អានតួអត្ថបទ
រុស្ស៊ី-ឡេតូនី

ទោះបី​បាន​ឯករាជ្យ​២០ឆ្នាំ​ទៅហើយ​ក្តី​ក៏​ឡេតូនី​នៅតែ​ចងគំនុំ​នឹង​រុស្ស៊ី

ឥរិយាបថនេះ ទើបរំលេច​ឲ្យឃើញ ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ឡេតូនី ដែល​ថ្លែង​ថា រូបសំណាក​ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធ​យុទ្ធជន​សូវៀត ដែល​ក្នុង​ឆ្នាំ១៩៤៤ សម័យ​សង្គ្រាម​លោក​លើកទី២ ចេះ​រំដោះ​ទីក្រុង Riga រដ្ឋធានី​ឡេតូនី ចេញ​ផុត​ពី​ការ​កាន់កាប់ នៃ​កងទ័ព​ហ្វាស៊ីស​អាល្លឺម៉ង់ គួរតែ​គាស់​រំលើង​ចេញទៅ។

លោក Artis Pabriks រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ឡេតូនី
លោក Artis Pabriks រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ឡេតូនី wikipedia
ផ្សាយពាណិជ្ជកម្ម

 

ជាការកត់សម្គាល់ រូបសំណាក​នេះ​ក្រោម​ឈ្មោះ​ថា “បូជនីយស្តម្ភ​ជ័យជំនះ” ដែល​ស្ថិតនៅ​ចំកណ្ដាល​ក្រុង Riga រដ្ឋធានី​ឡេតូនី ត្រូវបាន​សម្ពោធ កាល​ក្នុង​ឆ្នាំ១៩៨៥ គឺ សម័យ​អំណាច​សូវៀត។ វា​មាន​កំពស់​ដល់ទៅ ៧៩ម៉ែត្រ ហើយ​លំអ ទៅដោយ​កម្រង​រូបចម្លាក់​“មាតុភូមិ-មាតា និង យុទ្ធជន​រំដោះ”។ តាំងពីពេលនោះមក រៀងរាល់​ថ្ងៃ​បុណ្យ​ជ័យជំនះ គឺ​ទិវា​៩ឧសភា ដែល​កាល​ពី​ក្នុង​ឆ្នាំ ១៩៤៥ មេទ័ព​របស់ Hitler បាន​ចុះ​ហត្ថលេខា​សុំ​ចុះចាញ់ នៅ​ពីមុខ​មេទ័ព​សូវៀត តែង​មាន​មនុស្ស​ទាំងពាន់ៗ​នាក់ ទៅ​ជួបជុំគ្នា នៅលើ​ទីលាន ជុំវិញ​រូបសំណាក​នេះ ប្រារព្ធ​បុណ្យ​ជ័យជំនះ។

ឲ្យសម្ភាសន៍ទៅកាសែតក្នុងស្រុក Neatkariga លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឡេតូនី Artis Pabriks ថ្លែងថា ការ​ប្រារព្ធ​បុណ្យ​ជ័យជំនះ​ថ្ងៃ​៩ឧសភា ក្នុង​រូបភាព​សព្វថ្ងៃ គឺ​ធ្វើឲ្យ​គាត់​ទើសចិត្ត​ណាស់។ ដ្បិត តាម​សំដី​គាត់ របស់​ដែល​ហៅ​ថា “បូជនីយស្តម្ភ​ជ័យជំនះ” បច្ចុប្បន្ន វា​លែងជា​និមិត្តរូប​នៃ​វិញ្ញាណក្ខ័ន្ធ​ទាហាន​រំដោះ​ទៀតឡើយ តែ​វា​ជា​វត្ថុ​ដក់ជាប់​ដោយ​ន័យ​នយោបាយ​ដ៏ធំ​ទៅវិញ។ ពីព្រោះ គោលដៅ​មនុស្ស​ភាគច្រើន ដែល​ទៅ​ជួបជុំគ្នា​នៅ​ទីនោះ គឺ​មិនមែន ដើម្បី​នឹក​ចងចាំ ទៅដល់​អ្នក​ដែល​អភ័ព្វ​ស្លាប់ទៅ ក្នុង​សង្គ្រាម​លោក​លើកទី២​ឡើយ តែ​គឺ​ដើម្បី​ក្តោបក្តាប់​ឡេតូនី ឲ្យ​ស្ថិតនៅក្នុង “វិស័យ​ភូមិសាស្ត្រ-នយោបាយ” ម្យ៉ាង ដែល​លែង​មានអត្ថិភាព​២០ឆ្នាំ​មកហើយ។ ព្រមជាមួយ​នេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឡេតូនី ក៏​សារភាព​ថា ការ​គាស់រំលើង​បូជនីយស្តម្ភ​នេះ មុខជា​នឹង​បង្កជា​ផលវិបាក​ដ៏​គ្រោះថ្នាក់​យ៉ាងច្រើន​ឥត​គណនា។

ឥឡូវ មានទៅហើយ ប្រតិកម្ម​ពីខាង​អភិបាលក្រុង Riga ដែល​រុស្ស៊ីនិយម​ទេតើ គឺ​លោក Nil Oushakov ដែល​ចាត់ទុក​សំណើ​របស់​រដ្ឋមន្ត្រី​ការពារជាតិ ថា​ជា​“គំនិត​ភ្លីភ្លើ​រកលេខ​ដាក់គ្មាន”។

អំពីវាសនាក្រុង Riga គឺ​ថា ថ្ងៃ១៧មិថុនា​ឆ្នាំ១៩៤០ វា​បាន​ធ្លាក់​ទៅនៅក្រោម​ការ​កាន់កាប់ នៃ​កងទ័ព​ក្រហម​សូវៀត ប៉ុន្តែ​១ឆ្នាំ​ក្រោយមក នៅថ្ងៃ១​កក្កដា​ឆ្នាំ១៩៤១ កងទ័ព​នេះ​បាន​បង្ខំចិត្ត​ដកចេញ​ទៅ​ក្រោម​សម្ពាធ​ទ្រាំមិនបាន នៃ​ការ​វាយប្រហារ​ពី​ខាង​កងទ័ព​អាល្លឺម៉ង់​របស់ Hitler។ លុះថ្ងៃទី ១៣តុលា​ឆ្នាំ១៩៤៤ រដ្ឋធានី​ឡេតូនី​នេះ ក៏​ត្រូវបាន​រំដោះ​រួច ហេតុ​ដែល​ហុច​លទ្ធភាព​ដល់​កងទ័ព​ក្រហម​សូវៀត ឲ្យ​វិលត្រឡប់​ទៅ​កាន់កាប់​ក្រុង​នេះ​វិញ។

Lettonie ផ្ទាល់ ក៏ដូចជា​ប្រទេស​២ទៀត នៅ​មាត់សមុទ្រ​បាល់ទិក គឺ Estonie និង Lituanie បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ ស្របនឹង​កិច្ចព្រមព្រៀង​ចុះ​ខែ​មករា ឆ្នាំ១៩៩១ រវាង​អតីត​សាធារណរដ្ឋ​សូវៀត​ទាំង៣​នេះ និង​ប្រធានាធិតី​ទី១​នៃ​ប្រទេស​រុស្ស៊ី​សម័យថ្មី គឺ​លោក Boris Yeltsine៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ