អានតួអត្ថបទ
បារំាង

កំណែ​ទម្រង់​ច្បាប់​ចូល​និវត្តន៍៖ បរិយាកាស​​សង្គម​កំពុង​បន្ត​តានតឹង

តំាង​តែ​ពី​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​មក ស្ថានការណ៍​ក្នុង​សង្គម​ហាក់​ដូច​ជា​បាន​​តានតឹង​ឡើង​ជា​លំដាប់។ កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​ត្រូវ​បាន​សភា ពិនិត្យ អនុម័ត​រួច​ហើយ និង​ដែល​ខណៈ​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​សមាជិក​ព្រឹទ្ធសភា។ តាម​គម្រោង ព្រឹទ្ធសភា​នឹង​ពិនិត្យ សម្រេច​នៅ​ថ្ងៃ​ពុធ ទី២០ តុលា​សប្តាហ៍​ក្រោយ។ បន្ទាប់​មក ទើប​គណៈកម្មការ​ចម្រុះ​សភា និង​ព្រឹទ្ធសភា​អនុម័ត​ចុង​ក្រោយ។ តែ​រហូត​មក​ដល់​ថ្ងៃសៅរ៍ ទី១៦ តុលា​នេះ​ទៀត ក្បួន​បាតុកម្ម​ប្រឆំាង​នឹង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​នេះ​មាន​សន្ទុះ​កាន់​តែ​ខ្លំាង​ឡើងៗ និង​តានតឹង។

បាតុកម្ម​ប្រឆំាង​នឹង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​ក្នុង​ប្រទេស​បារំាង
បាតុកម្ម​ប្រឆំាង​នឹង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​ក្នុង​ប្រទេស​បារំាង ©REUTERS/Jean-Paul Pelissier
ផ្សាយពាណិជ្ជកម្ម
08:39

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

បើ​​គិត​តំាង​ពី ៦​សប្តាហ៍​មក បាតុកម្ម​នៅ​ថ្ងៃ​នេះ គឺ​ជា​ក្បួនបាតុកម្ម​ធំ​លើក​ទី​៥​ហើយ។ គឺ​ជា​ក្បួន​បាតុកម្ម​ដែល​រៀប​ចំ​ដោយ​សហជីព​ចម្រុះ​បារំាង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​វិញ​នូវ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍។ ដំបូង​ឡើយ ពលរដ្ឋ​បារំាង​ភាគច្រើន​ដែល​ចូល​រួម​ដង្ហែ​ក្បួនបាតុកម្ម​នៅ​តាម​ខេត្ត ក្រុង​ទូទំាង​ប្រទេស ច្រើន​ជា​បុគ្គលិក​រដ្ឋ ដូច​យ៉ាង​គ្រូបង្រៀន បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ ។ល។ និង​។ល។ បន្ទាប់​មក​ទៀត ក្បួន​បាតុកម្ម​ក៏​បាន​ចូល​រួម​ដោយ​បុគ្គលិក កម្មករ​នៅ​តាម​ក្រុមហ៊ុន និង​រោងចក្រសហគ្រាស​ឯកជន។ ជា​ទូទៅ ក្បួន​បាតុកម្ម​របស់​ពួក​គេ​ទំាង​នេះ មិន​សូវ​បង្ក​ចេញ​នូវ​អំពើ​ហិង្សា​ជា​ដុំ​កំភួន​អ្វី​ទេ។ តែ​គ្រប់​សកម្មភាព​ក្នុង​ស្រុក​ហាក់​ដូច​ជា​បាន​ជាប់​គំាង​មួយ​កន្លែង សេវា​ដឹក​ជញ្ជូន​សាធារណៈ​មាន​ដំណើរ​ការ​យ៉ាង​រអាក់រអួល សាលារៀន​បិទទ្វារ រោងចក្រ​​ចម្រាញ់​ប្រេង​ជា​ច្រើន​កន្លែង​ត្រូវ​បាន​បិទ​ខ្ទប់ ដែល​ជា​ហេតុ​នំា​ឲ្យ​ស្ថានីយ៍​លក់​ប្រេង​ខ្វះ​ប្រេង​លក់ កម្មវិធី​ផ្សាយ​នៅ​តាម​ទូរទស្សន៍ និង​វិទ្យុ​មាន​ការ​រអាក់រអួល ដូច​យ៉ាង​កម្មវិធី​ផ្សាយ​តាម​រលកវិទ្យុ​បារំាង​អន្តរជាតិ ជា​ឧទាហរណ៍​ជាក់​ស្តែង។

ឥឡូវ​នេះ ស្ថានការណ៍​បាន​ធ្លាក់​កាន់​តែ​ដុនដាប​មួយ​កំរិត​ទៀត​នា​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ព្រោះថា ចលនា​ប្រឆំាង​បាន​ចូល​រួម​ដោយ​ក្រុម​សិស្ស និស្សិត​នៅ​តាម​វិទ្យាល័យ និង​មហាវិទ្យាល័យ​មួយ​ចំនួន​នៅ​ទូទំាង​ប្រទេស។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ក្បួន​បាតុកម្ម​របស់​សិស្ស និស្សិត​មាន​ទំហំ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត ដោយ​មាន​ការ​ចូល​រួម​ពី​សិស្ស និស្សិត​រាប់​សិប​ពាន់​នាក់​មក​ពី​វិទ្យាល័យ​ប្រមាណ​ជា ៩០០ នៅ​សឹង​តែ​គ្រប់​ខេត្ត ក្រុង​ទូទាំង​ប្រទេស។

អ្វី​ជា​ការ​កត់​សម្គាល់ និង​ខុស​ពី​ក្បួនបាតុកម្ម​របស់​បុគ្គលិក កម្មករ ក្បួនបាតុកម្ម​របស់​សិស្ស និស្សិត​ដែល​មាន​បង្កប់​ដោយ​ក្រុម​ខិលខូច អ្នក​វាយ​បំផ្លិចបំផ្លាញ ច្រើន​​បង្ក​ចេញ​នូវ​មហន្តរាយ និង​អំពើហិង្សា​យ៉ាង​ខ្លំាង​ក្លា​ជា​មួយ​ក្រុម​ប៉ូលីស។ រហូត​មក​ទល់​ពេល​នេះ ប៉ូលីស​បាន​ចាប់​ខ្លួន ២៦៤​នាក់។ មួយ​វិញ​ទៀត អន្តរាគមន៍​របស់​ក្រុម​ប៉ូលីស​បាន​បណ្តាល​ឲ្យ​រងរបួស​កូនសិស្ស​ជា​ច្រើន​នាក់​ទៀត​ផង។

គឺ​វត្តមាន​របស់​សិស្ស និស្សិត ឬ​យើង​អាច​និយាយ​ថា ក្រុម​យុវវ័យ​នៅ​ក្នុង​ក្បួនបាតុកម្ម​នា​ពេល​នេះ​ឯង ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឈឺ​ក្បាល​យ៉ាង​ខ្លំាង។

បាតុករ​ប្រឆំាង CPE កាល​ពី​ឆ្នំា ២០០៦
បាតុករ​ប្រឆំាង CPE កាល​ពី​ឆ្នំា ២០០៦ ©RFI

មេរៀន​ជូរចត់​កាល​ពី ៤ឆ្នំា​មុន ដែល​ត្រូវ​ចៀសវាង

អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​នោះ គឺ​ខ្លាច​តែ​ចលនា​ងើប​បះបោរ​របស់​ក្រុម​យុវវ័យ​នា​ពេល​នេះ រីករាលដាល​កាន់​តែ​ធំ​ទៅៗ។ មួយ​វិញ​ទៀត ការ​ប្រើ​កម្លំាង​បាយ​ដើម្បី​បង្រ្កាប​លើ​ក្រុម​យុវវ័យ ដែល​យើង​តែង​ហៅ​ថា​ក្រុម​ក្មេង​ឈាម​រាវ វា​រឹត​តែ​បញ្ឆេះ​​កំហឹង និង​ជម្រុញ​ឲ្យ​ពួក​គេ​កាន់​តែ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដោយ​មិន​ខ្លាច​ស្លាប់​ទៀត​ផង។ អ៊ីចឹង​បាន​ជា​ក្រោយ​ពី​មាន​ការ​បង្រ្កាប​យ៉ាង​ចាស់​ដៃ​ដែល​បណ្តាល​ឲ្យ​របួស​កូនសិស្ស​ម្នាក់​អាយុ ១៦​ត្រង់​ភ្នែក​ដោយ​គ្រាប់​កំាភ្លើង​ជ័រ​មក ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ព្យួរ​ការ​ប្រើ​ប្រាស់​កំាភ្លើង​គ្រាប់​ជ័រ​ក្នុង​ការ​បង្រ្កាប​លើ​បាតុករ ពិសេស បញ្ជា​ឲ្យ​កង​សមត្ថកិច្ច​អត់ធ្មត់​នៅ​ចំពោះ​មុខ​ការ​ញុះញង់​របស់​ក្រុម​សិស្ស និស្សិត។

តើ​អ្នក​ណា​ដែល​បាន​អំពាវនាវ​ឲ្យ​សិស្ស និស្សិត​ចូល​រួម​នៅ​ក្នុង​ក្បួនបាតុកម្ម​ប្រឆំាង​នឹង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​នា​ពេល​នេះ ?

នេះ​ហើយ​ជា​សំណួរ ដែល​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​សង្រ្គាម​ពាក្យ​សំដី​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆំាង រវាង​រដ្ឋាភិបាល និង​ក្រុម​សហជីព និង​រវាង​ក្រុមសហជីព និង​ក្រុម​សហជីព​ដូច​គ្នា។

ការ​ដែល​រដ្ឋាភិបាល​បារម្ភ​ពី​ការ​ចូល​រួម​របស់​សិស្ស និស្សិត​ក្នុង​ការ​ប្រឆំាង​នឹង​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​របស់​ខ្លួន​នា​ពេល​នេះ មក​ពី​រដ្ឋាភិបាល​ធ្លាប់​មាន​បទពិសោធន៍​ដ៏​ល្វីង​​ជូរចត់​មួយ​កាល​ពី ៤ឆ្នំា​មុន។ ៤​ឆ្នំា​មុន ដែល​រដ្ឋអំណាច​ក៏​ស្ថិត​ក្នុង​កណ្តាប់​ដៃ​គណបក្ស​ស្តំានិយម​ដូច​បច្ចុប្បន្ន តែ​ប្រធានាធិបតី​កាល​ណោះ គឺ​លោក Jacque Chirac និង​នាយករដ្ឋមន្រ្តី លោក Dominique de Villepin។ កាល​ពី​៤​ឆ្នំា​មុន ពោល​គឺ​ក្នុង​ឆ្នំា ២០០៦ រដ្ឋាភិបាល​របស់​លោក Villepin បាន​បង្កើត​ឲ្យ​មាន​ប្រភេទ​កិច្ចសន្យា​ការងារ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា កិច្ច​សន្យា​ចូល​ធ្វើ​ការ​ដំបូង ឬ​ភាសា​បារំាង​ហៅ​ថា Contrat Première Embauche ហៅកាត់​ថា CPE។ លោក Villepin បាន​បង្កើត CPE ឡើង​ក្នុង​គោលដៅ​ជួយ​សម្រួល​ការ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ការងារ​លើក​ដំបូង​របស់​ក្រុម​យុវវ័យ​ដែល​មាន​អាយុ​ក្រោម ២៦ឆ្នំា។

ក៏​ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​យល់​ឃើញ​របស់​ក្រុម​សិស្ស និស្សិត និង​ក្រុម​យុវវ័យ​ជា​ទូទៅ​ទេ។ ពួក​គេ​ក៏​បាន​ផ្តើម​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​យ៉ាង​ភ្លូកទឹក ភ្លូក​ដី ដែល​នៅ​ទី​បំផុត លោក Villepin ក៏​បាន​សម្រេច​ចិត្ត​ដក CPE នោះ​ចេញ​វិញ​ជា​បន្ទាន់​ភ្លាមៗ​ដែរ។

លោក នីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារំាង
លោក នីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារំាង AFP

រដ្ឋាភិបាល​មិន​ចុះ​ញ៉ម​ចំពោះ​មុខ​ក្បួនបាតុកម្ម

រហូត​មក​ទល់​ម៉ោង​នេះ រដ្ឋាភិបាល​នៅ​បន្ត​រក្សា​ជំហ​របស់​ខ្លួន​ដដែល ដោយ​មិន​ព្រម​ដក​ថយ​ទេ។ ទំាង​លោក​ប្រធានាធិបតី ទំាង​លោក​នាយករដ្ឋមន្រ្តី និង​សមាជិក​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​របស់​បក្ស​កាន់​អំណាច បាន​និង​កំពុង​បន្ត​ព្យាយាម​ពន្យល់​បក​ស្រាយ​ប្រាប់​ពលរដ្ឋ​បារំាង​ទំាង​អស់ អំពី​ផលប្រយោជន៍​នៃ​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​ដែល​មិន​អាច​ខ្វះ​បាន។ យោង​តាម​រដ្ឋាភិបាល ប្រសិន​បើ​គ្មាន​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​ទេ ក្នុង រយៈពេល ២០ឆ្នំា ខាង​មុខ អ្នក​ចូល​និវត្តន៍​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូល​និវត្តន៍ ៦នាក់ នឹង​គ្មាន​បាន​ទទួល​ប្រាក់​ចូល​និវត្តន៍​ទេ។

លោក​ប្រធានាធិបតី​សាកូហ្ស៊ី​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា លោក​នឹង​មិន​ព្រម​ចុះ​ញ៉ម​នៅ​ចំពោះ​មុខ​ក្បួនបាតុកម្ម​ទេ។ ចំពោះ​លោក សាកូហ្ស៊ី បើ​ឲ្យ​តែ​មាន​បាតុកម្ម​ម្តងៗ រដ្ឋាភិបាល​ត្រូវ​តែ​ដក​ថយ​នោះ គេ​មិន​បាច់​ធ្វើ​កំណែទម្រង់​អ្វី​ទំាង​អស់​នៅ​ក្នុង​ប្រទេស​បារំាង។

អ៊ីចឹង​សួរ​ថា បើ​ក្បួន​បាតុកម្ម​នៅ​តែ​បន្ត​ខ្លំាង​ឡើង តើ​អាច​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​​ដក​កំណែទម្រង់​ចេញ​វិញ​ដែរ ឬ​ទេ ?

ចម្លើយ​គឺ​មិន​អាច​ថា​បាន។ តែ​ក្នុង​ពេល​នេះ មាន​ពលរដ្ឋ​បារំាង​ភាគច្រើន​បាន​គំាទ្រ​ក្បួនបាតុកម្ម ដោយ​ពួក​គេ​បាន​ចាត់​ទុក​កំណែទម្រង់​ច្បាប់​ចូល​និវត្តន៍​របស់​រដ្ឋាភិបាល ថា​មិន​យុត្តិធម៌ និង​គ្មាន​ប្រសិទ្ធិភាព។ សម្រាប់​អ្នក​ខ្លះ​ទៀត បាន​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​បើក​កិច្ចចរចា​ជា​មួយ​ក្រុម​សហជីព ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សមស្រប​មួយ ទទួល​យក​បាន​ទំាង​អស់​គ្នា។

តែ​យ៉ាង​ណា​ក៏​ដោយ ការ​ពិត​នឹង​ស្តែង​ឲ្យ​ឃើញ​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ថា ក្បួនបាតុកម្ម​ដ៏​ធំ​មួយ​ទៀត​នឹង​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​អង្គារ ទី១៩ តុលា​សប្តាហ៍​ក្រោយ ពោល​គឺ​១ថ្ងៃ មុន​ព្រឹទ្ធសភា​បោះឆ្នោត​សម្រេច។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ