អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ព្រមាន​កុំ​ឲ្យ​អ៊ីរ៉ង់​លលេង​នឹង​អ៊ីស្រាអែល​ឲ្យ​សោះ

ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល នៅ​ថ្ងៃ​អាទិត្យទី​១៨​កុម្ភៈ បាន​អះអាង ថា អ៊ីស្រាអែល​ត្រៀម​រួច ហើយ ដើម្បី​អន្តរាគមន៍ ប្រឆាំង​​អ៊ីរ៉ង់ បើសិន​ចាំបាច់។ នៅក្នុង​សុន្ទរកថា ថ្លែង នៅក្នុង​សន្និសីទ​សន្តិសុខ​អន្តរជាតិ​នៅទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រើពាក្យ​ព្រមានខ្លាំងៗ អ៊ីរ៉ង់ ដែល​អ៊ីស្រាអែល​ចោទ​ថា បាន​រំលោភ អធិបតេយ្យភាព បញ្ជូន​យន្តហោះ​ដ្រូន​ទៅ​លួច​ការណ៍​សម្ងាត់ ក្នុងទឹកដី អ៊ីស្រាអែល។

នៅក្នុង​សន្និសីទ​ស្តី​ពី​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មុយនិច នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលបាន​លើក​បង្ហាញ​បន្ទះដែក ដែល​បើតាមលោក គឺ​ជាបំណែក​យន្តហោះ​ដ្រូន​អ៊ីរ៉ង់​ដែល​អ៊ីស្រាអែល​បាញ់​ទម្លាក់ កាលពីថ្ងៃទី ១០​កុម្ភៈ
នៅក្នុង​សន្និសីទ​ស្តី​ពី​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មុយនិច នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលបាន​លើក​បង្ហាញ​បន្ទះដែក ដែល​បើតាមលោក គឺ​ជាបំណែក​យន្តហោះ​ដ្រូន​អ៊ីរ៉ង់​ដែល​អ៊ីស្រាអែល​បាញ់​ទម្លាក់ កាលពីថ្ងៃទី ១០​កុម្ភៈ ©Lennart Preiss/MSC
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ឆ្លៀត​យក​វេទិកា​សន្តិសុខ​អន្តរជាតិ ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ ដើម្បី​វាយ​ប្រហារ ខ្លាំងៗ អ៊ីរ៉ង់ ដែល​ជា​គូសត្រូវ​របស់​អ៊ីស្រាអែល។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល អ៊ីរ៉ង់ និង​គូកន មិនត្រូវ​លលេង ធ្វើតេស្ត​ចង់​ដឹង​ការប្តេជ្ញាចិត្ត​របស់​អ៊ីស្រាអែល​នោះទេ។ អ៊ីស្រាអែល​ដែល​នឹង​មិនរារែក​ធ្វើ​អន្តរាគមន៍ ប្រឆាំង​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​បើសិន​ជា​ចាំបាច់។

អ៊ីស្រាអែល​ចាប់ផ្តើម​ក្តៅស្លឹកត្រចៀក ដំឡើង​សំលេង​ដាក់​អ៊ីរ៉ង់ នៅក្រោយ​ពេល យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់អ៊ីស្រាអែល ត្រូវ​បានប្រព័ន្ធ​ការពារ​មីស៊ីល​ស៊ីរី បាញ់​ទម្លាក់ កាលពី​សៅរ៍​ទី​១០​កុម្ភៈ។ នៅក្នុង​រយៈពេល ៣៥​ឆ្នាំ​ចុងក្រោយនេះ នេះ​ជា​លើក​ទី​១​ដែល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ផ្ទុះធ្លាក់ ដោយសារ​គ្រាប់​មីស៊ីល​របស់​គូសត្រូវ។

នៅថ្ងៃទី​១០​កុម្ភៈ អ៊ីស្រាអែល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅ​វាយប្រហារ​លើ​ទីតាំង ដែល​អ៊ីស្រាអែល​ចោទថា ជា​មូលដ្ឋាន​យោធា ដែល​អ៊ីរ៉ង់ បាន​ប្រើ​ដើម្បី​បញ្ជូន​យន្តហោះ ដ្រូន គ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​លួច​ស៊ើបការណ៍​នៅ​ទឹកដី​អ៊ីស្រាអែល។ នៅ​វេទិកា​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​អន្តរជាតិ នៅ​ទីក្រុង​មុយនិច នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​លើកបង្ហាញ​បន្ទះដែក​ពណ៌​បៃតង ដែល​លោក​អះអាង​ថា ជាបំណែក​យន្តហោះ​ដ្រូន អ៊ីរ៉ង់ ដែល​អ៊ីស្រាអែល​បាញ់​ទម្លាក់ កាលពី​៨​ថ្ងៃមុន។ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ចោទជា​សំណួរថា តើ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ដែល​ត្រូវ​ចូលរួម នៅក្នុង​សន្និសីទ​នៅ​ទីក្រុង​មុយនិច​ដែរ​នោះ ទទួល​ស្គាល់​បំណែក​យន្តហោះ​នោះដែរឬទេ?

នាយករដ្ឋមន្រ្តី អ៊ីស្រាអែល ដែល​កំពុង​រងការរិះគន់​ដោយសារ​សំនុំរឿង​ពុករលួយ នៅក្នុង​ប្រទេស បាន​​យក​វេទិកា​នៅ​បរទេស​ ដើម្បី ​គំរាម​ធ្វើអន្តរាគមន៍ ប្រឆាំងនឹង​អ៊ីរ៉ង់​ដែល​បើតាម​លោក កំពុង​សាបព្រួស ពង្រឹង​កម្លាំង​យោធា​របស់ខ្លួន នៅ​ក្នុង​បណ្តា​ប្រទេស ជុំវិញ អ៊ីស្រាអែល ដូចជា​គាំទ្រ​ក្រុមហ៊ូទី​នៅ យេម៉ែន ក្រុមស្ហ៊ីអ៊ីត នៅ​អ៊ីរ៉ាក់ ក្រុមទាហាន​រដ្ឋាភិបាល​ស៊ីរី ក្រុមអេស្បូឡា​លីបង់ ហើយ​និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។ “អ៊ីស្រាអែល​នឹង​មិនអនុញ្ញាត​ឲ្យ​អ៊ីរ៉ង់ ចង​ខ្សែ​ភេរវជន ដើម្បី​រឹតក​អ៊ីស្រាអែល​នោះទេ”។

សម្រាប់​ប្រមុខដឹកនាំ​អ៊ីស្រាអែល អ៊ីរ៉ង់ មិនមែន​គ្រោះថ្នាក់​សម្រាប់​តែ​អ៊ីស្រាអែល ប៉ុន្តែ សម្រាប់​ពិភពលោក​ទាំងមូល ព្រោះ​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ កំពុង​បើកផ្លូវ​ឲ្យ​អ៊ីរ៉ង់ សំងំ​ទាញយក​ប្រយោជន៍​ពីការដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី​លួច​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ។

អ៊ីរ៉ង់​បាន​ទាត់ចោល ការចោទប្រកាន់​រហូតមក​របស់​អ៊ីស្រាអែល។ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក​ហ្សាវ៉ា ហ្សារីហ្វ ដែល​មាន​វត្តមាន​ផងដែរ នៅទីក្រុង​មុយនិច ការលើកឡើង​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល គ្រាន់តែ​រឿងត្លុកកំប្លែង ដែល​អ៊ីស្រាអែល​តែង​ធ្វើឡើង ដើម្បី​រករឿង​អ៊ីរ៉ង់។ លោក​ហ្សាវ៉ា ហ្សារីហ្វ នៅ​បាន​និយាយ​ថា អ៊ីស្រាអែល​ឧស្សាហ៍​ប្រើ​យន្តហោះចម្បាំង ទៅ បាញ់​សម្លាប់​ប្រជាជន​ស៊ីរី ក្នុង​ទឹកដី​ស៊ីរី ប៉ុន្តែ អ៊ីស្រាអែល​មិន​មាត់ក​អ្វីទេ។ លើកនេះ គ្រាន់តែ​យន្តហោះ អ៊ីស្រាអែល​ត្រូវ​គេ​បាញ់​ធ្លាក់ មួយគ្រឿង នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បំប៉ោង​រឿង​ឲ្យធំ គឺ​ដូចជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ