លោកនេតាន់យ៉ាហ៊ូ៖អ៊ីស្រាអែលមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការនិយាយកុហករបស់អ៊ីរ៉ង់ក្នុងបញ្ហានុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៥
នៅយប់ថ្ងៃចន្ទ ទី៣០ មេសា លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានបង្ហាញប្រាប់ពិភពលោកនូវឯកសារគ្រប់ប្រភេទដែលបញ្ជាក់ពីសកម្មភាពអាវុធនុយក្លេអ៊ែរលួចលាក់របស់ប្រទេសអ៊ីរ៉ង់ និងការនិយាយកុហករបស់អ៊ីរ៉ង់។ កម្មវត្ថុរបស់លោកនេតាន់យ៉ាហ៊ូ គឺចង់និយាយសំដៅដល់កិច្ចព្រមព្រៀងនុយក្លេរអ៊ែរអ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិបានចុះហត្ថលេខាជាមួយទីក្រុងតេហេរ៉ង់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។ អ្វីជាការកត់សម្គាល់ បទអន្តរាគមន៍របស់លោកនេតាន់យ៉ាហ៊ូពេលនេះបានធ្វើឡើង ១០ថ្ងៃមុនលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំត្រូវសម្រេចដក ឬមិនដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ។
វេទិកានៃការធ្វើបទបង្ហាញរបស់លោកនេតាន់យ៉ាហ៊ូនៅយប់ថ្ងៃទី៣០ មេសាត្រូវបានរៀបចំល្អឥតខ្ចោះដោយមានការដាក់បញ្ចាំងលើផ្ទាំងសំពត់ សនូវរូបភាព និងភស្តុតាងគ្រប់ប្រភេទដែលបង្ហាញពីផែនការសម្ងាត់របស់ប្រទេសអ៊ីរ៉ង់ក្នុងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ តាមលោកនេតាន់យ៉ាហ៊ូ ផែនការសម្ងាត់នោះមានឈ្មោះថា « Amad » ដែលអ៊ីរ៉ង់ចង់សម្រេចឲ្យបាននូវការផលិតគ្រាប់បែបបរមាណូនៅដំណាច់ទសវត្សឆ្នាំ ៩០ មុននឹងបោះបង់ចោលវិញក្នុងឆ្នាំ ២០០៣។ កម្មវត្ថុរបស់អ៊ីរ៉ង់ គឺផលិតក្បាលនុយក្លេអ៊ែរចំនួន ៥ ដែលក្បាលនីមួយៗមានទម្ងន់ ១០គីឡូតោន និងត្រូវយកវាទៅបំពាក់នៅលើគ្រាប់មីស៊ីលប្រភេទ Shahab ៣។
នៅក្នុងបទបង្ហាញដែលនិយាយជាភាសាអង់គ្លេស លោកនេតាន់យ៉ាហ៊ូបានប្រាប់ឲ្យដឹងពីសំណុំឯកសារចំនួន ៥៥ ០០០ទំព័រ និង ១៨៣ CD ដែលក្រសួងស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលទទួលបាននាប៉ុន្មានសប្តាហ៍កន្លងទៅពីកន្លែងស្តុកឯកសារសម្ងាត់ក្នុងទីក្រុងតេហេរ៉ង់។ តែលោកនេតាន់យ៉ាហ៊ូមិនបានទម្លាយឲ្យដឹងទេថា តើក្រសួងស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលទទួលបានឯកសារទាំងនោះយ៉ាងដូចម្តេច និងដោយរបៀបណា។ តាមប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលរូបនេះដដែល ទោះបីជាអ៊ីរ៉ង់បានបោះបង់ចោលផែនការ « Amad » នេះក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានបន្តធ្វើការស្រាវជ្រាវតាមគ្រប់មធ្យោបាយក្នុងគោលដៅដូចគ្នា គឺបំពាក់អាវុធនុយក្លេអ៊ែរ។
តាមរយៈបទបង្ហាញនេះ លោកនេតាន់យ៉ាហ៊ូចង់ប្រាប់ពិភពលោកពីការនិយាយកុហករបស់អ៊ីរ៉ង់នៅក្នុងបញ្ហានុយក្លេអ៊ែរ ពិសេសចង់សំដៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសហគមន៍អន្តរជាតិបានចុះហត្ថលេខាជាមួយទីក្រុងតេហេរ៉ង់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងដែលលោកនេតាន់យ៉ាហ៊ូយល់ថា មិនគួរនឹងមានទេ។
លោកនេតាន់យ៉ាហ៊ូមិនបានបង្ហាញអ្វីថ្មីទេ
លោកនេតាន់យ៉ាហ៊ូបានអះអាងថា អ្វីដែលលោកបានលើកយកទៅបង្ហាញ គឺជារឿងពិត និងត្រឹមត្រូវ។ « ខ្ញុំដឹងថា មានមនុស្សភាគច្រើនបាននិយាយថាឯកសារដែលខ្ញុំបានលាតត្រដាងពេលនេះមិនពិតទេ។ តែខ្ញុំចង់បញ្ជាក់នៅពេលនេះថា គឺជាឯកសារដែលមានពិតមែន និងត្រឹមត្រូវ » នេះជាការបញ្ជាក់របស់លោកនេតាន់យ៉ាហ៊ូ។ បន្ទាប់មក ភាគីអាមេរិកដែលជាសម្ព័ន្ធមិត្តប្រពែណី និងយូរលង់របស់អ៊ីស្រាអែលក៏បានចាក់បណ្តោយតាមលោកនេតាន់យ៉ាហ៊ូដែរ។ ប្រមុខការទូតអាមេរិកលោក Mike Pompeo ដែលទើបបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសហ្សកដានីបានបញ្ចេញប្រតិកម្មថា ព័ត៌មានដែលលាតត្រដាងដោយលោកនេតាន់យ៉ាហ៊ូជាព័ត៌មានត្រឹមត្រូវ។
សម្រាប់លោក Pompeo ឯកសារ និងភស្តុតាងដែលបង្ហាញដោយលោកនេតាន់យ៉ាហ៊ូជាសក្ខីកម្មមួយដែលបញ្ជាក់ថា ថ្នាក់ដឹកនាំអ៊ីរ៉ង់បាន និងកំពុងបន្តនិយាយកុហកពិភពលោក និងកុហកពលរដ្ឋខ្លួនឯងក្នុងសំណុំរឿងនុយក្លេអ៊ែរ។ ក្រៅពីការធានាអះអាងការពិតរបស់អ៊ីស្រាអែល និងអាមេរិក ឯកសារ និងភស្តុតាងដែលលាតត្រដាងដោយលោកនេតាន់យ៉ាហ៊ូក៏ត្រូវបានមជ្ឈដ្ឋានអន្តរជាតិទូទៅទទួលស្គាល់ជាការពិតដែរ។ តែបញ្ហានៅត្រង់ ពួកគេហាក់មិនសូវចាប់អារម្មណ៍ និងភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះមិនមានអ្វីថ្មី និងដែលពួកគេធ្លាប់បានដឹងរួចហើយ។
នៅក្នុងរបាយការណ៍ឆ្នាំ ២០១១ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិហៅកាត់ថា AIEA បានបញ្ជាក់ពីការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងគោលដៅផលិតគ្រាប់បែកបរមាណូ។ ចំណែកលោក Pompeo រួមទាំងរដ្ឋបាលអាមេរិកក៏បានទទួលស្គាល់ពេញមាត់ថា ខ្លួនបានដឹងតាំងពីយូរមកហើយពីវត្តមានផែនការសម្ងាត់អ៊ីរ៉ង់ « Amad » ក្នុងគោលដៅបំពាក់គ្រាប់បែកបរមាណូ។ « នេតាន់យ៉ាហ៊ូបាននិយាយប្រាប់យើងនូវអ្វីដែលយើងបានដឹងរួចហើយ » នេះជាការថ្លែងរបស់លោក Jeffrey Lewis នាយកកម្មវិធីមិនសាយភាយនុយក្លេអ៊ែរប្រចាំអាស៊ីខាងកើត។ « គ្មានអ្វីថ្មីទេ តែជាឆាកល្ខោន » នេះជាចំណាប់អារម្មណ៍របស់មន្រ្តីការទូតម្នាក់ដែលបានធ្វើការអស់ជាច្រើនឆ្នាំនៅក្នុងស្ថាប័ន AIEA។
រីឯអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយច្បាស់ៗថា គឺដោយដឹងពីវត្តមានផែនការសម្ងាត់អ៊ីរ៉ង់ « Amad » នោះឯងបានជាសហគមន៍អន្តរជាតិខ្នះខ្នែងសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយចុះហត្ថលេខាជាមួយអ៊ីរ៉ង់កាលពីឆ្នាំ ២០១៥។
លោកនេតាន់យ៉ាហ៊ូ គឺជំរុញ និងដាក់ឥទ្ធិពលលើលោកដូណាល់ ត្រាំ
មិនមែនជារឿងចៃដន្យទេដែលលោកនេតាន់យ៉ាហ៊ូបានលើកយកឯកសារ និងភស្តុតាងដែលគ្រប់គ្នាបានដឹងតាំងពីយូរមកបង្ហាញពេលនេះ។ មិនចៃដន្យ ព្រោះនៅថ្ងៃទី១២ ឧសភាខាងមុខ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំត្រូវសម្រេចចិត្តដក ឬមិនដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។ តាំងពីក្នុងសម័យឃោសនាបោះឆ្នោតរហូតដល់ជាប់ឆ្នោតជាផ្លូវការ លោកដូណាល់ ត្រាំបានព្រមានហែកចោលកិច្ចព្រមព្រៀងដែលលោកចាត់ទុកកិច្ចព្រមព្រៀងធូររលង់ និងល្ងង់ ចាញ់ច្រាបអ៊ីរ៉ង់។ លោកត្រាំបានស្នើឲ្យក្រុមប្រទេសហត្ថលេខីផ្សេងធ្វើការកែប្រែលើកិច្ចព្រមព្រៀងនោះក្នុងគោលដៅប្រសូត្រចេញនូវកិច្ចព្រមព្រៀងថ្មីដែលមានលក្ខណៈតឹងតែងជាងមុន។
លោកត្រាំបានយល់ឃើញថា កិច្ចព្រមពៀងថ្មីគួរតែដាក់បញ្ចូលនូវសកម្មភាពមិនប្រក្រតីផ្សេងទៀតរបស់អ៊ីរ៉ង់ ដូចយ៉ាងកម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក ឬឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ តែប្រទេសហត្ថលេខីផ្សេងហាក់មិនចង់ប៉ះពាល់លើកិច្ចព្រមព្រៀងដែលមានស្រាប់ និងចង់ឲ្យមានកិច្ចព្រមព្រៀងថ្មីដាច់ដោយឡែកមួយទៀត។ ប្រភពពីរដ្ឋបាលអាមេរិកឲ្យដឹងថា លោកត្រាំកំពុងបន្តរារែកដោយនៅមិនទាន់ដឹងពីការសម្រេចចិត្តយ៉ាងម៉េចទេនាថ្ងៃទី១២ ឧសភាខាងមុខទេ។ ចំណែកលោកប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលនេតាន់យ៉ាហ៊ូក៏បានដឹងច្បាស់ណាស់ចំពោះការអាល់អែករបស់លោកត្រាំ។
អ៊ីចឹងហើយបានជាមានការលើកឡើងថា អ្វីដែលលោកនេតាន់យ៉ាហ៊ូបានលាតត្រដាងរយៈពេល ១ម៉ោងជាភាសាអង់គ្លេសស្តីពីផែនការសម្ងាត់អ៊ីរ៉ង់ « Amad » ពេលនេះ គឺជាឆាកល្ខោនមួយដើម្បីដាក់ឥទ្ធិពល និងជំរុញលោកត្រាំឲ្យដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ចូរកុំភ្លេចថា អ៊ីស្រាអែល និងអ៊ីរ៉ង់ជាសត្រូវស៊ីសាច់ហុចឈាមគ្នានៅក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ