អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ និង វ៉ាស៊ីនតោន ព្រមព្រៀង​គ្នា​កោះ​ប្រជុំ "សន្និសីទ​អន្តរជាតិ​ថ្មី” ​ស្តី​អំពី​ស៊ីរី

ការព្រមព្រៀងគ្នា​នេះ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ លោក​ប្រមុខ​ការទូត​រុស្ស៊ី Serguei Lavrov និង​សមភាគី​អាមេរិកាំង លោក John Kerry ជា​លទ្ធផល​នៃ​កិច្ចចរចា​ទ្វេ​ភាគី ដែល​បាន​ចប់​ទៅ នា​កណ្តាល​អធ្រាត្រ​យប់​មិញ នៅ​ក្រុង​ម៉ូស្គូ ជុំវិញ​ស្ថានការណ៍​ក្តៅ​គគុក ក្នុង​ប្រទេស​ស៊ីរី។

លោក​ John Kerry (ឆ្វេង) vនិង​លោក​ Sergei Lavrov (ស្តាំ)
លោក​ John Kerry (ឆ្វេង) vនិង​លោក​ Sergei Lavrov (ស្តាំ) REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ដោយថ្លែងក្នុងសន្និសីទ​កាសែត​ បន្ទាប់​ពី​កិច្ចចរចា​នោះ ទាំង​លោក John Kerry ទាំង លោក Serguei Lavrov សុទ្ធតែ​គូស​បញ្ជាក់​ដូច​គ្នា​ថា គោលដៅ​នៃ​សំណើ​កោះ​ប្រជុំ​សន្និសីទ​អន្តរជាតិ​ថ្មី គឺ​ដើម្បី​ប្រោះ​ឲ្យ​រស់​ឡើង​វិញ ផែនការ​ដែល​ត្រូវ​បាន​អនុម័ត កាលពី​ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ​មុន ដោយ​សហគមន៍​អន្តរជាតិ នៅ​ក្រុង​ហ្ស៊ឺណែវ ខាង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី។

ជាការកត់សម្គាល់ ផែនការ​នោះ​ឯង ដែល​ប្រមើល​បង្កើត​ឡើង​នៅ​ស៊ីរី ជា​រដ្ឋាភិបាល​អន្តរកាល ស្រាប់​តែ​ស្ថិត​នៅ​ងាប់​ស្តូក ដោយ​វា​មិន​បាន​ដោះស្រាយ​ឡើយ បញ្ហា​ទាក់ទង​នឹង​វាសនា លោក​ប្រធានាធិបតី Bachar al-Assad។

តាមលោកប្រមុខ​ការទូត​អាមេរិកាំង John Kerry ដែល​ថ្លែង​ការពារ​សំណើ​រួម​រុស្ស៊ី​អាមេរិក​នោះ បើ​មិន​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ទេ នោះ​ស្ថានការណ៍​នៅ​ស៊ីរី អាច​តែ​ធ្លាក់​ក្នុង​អំពើ​ហិង្សា កាន់តែ​ខ្លាំង​ទៅ​ទៀត ហើយ​ច្រាន​ប្រទេស​នេះ ឲ្យ​ខិត​កាន់​តែ​ទៅ​ជិត មាត់​ជ្រោះជ្រៅ​នៃ​មហន្តរាយ រហូត​ដល់​បំបែក​បំបាក់​ដែនដី​ស៊ីរី ឲ្យ​ដាច់​ដោច​ទៅ។

ម៉្លោះហើយបានជា លោករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov បាន​បន្ថែម​ថា ៖

- ភាគី​រុស្ស៊ី និង អាមេរិក ដោយ​បំផុស​មក​ជា​សំណើ​ខាង​លើ គឺ​បញ្ជាក់​ពី​ភក្តីភាព​របស់​ខ្លួន ចំពោះ​អធិបតេយ្យ និង បូរណភាព​ដែនដី​ប្រទេស​ស៊ីរី ក្នុង​បរិបទ​នៃ​ការបំពេញ​ឲ្យ​បាន​ទាំង​ស្រុង តាម​កិច្ចព្រមព្រៀង​ក្រុង​ហ្ស៊ឺណែវ​នោះ។

- គូភាគី ចង្អុលឲ្យឃើញថា សន្និសីទ​អន្តរជាតិ​ថ្មី​ស្តី​អំពី​ស៊ីរី គឺ​ជា​ការពង្រីក​ឲ្យ​បាន​ផុសផុល​ទៅ សន្និសីទ​ក្រុង​ហ្ស៊ឺណែវ​កាលពី​មួយ​ឆ្នាំ​មុន ដោយ​ដើម្បី​កោះ​ប្រជុំ​វា ស.រ.អា. និង រុស្ស៊ី ឯកភាព គ្នាថា ចាំបាច់​ត្រូវតែ​ខំ​ប្រឹងប្រែង ធ្វើ​យ៉ាងណា បញ្ចុះបញ្ចូល និង លើក​ទឹកចិត្ត ទាំង រដ្ឋាភិបាល​ស៊ីរី ទាំង​ក្រុម​ប្លែកៗ​នៃ​ភាគី​ប្រឆាំង​នៅ​ស៊ីរី ឲ្យ​គេសុខ​ចិត្ត ធ្វើ​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ ឲ្យ​អធិករណ៍​ក្នុង​ប្រទេស​គេ​ទៅ។

- សន្និសីទអន្តរជាតិថ្មី តាមយោបល់​រុស្ស៊ី​និង​អាមេរិក គប្បី​កោះ​ប្រជុំ​ឲ្យ​បាន​យ៉ាង​ឆាប់​បំផុត យក​ល្អ គឺ​ឲ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា​នេះ​តែម្តង។

នៅមិនទាន់មានទេ ប្រតិកម្ម​យល់ព្រម​ចូលរួម​ក្នុង​សន្និសីទ​ថ្ងៃ​មុខ ទោះ​ពី​ខាង រដ្ឋាភិបាល ក្រុង​ដាម៉ាស ដែល​ច្បាំង​ទល់​នឹង​ពួក​ប្រឆាំង ក្រោម​ផ្លាក​ជា​”ពួក​ភេរវជន” ទោះពី​ខាង ពួក​ប្រឆាំង ដែល​ច្បាំង ដើម្បី​ផ្តួល​លោក​ប្រធានាធិបតី អាសាដ ក្តី ក្នុង​សង្គ្រាម​ស៊ីវិល ឆាប​ឆេះ​ជាង​២​ឆ្នាំ មក​ហើយ ដោយ​ផ្តាច់​ជីវិត​បណ្តាជន​អស់ ជាង​៧​ម៉ឺន​នាក់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ