អានតួអត្ថបទ
តួកគី

តួកគី​​ចោទ​ថា​ស៊ីរីជាប់ពាក់ព័ន្ធ​ភេរវកម្មត្រួតគ្នា​នៅ​Reyhanli

អំពើ​ភេរវកម្ម​ត្រួត​គ្នា​ដោយ​បំផ្ទុះ​គ្រាប់​​នៅ​ Reyhanli​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី​កាលពី​ថ្ងៃ​សៅរ៍​១១​ឧសភា​ម្សិលមិញ ​បាន​សម្លាប់​មនុស្ស​៤៦​នាក់​និង​រង​របួស​ជន​ជាង​១០០​នាក់​ផ្សេង​ទៀត។​ប្រទេស​តួកគីដែលកំពុង​ស្ថិត​ក្នុង​ភាព​តក់ស្លុត បាន​​ចង្អុល​មុខ​ស៊ីរី​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើ​ភេរវកម្ម​ដ៏​ហិង្សា​នេះ។

តំបន់Reyhanli ភាគខាងត្បូងប្រទេសជាប់ព្រំដែនស៊ីរីថ្ងៃ១១ឧសភា២០១៣
តំបន់Reyhanli ភាគខាងត្បូងប្រទេសជាប់ព្រំដែនស៊ីរីថ្ងៃ១១ឧសភា២០១៣ REUTERS/Cihan News Agency via Reuters
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារភេរកម្មបំផ្ទុះគ្រាប់បែកក្នុងរថយន្តពីរគ្រឿង​ បានកើតឡើង​ម្សិល​មិញ​​​​នៅ​តំបន់ Reyhanli ​ភាគ​ខាង​ត្បូង​ប្រទេស​ក្បែរ​ព្រំដែន​ស៊ីរី ។ ភេរវកម្ម​ត្រួត​គ្នា​នេះ​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៤៦​នាក់​និង​បាន​ប​ណ្តាល​​ឲ្យ​​រងរបួស​ជន​ជាង​១០០​នាក់​ផ្សេង​ទៀត។

 អាជ្ញាធរ​តួកគី ​ ហ៊ាន​បរិហារ​យ៉ាងចំភ្លាមៗ របបក្រុងដាម៉ាស មានពាក់ព័ន្ធនឹង​​ភេរវកម្ម​នេះ ដោយ​ហេតុ​ថា រថយន្ត​បំផ្ទុះគ្រាប់​​ទាំង​ពីរ​គ្រឿង​​ដូច​គ្នា​និង​រថយន្ត​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១១​កមុ្ភៈ​មុន ​ដែលកាលណោះ ​បាន​សម្លាប់​​មនុស្ស​ប្រមាណ​ជា​១៥​នាក់​នៅ​កន្លែង​ប៉ុស្តិ៍​យាម​ល្បាត​ជាប់នឹងព្រំដែន​។

តាមពិត ក្រសួង​ស៊ើបការណ៍​សម្ងាត់​តួកគី បាន​ស្គាល់អត្តសញ្ញាណយានយន្ត​ទាំង​ពីរ​​ តាំងពី​ថ្ងៃ​ទី​២៣​មេសា​មុនម្ល៉េះ និងត្រូវបាន​​គេ​រៀបចំសំរាប់បំផ្ទុះ​ នៅ​ក្រុង​រ៉ាកា ភាគ​ឦសាន​ប្រទេស​​​ស៊ីរី​​។ មិនតែប៉ុណ្ណោះ លេខ​ឡាន​ទាំង​ពីរ​គ្រឿង​នោះ ត្រូវ​បានអាជ្ញាធរតួកគី​ជូន​ដំណឹង​ជាមុន​ដល់​ប៉ុស្តិ៍​ព្រំដែន ​៣​កន្លែងដែល​កាន់កាប់​ដោយ​ចលនា​បះ​បោរ​ស៊ីរី​ និង​បានផ្តល់​​ប្រដាប់​​​អាច​ចាប់​សញ្ញាគ្រឿងផ្ទុះទៀតផង។

ប៉ុន្តែ រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ ច្បាស់​ជា​បាន​ចូល​តាម​ច្រក​តែ​​មួយ​គត់​ដែល​ស្ថិត​នៅ​​ក្រោម​ការ​ត្រួតត្រា​របស់​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​នៅ​ឡើយ។ ផ្លាក​លេខ​ឡាន​មួយ​ក្នុង​ចំណោម​ឡាន​ពីរ​គ្រឿង ត្រូវ​បាន​រក​ឃើញ​នៅ​លើកន្លែង​កើតហេតុ។

ចំពោះប្រទេសតួកគី រឿង​លំអិត​ទាក់ទង​នឹង​ភេរវកម្ម​នេះ រឹតតែ​បង្ហាញ​ច្បាស់​ថាភេរវកម្ម​កាល​ពី​​​ម្សិលមិញនិងភេរវកម្ម​កាលពី​៣​ខែ​មុន ពិត​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រសួង​ស៊ើបការ​សម្ងាត់​​ស៊ីរី ដោយ​ហេតុថា របៀប​រៀបចំ​​អំពើ​ភេរវកម្ម​នេះ មាន​លក្ខណៈស្រដៀងគ្នាបេះបិត។​

ប្រទេសតួកគី កំពុង​មាន​ការ​ព្រួយបាម្ភ​ខ្លាំង​ ព្រោះដឹងថានៅមានរថយន្ត​ផ្ទុក​គ្រាប់​សំរាប់​ធ្វើ​ភេរវកម្ម១គ្រឿងទៀត ដែល​អាជ្ញាធរ​តួកគី កំពុងតាម​​ស្វះស្វែង​រក​យ៉ាង​សកម្ម​ តែ រក​ពុំ​ទាន់​ឃើញ​នៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ