ស្តេចហូឡង់សុំទោស ជាផ្លូវការ ចំពោះការប្រព្រឹត្តទង្វើទាសភាព កាលពី១៥០ឆ្នាំមុន
ក្នុងពិធីរំលឹកខួប១៥០ឆ្នាំនៃការបិទបញ្ចប់ទាសភាព មហាក្សត្រប្រទេសហូឡង់បានថ្លែងសុំទោសជាផ្លូវការ ដែលប្រទេសនិងរាជាវង្សហូឡង់មុន បណ្តោយឱ្យមានទង្វើទាសភាពនៅក្នុងបណ្តាប្រទេសរងអាណានិគម។ រដ្ឋាភិបាលហូឡង់ ក៏បាន សុំទោស រួចហើយ កាលពីខែធ្នូឆ្នាំ២០២២។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
“ក្នុងនាមជាស្តេច និងជាសមាជិករដ្ឋាភិបាល ខ្ញុំសូមការអភ័យទោស និងសោកស្តាយជាពន់ពេក ដែលស្តេចហូឡង់ជំនាន់មុន មិនរារាំងអំពើទាសភាព។ ខ្ញុំសូមទោសចំពោះភាពអសកម្មនេះ។” នេះជាប្រសាសន៍របស់ព្រះមហាក្សត្រហូឡង់ ក្នុងពិធីរំឭកប្រារព្វខួបទី១៥០ នៃការបិទបញ្ចប់អំពើទាសភាព ដោយ បញ្ជាក់ទៀតថា អំពើទាសភាព ការជួញដូរទាសករ ត្រូវបានទទួលស្គាល់ថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
សម្រាប់ ពលរដ្ឋស៊ូរីណាម ដែលមានដូនតាធ្លាប់ជាទាសកររបស់ប្រទេសហូឡង់ និងដែលបានចូលរួមក្នុងកម្មវិធីរំឭកខួបនេះក្នុងសម្លៀកបំពាក់ប្រពៃណីផង បានអបអរ និងទទួលចំពោះពាក្យសុំទោសជាផ្លូវការ របស់ព្រះមហាក្សត្រ និងរដ្ឋាភិបាលហូឡង់ ហើយសង្ឃឹមថានឹងមានការគិតគូរដល់ថ្មីដល់ជនស្បែកខ្មៅ។
ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីស៊ូរីណាម ដែលប្រារព្វខួបនៃការបិទបញ្ចប់អំពើទាសភាព ក្រោមវត្តមានផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសហូឡង់ បានប្រកាសទទួលស្គាល់ឆន្ទៈល្អ របស់ហូឡង់តាមរយៈការទទួលស្គាល់ទុក្ខវេទនារបស់ទាសករ ថាក៏ជាទង្វើជាប្រវត្តិសាស្ត្រដែរ។
សូមបញ្ជាក់ថា នៅសតវត្សរ៍ទី ១៦ និង១៧ ប្រទេសហូឡង់រុងរឿងខ្លាំង ដោយសារជំនួញតាមផ្លូវសមុទ្ទ និងជំនួញទាសករ។ ក្នុងអំឡុងពេលនោះ ហូឡង់ បានជួញដូរទាសករអាហ្វ្រិក ប្រមាណ៦សែននាក់ ភាគច្រើនមកពីទ្វីបអាមេរិកខាងត្បូង និងតំបន់ការ៉ាអ៊ីប។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃហូឡង់ ស្តេចហូឡង់ ដែលត្រូវដូនតានៃរាជវង្សស្តេចហូឡង់បច្ចុប្បន្ន មានចំណែកយ៉ាងសកម្ម និងជាប្រព័ន្ធ ក្នុងទង្វើទាសភាព។ ក្នុងសម័យជួញទាសករដ៏ពេញនិយម ចន្លោះពីឆ្នាំ១៦៧៥ដល់១៧៧០ របបអាណានិគមហូឡង់ បាននាំចំណូលឱ្យគ្រួសារស្តេច ប្រមាណ៥៤៥លានអឺរ៉ូ។
ប្រទេសហូឡង់បានប្រព្រឹត្តអំពើទាសភាពរយៈពេល២៥០ឆ្នាំ និងបានបិទបញ្ចប់របបអាណានិគមជាផ្លូវការកាលពី១៦០ឆ្នាំមុន តែរបបទាសភាពត្រូវបានលុបបំបាត់ដោយជាក់ស្តែង នៅឆ្នាំ១៨៧៣ ពោលគឺ១៥០ឆ្នាំមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ