អានតួអត្ថបទ
ឡេតូនី-រុស្ស៊ី

ប្រមុខ​ការទូត​ឡេតូ​នី​និង​រុស្ស៊ី​​ពិភាក្សា​នៅ​ម៉ូស្គូ​អំពី​សហប្រតិបត្តិការ​រុស្ស៊ី-អឺរ៉ុប​

 ការពិភាក្សា​នេះ គឹ​ក្នុង​បរិបទ​ដែល ឡេតូនី​បាន​ឡើង​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន ជា លើក​ដំបូង របស់​សហភាព​អឺរ៉ុប សម្រាប់​ឆមាស​ទី​១​ឆ្នាំ​២០១៥​នេះ។ ឧទ្ទិស​ដល់​ជំនួប​ថ្ងៃ​នេះ ក្រសួង​ការបរទេស​រុស្ស៊ី បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ប្រធាន​បទ​គន្លឹះ គឹ​ជុំវិញ​ដំណោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ចំណែក​ប្រមុខ​ការទូត ឡេតូនី បាន​ថ្លែង​ថា បញ្ហា​មួយ​ជា​ក្តី​កង្វល់ សម្រាប់​ប្រទេស​គាត់ គឺ​នា​ពេល​ចុង​ក្រោយ ឧស្សាហ៏ មាន​យន្តហោះ​យោធា​រុស្ស៊ី ហោះ​សសៀរ​តាម​ព្រំដែន​ឡេតូនី។ 

ទង់ជាតិឡេតូនីនិងអឺរ៉ុប
ទង់ជាតិឡេតូនីនិងអឺរ៉ុប
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​ការបរទេស​រុស្ស៊ី រំពឹង​ថា លក្ខន្តិកៈ​ឡេតូនី​ជា​ប្រធាន​សហភាព​អឺរ៉ុប មុខ​ជា​នឹង​ជម្រុញ​ដល់​ការ​លុប​ទៅវីញ​​ឧបសគ្គ​ជា​សិប្បនិម្មិត​ដែល​រាំងរា​ផ្លូវ​នៃ​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​សហភាព​អឺរ៉ុប​គ្រាន់​នឹង​អនុគ្រោះ​ដល់​ដំណោះស្រាយ​បញ្ហាណា​ដែល​ជា​គុណ​ប្រយោជន៍​ទៅវិញទៅមក។

តាមយោបល់​ក្រុង​ម៉ូស្គូ គូ​ភាគី​ផ្តោត​លើ​ប្រធានបទ​អន្តរជាតិ​ជាគន្លឹះ ដោយ​ភ្ជុង​ស្មារតី ទៅ​លើ​ការ​ពុះពារ​ជំនះ​ដោយ​សន្តិវិធី លើ​វិបត្តិ​នយោបាយ​លង់ជ្រៅ​ផ្ទៃក្នុង​អ៊ុយក្រែន។ ទាក់ទង នឹង​សាច់រឿង​នេះ លោក​ប្រមុខការទូត​ឡេតូនី Edgar Renkovich មុន​នឹង​ចេញ​ដំណើរ​មក បំពេញ​ទស្សនកិច្ច បាន​ថ្លែង​ថា ប្រទេស​គាត់ ត្រៀម​គាំទ្រ​ដល់​ការ​លុប​ទៅវិញ​ទណ្ឌកម្ម ប្រឆាំង​រុស្ស៊ី ប៉ុន្តែ​សម្រាប់​គោលដៅ​នេះ ម៉ូស្គូ​ចាំបាច់ ត្រូវ​តែ​ជួយ​ជ្រោមជ្រែង​ឲ្យ ស្ថានការណ៍​នៅ​តំបន់​បះបោរ​ខាង​កើត​អ៊ុយក្រែន វិវឌ្ឍ​បាន​ល្អ​ឡើង។ ប្រសាសន៍​លោក Renkovich គឺ សាមគ្គី​ជាមួយ​ល័ក្ខខ័ណ្ឌ​ដាក់​ចេញ​ដោយ លោក​ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា​និង​លោកស្រី​នាយរដ្ឋ​មន្ត្រី​អាល្លឺម៉ង់ អង់ហ្កែឡា ម៊ែកេល

​រដ្ឋមន្ត្រី​ការបរទេស​ឡេតូនី​ក៏​គូស​បញ្ជាក់​ថា រុស្ស៊ី​មាន​ភារៈ​មិន​គ្រាន់តែ​ជួយរៀបរយ ឲ្យ​មាន កិច្ច​សន្ទនា​នយោបាយ​រវាង​ភាគី​បដិបក្ខ​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ តែ ក៏​ត្រូវ​រែក​លើ​ស្មាខ្លួន​នូវ​នាទី​ទទួល​ខុសត្រូវ​ចំពោះ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ចសន្ទនា​នេះ។

ចំណែក​បញ្ហា​ជា​ក្តី​កង្វល់​ផ្ទាល់​របស់​ឡេតូនី នោះ​តាម​សម្តី​លោក Renkovich ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៤​កន្លង​ផុត​ទៅ ឧស្សាហ៍​មាន​យន្តហោះ​យោធា​រុស្ស៊ី ហោះ​សសៀរ តាម​ព្រំដែន​ឡេតូនី។ គាត់​សង្ឃឹម​ថា ជា​លទ្ធផល​នៃ​កិច្ចចរចា​នៅ​ម៉ូស្គូ ជាមួយ​សមភាគី​រុស្ស៊ី​លោក Serguei Lavrov ស្ថានការណ៍​ក្នុង​វិស័យ​នេះ ដែល​ងំ​ជាប់​តាំងពី​ឆ្នាំ​មុន​មក​ច្បាស់​ជា ជា​នឹង​បាន​ធូរស្រាល​វិញ​ពុំខាន។

តាម​ការ​សង្កេត​ឃើញ​របស់​ក្រុង​ម៉ូស្គូ ទោះបី​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាង​រុស្ស៊ី​និង​ឡេតូនី ក្នុង​ឆ្នាំ​២០១៤​បាន​កើន​ឡើង ៣០,៤% បើប្រៀប​ទៅ​នឹង​ឆ្នាំ ២០១៣ លុះ​ដល់​ទឹកប្រាក់ ជាង ១២.០០០​លាន​ដុល្លារ​ក្តី​ក៏​បរិយាកាស​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី រុស្ស៊ី-ឡេតូនី បន្ត​ស្ថិត​នៅ អវិជ្ជមាន ដដែល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ