អះអាងថា រុស្ស៊ី តែងព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ចៀសសង្គ្រាមកុំឲ្យ រីករាលដាលក្លាយជាសង្គ្រាមលោក។ តែទន្ទឹមគ្នានេះ រុស្ស៊ី ក៏ត្រៀមខ្លួនរួចជាស្រេច នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តបទៅគូសត្រូវវិញ ក្នុងករណីដែលរុស្ស៊ី រងការគំរាមកំហែង ជាមុន។

រុស្ស៊ីប្រារព្ធខួប ៧៩ ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន
រុស្ស៊ីប្រារព្ធខួប ៧៩ ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន AP - Ramil Sitdikov
ផ្សាយពាណិជ្ជកម្ម

ក្នុងវ័យ ៧១ ឆ្នាំ លោក ពូទីន បានប្រកាន់យកតួនាទី ជាអ្នកស្នងមរតក ពីអតីតមហាអំណាចសូវៀត ដែលមានជ័យជំនះលើពួកអាល្លឺម៉ង់ណាហ្ស៊ី ក្នុងឆ្នាំ ១៩៤៥ ទោះបីជាការប្រយុទ្ធនេះ បានផ្តាច់យកជីវិតជនជាតិរុស្ស៊ី រហូតដល់ជាង ២៧ លាន នាក់ យ៉ាងណាក្តី។ សម្រាប់លោក ពូទីន ភាពជាអ្នកបន្តវេន ពីសម័យសូវៀត គឺជាការធានា លើភាពស្របច្បាប់ នៃការក្តោបក្តាប់អំណាចរបស់ ប្រធានាធិបតី ចាស់វស្សារូបនេះ។

យ៉ាងណាមិញ ព្យុហយាត្រាកងទ័ពនៅថ្ងៃទី ៩ ឧសភា គឺជារូបភាពស្នូល ដែលបង្ហាញទៅកាន់ពលរដ្ឋរុស្ស៊ី និង ពិភពលោក អំពីឫទ្ធានុភាព របស់រុស្ស៊ី។ ប៉ុន្តែ ព្យុហយាត្រានេះ ពុំអាចលាក់បាំង ពីការធ្លាក់ចុះ នៃកម្រិតសន្តិសុខក្នុងប្រទេស និង ភាពចម្រូងចម្រាស់វិស័យការទូត តាំងពីសង្គ្រាមបានផ្ទុះឡើង នៅអ៊ុយក្រែន។

ជាក់ស្តែង ក្នុងពិធីខួប ៧៩ ឆ្នាំនេះ គេសង្កេតឃើញមានប្រមុខរដ្ឋតែ ៥ នាក់គត់ ដែលបានចូលរួម មាន ប្រទេស បេឡារុស ឡាវ និង គុយបា ជាដើម។ នេះបង្ហាញច្បាស់ពី ភាពឯការបស់លោក ពូទីន នៅលើឆាកអន្តរជាតិ។ ពុំតែប៉ុណ្ណោះ គម្លាតរវាងរុស្ស៊ី និង បណ្តាប្រទេសបស្ចិមលោក កាន់តែរីកធំថែមទៀត បន្ទាប់ពី លោក ពូទីន បានប្រកាសធ្វើលំហាត់សឹកនុយក្លេអ៊ែរ ដើម្បីឆ្លើយតបនឹងការគម្រាម របស់លោកខាងលិច មកលើរុស្ស៊ី។

គួរបញ្ជាក់ដែរថា ជាងពីរឆ្នាំមកនេះ ក្រោយពីផ្តើមវាយលុកប្រឆាំងក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២ បច្ចុប្បន្ន កងទ័ពរុស្ស៊ី បន្តរុលទៅមុខសន្សឹមៗ ចូលក្នុងទឹកដីភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយ កំពុងស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ ជាងឆ្នាំ ២០២៣ ទោះបីបានរងការខូចខាត មួយចំនួនក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ