អានតួអត្ថបទ
ភូមា-ជនភៀសខ្លួន

អ.ស.ប.៖ ជន​ភៀសខ្លួន​ភូមា​​ ឡើង​ដល់ជិត​ ៣ លាន​នាក់

នៅប្រទេស​ភូមា ជន​ភៀសខ្លួនព្រោះតែ​ភ្នក់ភ្លើង​សង្គ្រាម ​មានចំនួនកើន​ច្រើន​ឡើងៗ​ពីមួយ​ថ្ងៃទៅមួយ​។ បើតាមទិន្នន័យរបស់​​ ​អង្គការ​សហប្រជាជាតិ ចំនួន​ជន​ភៀសខ្លួន​ភូមា ឡើង​ដល់​ជិត ៣ លាននាក់ ត្រឹម​ខែ​ឧសភា។ នា៦ខែចុងក្រោយនេះ មាន​សន្ទុះ​ភៀសខ្លួន​កាន់តែ​ខ្លាំង ព្រោះតែ​ដរ​ចេញ​ពីការ​វាយប្រហារ​​ប្រឆាំង​របបសឹក​ភូមា​ ពីសំណាក់​កម្លាំង​ទ័ពក្រុម​ជនជាតិភាគតិច​។ ​​​ ​

អ.ស.ប. ថា ព្រោះតែ​សង្គ្រាម​ស៊ីវិល បានធ្វើឲ្យ​ ជន​ភៀសខ្លួន​ភូមា​​ ឡើង​ដល់ជិត​ ៣ លាន​នាក់​។​
អ.ស.ប. ថា ព្រោះតែ​សង្គ្រាម​ស៊ីវិល បានធ្វើឲ្យ​ ជន​ភៀសខ្លួន​ភូមា​​ ឡើង​ដល់ជិត​ ៣ លាន​នាក់​។​ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ភូមា ក្នុងឆ្នាំ២០២៤ បានធ្លាក់​ចូល​នៅក្នុង​វិបត្តិ​មនុស្សធម៌​ធ្ងន់​ធ្ងន់​ខ្លាំងណាស់។ នេះបើតាម​ការ​គូស​បង្ហាញ​របស់ អង្គការ​សហប្រជាជាតិ ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយ​ដើម​សប្តាហ៍។ តាម​ប្រភព​ដដែល​, គិតចាប់​​ពីដើមឆ្នាំ​២០២​១​​ តាំងពីពេលដែលឧត្តមសេនីយ៍  មីន អ៊ុងឡាំង ធ្វើ​​រដ្ឋប្រហារឡើង​​កាន់​ក្តាប់​អំណាច​រដ្ឋ មកទល់​នឹង​គ្រា​នេះ​ យ៉ាង​ហោច ​​ប្រជាពលរដ្ឋ​ ប្រមាណជាង​ ២ លាន​ ៧ សែន​នាក់ ត្រូវ​​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ចោល​លំនៅដ្ឋាន​ផ្ទះសម្បែង​ ដើម្បី​គេច​ចេញពីសង្គ្រាម​ស៊ីវិល​ និងអំពើហិង្សា​បង្ហូរ​ឈាម​។​ ក្នុងចំណោម​គ្រួសារ​ជន​ភៀសខ្លួន ជិត ​៣ លាននាក់​នេះ មាន១ភាគ​៣ សុទ្ធសឹងជា​កូន​ក្មេង​​​។ ពួក​គេ​​និរទេស​ភៀស​ខ្លួន​ទៅកាន់​ប្រទេសក្បែរខាង ដូច​ជា ថៃ ឥណ្ឌា និង​​បង់ក្លាដែស ជាដើម​។ នៅ​ជំរំភៀស​ខ្លួនបង់ក្លាដែស សម្បូរ​ដោយ​ជនជាតិ​រ៉ូហីងយ៉ា​ ណែន​ណាន់​តាន់តាប់។​ ស្ថានភាព​ទ្រាំទ្រលែង​បានហើយ ដែល​បង្ខំចិត្ត​ឲ្យ​ពួក​គេ​ប្រថុយជីវិត​ជាថ្មី តាមផ្លូវសមុទ្រ​ ​ទៅកាន់​ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។

អ្វីដែល​កត់សម្គាល់​ខ្លាំង ​​ស្ទើរតែ​ពាក់កណ្តាល​នៃជន​ភៀសខ្លួន ជិត​៣លាននាក់​នោះ គឺនាំគ្នា​សម្រុក​ភៀសខ្លួន​ខ្លាំង​មែនទែន​ នាអំលុង​ពេល​ ៦-៧ ខែ​ចុងក្រោយ​។​ នេះក៏ព្រោះតែភ្នក់ភ្លើង​សង្គ្រាម​ស៊ីវិល​កាន់តែ​ឆេះ​រោលខ្លាំងឡើងៗ​។ ក្រុមសម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច ៣ក្រុម ​​រួម​សាមគ្គីគ្នា​ បានបើកការ​វាយ​ប្រហារ​​សម្រុក​ប្រឆាំង​នឹង​កម្លាំង​យោធាភូ​មា​​​ ចាប់ពី​ខែ​តុលា ​ឆ្នាំ២០២៣​។ ជាហេតុធ្វើឲ្យ​ របប​សឹក​ភូមា​​បាន​បាត់បង់​មូលដ្ឋាន​យោធា ជាច្រើន និង​បាត់បង់​តំបន់​ច្រក​ផ្លូវ​ដង្ហើម​ពាណិជ្ជកម្ម​របស់ខ្លួន​ ជាមួយ​ ចិន។​

កម្លាំង​ក្រុមប្រដាប់អាវុធ​ប្រឆាំង​នឹង​របបសឹក​ភូមា​ ក៏​បាន​រីករាលដាល​​ច្រើន ​និង​កាន់តែ​កើនកម្លាំងខ្លាំង​ ព្រោះតែ​បាន​ជំនួយ​ថវិកា​និងសម្ភារៈ​ពីសំណាក់​​​រដ្ឋាភិបាល​ស្រមោល។ រដ្ឋាភិបាល​ស្រមោលភូមា​ ​មាន​ក្រុម​អតីត​អ្នក​នយោបាយ​​​របបចាស់ ​ចូលរួមផង​​​។ ​ ​ នៅ​ក្បែរព្រំដែន​ បង់ក្លាដែស និង​ឥណ្ឌា មូល​ដ្ឋាន​ទីតាំង​យោធាភូមាមួយ​ចំនួន ក៏​ត្រូវ​​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របបសឹក​ យក​ដណ្តើម​ខ្លះ​ដែរ​។ រីឯ​ នៅ​ព្រំដែន​​ថៃ ក៏មាន​ក្រុម​ជនជាតិ​ភាគតិច​ងើប​បះបោរ​ប្រឆាំងទៀត។

នៅ​ដើមខែ​មេសា ឆ្នាំ២០២៤ ​បណ្តាញ​ព័ត៌មាន​​អង់គ្លេស BBC​ បាន​​ផ្សព្វផ្សាយថា​ ពួក​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​​នឹង​របបសឹកភូមា​​ បាន​វាយលុក​​ ស្ទើរតែ ​៦០% នៃផ្ទៃប្រទេស។ សូម្បីតែ​មូលដ្ឋាន​យោធា​រដ្ឋធានី​ណៃពិដោរ និង​ស្ថាប័នសាធារណៈ​របបសឹកភូមា ក៏​ឋិត​នៅក្នុង​ផ្ទាំងស៊ីប​របស់កម្លាំង​បះបោរដែរ។​

ភូមា មានប្រជាជន​ប្រមាណ ៥៤ លាននាក់។ មនុស្ស​ស្លាប់​រាប់​ពាន់​នាក់ព្រោះតែ​សង្គ្រាម​ស៊ីវិល ហើយ ​អង្គការ​សហប្រជាជាតិ​ ​​បញ្ជាក់ទៀតថា ជនជាតិ​ភូមា យ៉ាងតិច​ ​១២,៩ លាននាក់កំពុងតែ​ខ្វះ​ស្បៀង​អាហារទទួល​ទាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ