អង្គការសហប្រជាជាតិបរិហារការកើនឡើងនៃការវាយប្រហាររបស់ទាហានស៊ីរី
កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការសហប្រជាជាតិបានចេញសេចក្តីសំរេចចិត្តមួយបរិហារអំពីការកើនឡើងនៃការវាយលុករបស់ទាហានស៊ីរី ដែលជាការរំលោភបំពានសិទ្ធិមនុស្សសុទ្ធសាធ។ រហូតមកដល់ពេលនេះ វិបត្តិជម្លោះនៅប្រទេសស៊ីរី បានសម្លាប់មនុស្សជាង៩៤០០០ នាក់ហើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០២
សេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីថ្ងៃពុធម្សិលមិញ បានបរិហាររិះគន់ទាហានស៊ីរីដែលនៅតែបន្តការវាយប្រហារក្នុងប្រទេស ដែលជាទង្វើរំលោភបំពានជាក់ស្តែងលើសិទ្ធិមនុស្ស។
ទន្ទឹមនេះដែរ តាមរយៈសេចក្តីសំរេចចិត្តនេះ អង្គការសហប្រជាជាតិក៏បានស្វាគមដល់ការបង្កើតសម្ព័ន្ធជាតិចំរុះរបស់បក្សប្រឆាំងស៊ីរីផងដែរ។ អង្គការសហប្រជាជាតិបានវាយតំលៃថា បក្សប្រឆាំងស៊ីរីគឺជាដៃគូសន្ទនាដែលមានប្រសិទ្ធភាព និងជាតំណាងដ៏ចាំបាច់ក្នុងនយោបាយអន្តរកាលនៅស៊ីរី។ ដោយឡែក អង្គការសហប្រជាជាតិបានអំពាវនាវអោយគ្រប់ភាគីទាំងអស់បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា រួមទាំងអំពើភេរវកម្មផងដែរ។ ហើយអោយពួកគេទាំងនោះបានមកចូលរួមក្នុងដំណើការនយោបាយអន្តរកាល អោយបានសមស្របតាមសេចក្តីប្រកាសក្រុងហ្សឺណែវ កាលពីខែមិថុនា ឆ្នាំ២០១២ ដែលបានផ្តោតជាចំបងទៅលើការសំរេចអោយមាននូវរដ្ឋាភិបាលអន្តរកាលស៊ីរី។
រុស្ស៊ី ចិន និងអ៊ីរ៉ង់ បានជំទាស់ខ្លឹមសារនៃសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ។ រុស្ស៊ីបានលើកឡើងថា សេចក្តីសំរេចចិត្តនេះមានភាពលំអៀង ហើយវានឹងបង្កជាផលលំបាកដល់កិច្ចប្រឹងប្រែងរបស់អាមេរិកនិងរុស្ស៊ី ក្នុងការរៀបចំអោយមានកិច្ចប្រជុំអន្តរជាតិទាក់ទងនឹងបញ្ហានៅស៊ីរី។
អាមេរិកបានបញ្ជាក់ប្រាប់នៅថ្ងៃពុធម្សិលមិញនេះថា កិច្ចប្រជុំអន្តរជាតិនេះប្រហែលជាអាចប្រព្រឹត្តទៅនៅក្រុងហ្សឺណែវ ក្នុងខែមិថុនា ខាងមុខនេះហើយ។ ក្រុងWashigton បានសុំអោយប្រធានាធិបតីអាសាដ មកអង្គុយចរចាទល់មុខគ្នាជាមួយក្រុមឧទ្ទាម។ ប៉ុន្តែ អាមេរិកមិនចង់អោយលោកអាសាដចូលរួមក្នុងអនាគតនយោបាយអន្តរកាលស៊ីរីនោះទេ។ ក្រុងដាម៉ាសបានបដិសេធមិនចរចាអំពីអនាគតរបស់លោកអាសាដនោះទេ។ ក្រុងដាម៉ាសបានលើកឡើងថា គឺប្រជាជនស៊ីរីនិងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤ទេ ដែលសំរេចបញ្ហានេះបាន។
ដោយឡែក អំពើហិង្សានៅតែបន្តកើតមាននៅស៊ីរី។ ទាហានស៊ីរីបានព្យាយាមវាយបណ្តេញពួកឧទ្ទាមដែលបានធ្វើការវាយលុកនៅពន្ធនាគារក្រុងអាឡេប។ នៅទីនោះ មានមនុស្សរាប់រយនាក់កំពុងតែជាប់ឃុំ។ នៅតំបន់ជំរំជនភៀសខ្លួនប៉ាឡេស្ទីន ហៅថាYamouk វិញ ការទំលាក់គ្រាប់បែករបស់ទាហានស៊ីរីបានធ្វើអោយមានមនុស្សស្លាប់៤នាក់។ រហូតមកដល់ពេលនេះ វិបត្តិសង្គ្រាមស៊ីរីបានសម្លាប់មនុស្សជាង៩៤០០០នាក់ហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ