អានតួអត្ថបទ
ឡេត្តូនី

បណ្តាជន​ឡេត្តូនី​បំផុស​ចលនា​ប្រឆាំង​នឹងការ​បង្រៀន​ជាភាសារុស្ស៊ី​

និយាយ​ឲ្យចំ​គឺគេ​នាំគ្នា​អង្គាស​ហត្ថលេខា​ប្រឆាំងនឹង​ការ​ផ្តល់​ ហិរញ្ញប្បទាន​ចេញ​ពី​ថវិការដ្ឋ​ទៅផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់​សាលារៀន​ណា​ នៅឡេត្តូនី​ដែល​បង្រៀន​សិស្ស​មិនមែន​ជាភាសា​ជាតិ​ឡេត្តូនី​ដោយ​ក្នុង​ បុព្វហេតុ​នេះ ​គឺ​តម្រង់​ជាពិសេស​ទល់នឹង​សាលាណា​ដែល​បង្រៀន​ជាភាសា​រុស្ស៊ី។

សភាឡេត្តូនី​នៅទីក្រុង ​រីហ្កា
សភាឡេត្តូនី​នៅទីក្រុង ​រីហ្កា (CC)/Kil/Wikipédia
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​ “គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត”​ហៅថា​ គ.ជ.ប​. ប្រកាស​ឲ្យដឹង​មកទល់​ឥឡូវ​នៅ​ឡេត្តូនី​មាន​បណ្តាជន​ម្ចាស់ឆ្នោត​ ចេះ​អង្គាស​បាន​ហត្ថលេខា​ជាង​១សែននាក់​ហើយ ​ពោលគឺ​១១២.៦០៨នាក់។​ គោលដៅ​នៃ​ការអង្គាស​ហត្ថលេខា​នេះ​ គឺ ដើម្បី​ទាមទារ​ពីអាជ្ញាធរ​ឲ្យបើក​ធ្វើ​ប្រជាមតិ​ ជុំវិញ​សាច់រឿង​ដែលមាន។​ ប៉ុន្តែ​ ដើម្បី​ឲ្យ​ប្រជាមតិ​បែបនេះ​អាច​ប្រព្រឹត្ត​ទៅកើត​ស្របនឹង​ច្បាប់​បោះឆ្នោត​នៅឡេត្តូនី​គឺតម្រូវ​ឲ្យអង្គាស​ហត្ថលេខា​បាន​យ៉ាងហោច​ណាស់​ក្នុងចំនួន​ ១១៣.២៣២នាក់។

 
ចលនា​អង្គាស​ហត្ថលេខា​នេះ​គឺបាន​ត្រូវផ្តួច​ផ្តើមឡើង​ដោយ​សម្ព័ន្ធជាតិ​និយម​ដែលមាន​ឈ្មោះថា​ “ រាល់អ្វីៗ​ទាំងអស់ គឺ​សម្រាប់​មាតុភូមិ​និង​សេរីភាព​ឡេត្តូនី “។

ប្រសិន​បើប្រជាមតិ​អាច​សម្រេច​ដោយ​លទ្ធផល​ជាវិជ្ជមាន​មែន នោះ វិសោធនកម្ម​នឹងត្រូវ​បញ្ចូល​ទៅក្នុង​មាត្រា​ទី១១២​នៃ​រដ្ឋធម្មនុញ្ញ ហើយ​កំណត់ថា៖

នៅឡេត្តូនី​ហិរញ្ញប្បទាន​ពីខាង​ថវិការដ្ឋ​នឹង​ផ្តល់ឲ្យ​តែ​សាលារៀន​ណា ​ដែល​បង្រៀន​តែជា​ភាសា​ឡេត្តូនី​ប៉ុណ្ណោះ។​ តាមតួលេខ​ចេញខែ​មករា​ឆ្នាំ២០១១​នេះ ​ឡេត្តូនី​ មាន​បណ្តាជន​ ជិត​២លាន៣សែន​នាក់​ពីក្នុង​នោះជាង​៥៩%​ជាជាតិ​ឡេត្តូនី​សុទ្ធ​និង​ជាង២៧%​ជាជាតិ​រុស្ស៊ី​ដែល​ជាប់ចំណាត់​ថ្នាក់ទី២។

ភាសា​រុស្ស៊ី​ត្រូវចាត់​ទុកជា​”ភាសា​កំណើត​ទី២”​ របស់​បណ្តាជន​ដល់ទៅ​៣២,៥%​ហើយជា​ “ភាសាយាន”​ ជាប់លេខ១​ដែល​និយមប្រើ​ដោយ​បណ្តាជន​ដល់ទៅ​៨១,២%​ទោះបី​ឡេត្តូនី​បាន​ឯករាជ្យ​ផ្តាច់ខ្លួន​ពីរុស្ស៊ី​តាំងពី​២០ឆ្នាំមុនក្តី។

គួរនិយាយ​ថា​ ពីក្នុង​ចំណោម​១៥អតីត​សាធារណរដ្ឋ​នៃ​សហភាព​សូវៀត​ដែល​រលាយ​ទៅក្នុង​ឆ្នាំ ១៩៩១​ សព្វថ្ងៃ​រាជាណាចក្រ​កម្ពុជា​មាន​ទំនាក់​ទំនង​ការទូត​ ក្រៅពី​ជាមួយ​សហព័ន្ធ​រុស្ស៊ី​ផ្ទាល់​ក៏​ទាំងជា​មួយ​៣ប្រទេស​នៅមាត់​សមុទ្រ​បាល់ទិក​គឺ​ឡេត្តូនី​ លីទុយអានី អេស្តូនី​ដែល​បច្ចុប្បន្ន​សុទ្ធតែ​ក្លាយជា​ សមាជិក​បក្សសម្ព័ន្ធ​អូតង់​និង​សហភាព​អឺរ៉ុប​ទៅហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ