អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហូឡង់៖ នាយករដ្ឋមន្ត្រី រំលាយ​រដ្ឋាភិបាល និងថ្វាយ​ញត្តិលាលែង​ពីដំណែង​ជូន​ព្រះរាជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេសហូឡង់ ក្រោយពី​​រំលាយ​រដ្ឋាភិបាល​នៅថ្ងៃសុក្រ​ នាយករដ្ឋមន្រ្តី លោក ម៉ាក រូតត៍ បានចូល​គាល់​ព្រះ​មហាក្សត្រ និងថ្វាយ​ញត្តិ​សុំ​លាលែងចុះ​​ពី​ដំណែង នាល្ងាចថ្ងៃសៅរ៍ ទី៨ កក្កដា ​។ ​ ​រដ្ឋាភិបាលចម្រុះរបស់លោក ម៉ាក រូត គឺ​ទើបតែ​ដឹកនាំប្រទេស បាន ១ឆ្នាំកន្លះប៉ុណ្ណោះ។ តើមានហេតុផលអ្វីខ្លះ ដែលបានទាញទម្លាក់រដ្ឋាភិបាលចម្រុះហូឡង់​ ​?  

នាយករដ្ឋមន្រ្តីហូឡង់​ លោក ម៉ាក រូតត៍ ចូល​កាន់​អំណាច​ តាំងពីនៅខែតុលា ឆ្នាំ​២០១០។
នាយករដ្ឋមន្រ្តីហូឡង់​ លោក ម៉ាក រូតត៍ ចូល​កាន់​អំណាច​ តាំងពីនៅខែតុលា ឆ្នាំ​២០១០។ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

​ដើម​ហេតុ​នៃ​ការ​ដួលរលំ​រដ្ឋាភិបាល​

ដើម​ចម​ពី​ដំបូង​ឡើយ គឺ ​កាល​សប្តាហ៍​មុន រដ្ឋាភិបា​លរបស់​ នាយករដ្ឋមន្រ្តី លោក ម៉ាក រូតត៍ ​ បាន​ចេញ​ចំណាត់​ការ​ច្បាប់​ថ្មី ជុំ​វិញ​ការ​គ្រប់​គ្រង​ជន​អន្តោប្រ​វេសន៍​។​ នៅ​ហូឡង់ បញ្ហា​ជន​ភៀសខ្លួន ជារឿង​រស៊ើប​ខ្លាំង​។ កាលពី​ឆ្នាំមុន​ មណ្ឌល​ទទួល​ជន​ភៀសខ្លួន​ ផ្ទុកមនុស្ស​​ច្រើន​លើក​ចំណុះ។ ជនភៀសខ្លួន​ មួយ​ចំនួន​ ក៏ត្រូវ​បង្ខំ​ចិត្ត​ ដេក​នៅ​ខាងក្រៅ រស់នៅ​លំបាក​លំបិន​​ ត្រូ​វ​​ខ្យល់ ​ត្រូវ​ភ្លៀង និង​កំដៅ​ថ្ងៃ ដែលត្រូវគេ​រិះគន់​និង​ទម្លាក់​កំហុស​លើ​រដ្ឋអំណាច​។​ ​​ រឿង​អាស្រូវ​កាន់​តែផ្ទុះ​ខ្លាំង នៅពេល​​កូនក្មេងម្នាក់​ស្លាប់។ តាំងពីនោះមក រដ្ឋាភិបាល សន្យា​រៀបចំ​ឲ្យ​បាន​ស្រួល​។​

ផ្ទុយទៅវិញ ​ រដ្ឋអំណាច ហាក់​ចេញ​វិធានការណ៍​​ ខុស​ពី​ការ​សន្យា។ នៅ​ម្ខាង​ សន្យា​ថា​ ជួយ​ទទួល​ជន​ភៀសខ្លួន ពិសេស​សន្យា​ជាមួយ​ អ៊ុយក្រែន ថា​នឹង​គាំទ្រ​អ៊ុយក្រែន​ជានិច្ច ខាង​ផ្លូវ​ស្មារតី​សឹក​ចម្បាំង និង​​ជួយ​ជន​ជន​ស៊ីវិលភៀសខ្លួន​​។ ក៏ប៉ុន្តែ ជន​ភៀសខ្លួន នៅ​ហូឡង់ បាន​កើនឡើង​លើស​ចំណុះ​ ពោលគឺ ឆ្នាំទៅមិញ មានជាង​ ៤ ម៉ឺន ៦ ពាន់​នាក់។ ឆ្នាំ២០២៣នេះ​ គ្រាន់តែ​ត្រឹម​ ខែ​កក្កដា​ អត្រា​ជន​ភៀសខ្លួន ហក់​កើនឡើ​​ង​រហូត​ដល់​ជាង ៧ ម៉ឺននាក់ឯណោះ។ ហេតុនេះ ទើប​រដ្ឋាភិបាល​សម្រេច​ចេញ​វិធានការណ៍ថ្មី ដើម្បី​គ្រប់គ្រង​​ចំនួនជន​ភៀសខ្លួន។ នៅក្នុង​ចំណាត់​ការនោះ​ គឺ​មាន​ចែង​ពីការ​​ចង់​កំណត់​ការ​ទទួលកូនៗ​របស់​ជន​ភៀសខ្លួន ឲ្យ​​ត្រឹមតែ ២០០ នាក់តែប៉ុណ្ណោះ​ ក្នុង​មួយ​ខែៗ និង​បាន​កំហិត​ឲ្យ​ជន​សុំ​សិទ្ធិ​ជ្រក​កោណ ស្នាក់​នៅ​ហូឡង់​ឲ្យ​បានយ៉ាង​ហោច​ ​២ឆ្នាំ​សិន ទើប​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​យក​កូន​ៗ​ មកជួបជុំ​គ្រួសារ។

វិធានការ​​បែបនេះ ត្រូវ​រង​ការ​រិះគន់ខ្លាំង​​ពីសំណាក់​សមាជិក​រដ្ឋា​ភិបាលចម្រុះ​ និង ពីអ្ន​ក​ន​យោបាយ​​​​បក្សផ្សេង​ទៀត​។ ជាក់ស្តែង រដ្ឋមន្ត្រី​ក្រសួង​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ អ្នក​ស្រី Caroline Schouten មកពីបក្ស​ ChristenUnie បាន​ប្រកាស​ថា «និយម​ន័យ​គ្រួសារ គឺ ​កូន​ចៅ​ត្រូវរស់​នៅ​ធំធាត់​​ជាមួយ​ឪពុក​ម្តាយ​ ហើយ​នេះ​ជា​តម្លៃ​ជាមូលដ្ឋាន​របស់​ជាតិ​ហូឡង់​យើង។»។

រីឯ រដ្ឋមន្ត្រី​ផ្សេងៗទៀត​ ​​មកពី​បក្ស​ផ្សេងៗគ្នា បាន​លើកឡើង​សារ​ចម្រុះ​សម្រួល​ដែរ ប៉ុន្តែ ស្ថានការណ៍​លំបាក ទុំ​ជោរខ្លាំង​ណាស់​ទៅហើយ ទើប​នាយករដ្ឋមន្ត្រី ម៉ាក រូតត៍​​ សម្រេច​រំលាយ​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ​​ ហើយ​និង​ថ្វាយ​ញត្តិ​លាលែង​ពីដំណែង បង្គំគាល់​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​ នៅថ្ងៃ​សៅរ៍។​​ ព្រះ​រាជា Willem-Alexander ជាព្រះ​ប្រមុខរដ្ឋ  ​មាន​រាជបន្ទូលព្រះរាជានុញ្ញាត​ឲ្យ​ រូប​លោក ម៉ាក រូតត៍​ នៅ​បន្ត​កាន់​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​សិន ទម្រាំ​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី​។

ជនភៀសខ្លួន កសិកម្ម និងកម្រិតជីវភាពពលរដ្ឋ​​ ជា​ប្រធានបទ​សំខាន់​ សម្រាប់​ការ​បោះឆ្នោត​​។

គោល​នយោបាយ​ គ្រប់គ្រង​ជន​អន្តោប្រវេសន៍ គឺនឹង​​នៅតែ​ជាសំណុំ​​រឿង​រស៊ើប និងជា​ប្រធាន​បទក្តៅ​សម្រាប់​ការ​ឃោសនា​នយោបាយ​ នាពេល​ខាងមុខជាក់ជា​ពុំ​ខាន។​ បណ្តា​កាសែត​ហូឡង់  បាន​មើលឃើញ​សំណុំ​រឿង​ពីរទៀត ដែល​ក្តៅ​ខ្លាំងដែរ គឺនយោបាយ​កសិកម្ម ហើយ​និង​ការ​លើក​ស្ទួយ​កម្រិត​ជីវិភាព​ពលរដ្ឋ ឲ្យ​រស់​នៅ​ស្រណុក​សុខ​ស្រួល​។

ចំពោះ​នយោបាយ​កសិកម្ម និងការ​នេសាទ គឺ បញ្ហា​ថ្មីមួយ​ដែលគេ​សម្គាល់​ឃើញ ហូឡង់ ផ្តើ​ម​ប្រឆាំង​នឹង​ច្បាប់​សហភាព​អឺរ៉ុប កាន់តែខ្លាំង។ ពោលគឺប្រឆាំងជុំវិញ​​បញ្ហា​ប្រើប្រាស់​ថ្នាំ​គីមី និង​ បញ្ហា​​បញ្ចេញ​ផ្សែង​ពុល​ក្នុងវិស័យកសិកម្ម។ មាន​បក្ស​ថ្មី​ថ្មោងម៉ោង ឈ្មោះថា​ BBB គឺ​ជាបក្ស​ចលនា គាំទ្រ​ប្រជា​កសិករ​ ដែល​មាន​និន្នាការ​មិន​គោរព​តាម​បទបញ្ញត្តិ​ច្បាប់​សហភាពអឺរ៉ុប ក៏ប៉ុន្តែ បក្សនេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើ​នពី​ប្រជាកសិករ​ហូឡង់ រហូត​ដល់​​ មានសំឡេងលេចធ្លោខ្លាំងផង នៅ​ព្រឹទ្ធ​សភា។​ កន្លងទៅ រដ្ឋាភិបាល​ខំ​ដាក់​កំហិត​ឲ្យ​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ឲ្យ​បាន​៥០% ប៉ុន្តែ ពលរដ្ឋ​កសិករ បែរ​ជាធ្វើ​បាតុកម្ម​ប្រឆាំង​ និងបែរងាក​ទៅគាំទ្រ​បក្ស​ BBB នោះ​ទៅវិញ។​

ចំណែកអ្នក​នយោបាយ​ជាតិ​និយម និងប្រជាភិថុត​ លោក Geert Wilders​ ប្រធាន​បក្ស​ស្តាំ​និយម​ជ្រុល PVV បាន​ឃោសនាសន្យាស្រេច​ទៅហើយ តាំងពីពេល​នេះ ថា​សន្យា​នឹងធ្វើឲ្យ​ហូឡង់ល្អ​ប្រសើរឡើង។ ល្អប្រសើរក្នុងន័យ​របស់គាត់ គឺ​ក៏ចង់​សង្កត់ធ្ងន់លើកការកាត់​បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍ ហើយ​និង បង្កើនដី​កសិកម្ម ​។

«រដ្ឋាភិបាល​ចម្រុះអស្ថិរភាព»

ក្នុងអាណត្តិ​នេះ រដ្ឋាភិបាល​ចម្រុះ​ហូឡង់ មា​នគណបក្ស​ចំនួន​ ៤ ឯណោះ។ អ្នក​ជំនាញការ និង​បណ្តាញ​ព័ត៌មាន​កាសែត​នយោបាយ​ក្នុងស្រុក ​បាន​ព្យាករស្រេច​ទៅហើយ ថា ទោះបីជា​បោះឆ្នោត​នៅខែ​វិច្ឆិកា​ខាងមុខ​ក្តី ក៏​ ហូឡង់ ច្បាស់​ជា​ចៀស​មិន​ផុត​ពី​ រដ្ឋាភិបា​ល​ចម្រុះ​ទេ​។​ ​អ្នក​នយោបាយ​មកពី​បក្ស​ផ្សេងៗ យល់ឃើញដែរ​ថា មិន​គួរ​នឹង​រំលាយ​រដ្ឋាភិបាល​នៅពេល​នេះ​ចោល​សោះ ដ្បិត​ថា បើ​គង់​តែ​នឹង​បោះឆ្នោត​ថ្មីទៅ នឹង​មាន​រដ្ឋាភិបាល​ចម្រុះ​ ដដែល​ជា​ដដែល​។  រដ្ឋាភិបាល​ចម្រុះ​នៅហូឡង់ ក៏ត្រូវអ្នក​ជំនាញការ​​​មើលឃើញថា ជា​រដ្ឋាភិបាល​អស្ថិរភាព​។ អស្ថិរភាព បើ​ពិនិត្យ​តាម​បទពិសោធ​ចុងក្រោយ កាលពីការ​បោះឆ្នោត​ អាណត្តិ​មុន ពួក​អ្នក​នយោបាយ​ហូឡង់ ត្រូវ​ជជែក​គ្នា អូស​បន្លាយ​ពេ​លវេលា ដល់ទៅ​ ជាង ២៧០ ថ្ងៃ​ឯណោះ​ ទើប​រក​ច្រកផ្លូវ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​បាន។

គួរ​ឲ្យ​កត់​សម្គាល់​ដែរថា នាយករដ្ឋមន្រ្តីហូឡង់​ លោក ម៉ាក រូតត៍ ចូល​កាន់​អំណាច​ នៅខែតុលា ឆ្នាំ​២០១០ និង បើ​សរុប​ជា​ក្បាល​អាណត្តិ គឺ ៤ អាណត្តិជាប់ៗគ្នា​ ហើយ​ដែល​គេ​អាច​​ចាត់ទុកថា លោក​ជា​រដ្ឋនាយករដ្ឋមន្ត្រី​កាន់អំណាច​បាន​ច្រើ​នឆ្នាំ​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ហូឡង់​។ ​កាលពីថ្ងៃ​សុក្រ ពេល​​ប្រកាស​រំលាយ​រដ្ឋាភិបាល លោក ម៉ាក រូតត៍ ​វ័យ​៥៦ឆ្នាំ មានប្រសាសន៍​ថា ​លោកនៅ​មាន​«ថាមពលមាំទាំ» និងបាន​បង្ហាញ​ចេតនាចង់​ចូលរួម​ការបោះឆ្នោត​ជាថ្មីទៀត ដើម្បី​​​​បន្ត​បេក្ខភាព​នាយករដ្ឋមន្ត្រី ជាគម្រប់​អាណត្តិ ទី​៥៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ