អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី-អាមេរិក

អាមេរិក​រិះគន់​រុស្ស៊ី​រឿង​បញ្ជូន​មីស៊ីល​ទំនើប​ទៅឲ្យ​រដ្ឋាភិបាល​ស៊ីរី

ប្រមុខដឹកនាំ​កងទ័ព​អាមេរិក​ បាន​រិះគន់​រុស្ស៊ី កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ ជុំវិញ​ការ​បញ្ជូន​មីស៊ីល​ទំនើប​សម្រាប់​បាញ់​នាវា ទៅ​ឲ្យ​កងកម្លាំង​របស់​លោក​បាស្ហា​ អាល់អាសាដ។ ក្នុងពេល​ជាមួយគ្នា​នេះ សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ស៊ីរី ដែល​រុស្ស៊ី និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​បើកធ្វើ កាល​ពីពេល​ថ្មីៗ​នេះ កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិនច្បាស់លាស់ ដោយ​សារ​តែប្រទេស​ទាំងពីរ​នេះ​ខ្វែងគំនិត​គ្នា ទៅលើ​គោលដៅ និង​វិសាលភាព នៃ​សន្និសីទ​នេះ។

ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី (Martin Dempsey) នាយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក
ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី (Martin Dempsey) នាយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក REUTERS
ផ្សាយពាណិជ្ជកម្ម

“ការ​បញ្ជូន​មីស៊ីល​​ទំនើប​ទៅ​ឲ្យ​ស៊ីរី​នៅពេលនេះ នឹង​ជួយ​ពង្រឹង​កម្លាំង​កងទ័ព​របស់​លោក​អាសាដ ហើយ​នឹង​ធ្វើ​ឲ្យ​សង្រ្គាម​ស៊ីវិល​ស៊ីរី កាន់តែ​ឆាបឆេះ ធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី កាន់តែ​ទទួលរង​ការ​ឈឺចាប់​ខ្លាំង​ឡើង​ថែមទៀត។” នេះគឺ​ជា​​ប្រសាសន៍​របស់​​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី (Martin Dempsey) នាយអគ្គសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក (Chairman of the Joint Chiefs of Staff) ដែល​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ។

នេះគឺ​ជាលើកទី១ ដែល​មន្រ្តី​យោធា​កំពូល​របស់​អាមេរិក ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​បញ្ជូន​មីស៊ីល​រុស្ស៊ី ទៅ​ឲ្យ​កងទ័ព​ស៊ីរី ហើយ​វា​ក៏​អាច​ជា​ការ​បញ្ជាក់​ផងដែរ​ថា រុស្ស៊ី​ពិត​ជា​បាន​បញ្ជូន​មីស៊ីល​ទំនើប​នេះ​ទៅ​ឲ្យ​លោក​អាសាដ​ ពិត​ដូចជា​សេចក្តីរាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​មួយចំនួន​កន្លងមក​មែន។

គួរបញ្ជាក់ថា មីស៊ីល​ ដែល​រុស្ស៊ី​បញ្ជូន​ទៅ​ឲ្យ​កងទ័ព​ស៊ីរី​នេះ គឺ​ជាប្រភេទ​មីស៊ីល​ទំនើប សម្រាប់​បាញ់​ពន្លិចនាវា ហើយ​អាច​បាញ់​បាន​ចម្ងាយ​រហូតដល់​ទៅ ៣០០គីឡូម៉ែត្រ។ មីស៊ីល​ទាំងនេះ​អាច​នឹង​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំមួយ សម្រាប់​កងទ័ព​ជើងទឹក​របស់​ប្រទេស​លោកខាងលិច ប្រសិនបើ​ពួកគេ​សម្រេច​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី។

​រុស្ស៊ី​មិនបាន​បញ្ជាក់​ច្បាស់លាស់ អំពី​ព័ត៌មាន​ជុំវិញ​ការ​បញ្ជូន​មីស៊ីល​ប្រឆាំង​នាវា​ទៅ​ឲ្យ​លោក​អាសាដ​នេះ​ទេ ក៏ប៉ុន្តែ មន្រ្តី​អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​​ពូទីន​បាន​អះអាង​ថា រុស្ស៊ី​នឹង​គោរព​ទៅតាម​កិច្ចសន្យា​លក់​គ្រឿងសព្វាវុធ ដែល​បាន​ចុះ​ជាមួយ​នឹង​រដ្ឋាភិបាល​ស៊ីរី។

និយាយ​អំពី​សន្និសីទ​អន្តរជាតិ ដែល​រុស្ស៊ី និង​អាមេរិក​ធ្លាប់​បានព្រមព្រៀង​គ្នា​ថា​នឹង​បើក​ធ្វើ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ស៊ីរី រហូតមកទល់នឹង​ពេលនេះ គេ​នៅតែ​មិនទាន់​ដឹង​ថា តើ​សន្និសីទ​នេះ​នឹង​អាច​បើក​ធ្វើ​នៅពេលណា? ឬ​ក៏​ថា​តើ​វា​អាច​នឹង​ធ្វើ​បាន​ដែរ​ឬ​ក៏​អត់នោះទេ?

លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប ដែល​បាន​ជួប​ជាមួយ​លោក​ពូទីន កាល​ពី​ម្សិលមិញ​បាន​លើកឡើង​ថា សន្និសីទ​អន្តរជាតិ​នេះ​គួរ​តែ​ត្រូវ​បើក​ធ្វើ​ឲ្យ​បាន​ឆាប់ៗ។ មន្រ្តីទូត​ប្រទេស​លោកខាងលិច ប្រចាំ​នៅ​អ.ស.ប បាន​បង្ហើប​ឲ្យដឹង​ថា តាម​គម្រោង​សន្និសីទ​នេះ​នឹង​ត្រូវ​បើកធ្វើ នៅ​ចន្លោះ​ថ្ងៃ​ទី១០ ទៅ ១៥ ខែមិថុនា​ឆាប់ៗ​នេះ។ ក៏ប៉ុន្តែ ភាគី​ដែល​ត្រូវ​ចូលរួម​ក្នុង​សន្និសីទ​នេះ​នៅមិនទាន់ឯកភាព​គ្នា​នៅឡើយទេ អំពី​លក្ខខណ្ឌ បែបបទ និង​ខ្លឹមសារ ដែល​ត្រូវ​ជជែក​គ្នា ក្នុង​សន្និសីទ​នេះ។

បារាំង​វិញ​បាន​បង្ហាញ​ជំហរ​យ៉ាងច្បាស់​កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ថា ខ្លួននឹង​ជំទាស់​ទៅនឹង​រាល់​កិច្ចប្រជុំ​ទាំងអស់ ដែល​ទាក់ទង​នឹង​​វិបត្តិ​ស៊ីរី​នេះ ប្រសិនបើ​ក្នុង​កិច្ចប្រជុំនេះ​មាន​​វត្តមាន​ ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​បាស្ហា អាល់អាសាដ ដែល​នេះ​ជា​ជំហរ​ផ្ទុយ​ស្រឡះ​ពី​រុស្ស៊ី ដែល​ទាមទារ​ថា អ៊ីរ៉ង់​ត្រូវ​តែ​មាន​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស៊ីរី។

នៅ​ក្នុងពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​តែ​ខ្វែងគំនិត​គ្នា នៅ​ក្នុង​ប្រទេស​ស៊ីរី​ឯណោះវិញ សង្រ្គាម​ស៊ីវិល នៅតែ​បន្ត​ឆាបឆេះ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រៀងរាល់ថ្ងៃ។ ចំនួន​អ្នក​ស្លាប់ ដែល​គិត​ជា​សរុប​តាំង​ពី​ផ្ទុះវិបត្តិ​​រហូត​មក​ទល់​នឹង​ពេលនេះ ​បាន​កើនឡើង​ រហូតដល់​ទៅ​ជាង ៨ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ