អានតួអត្ថបទ
រុស្ស៊ី-ឡេតូនី

ឡេតូនី​ចោទ​រុស្ស៊ី​ថា ចេះ​តែ​វាត​ការឃោសនា​មួលបង្កាច់

ការនេះ មានចែងក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ទើបចេញផ្សាយព្រឹកមិញ ដោយ “ការិយាល័យ​ឡេតូនី​ខាង​ការពារ​រដ្ឋធម្មនុញ្ញ” ដែល​បំពេញ​មុខងារ ខាង​ឈ្លប​យកការ​សម្ងាត់ និង ខាង​ប្រតិចារកិច្ច។ របាយការណ៍ ចាត់ទុក​គោលដៅ ដែល”បង្កប់” នៅក្នុង​នយោបាយ​ក្រៅ​ប្រទេស​រុស្ស៊ី គឺ ជា​ការគំរាម​ដល់​ផល​ប្រយោជន៍​ជាតិ​របស់ ឡេតូនី។

នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​លោក​ពូទីន​ (ស្តាំ)សន្យា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ឡេតូនី
នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​លោក​ពូទីន​ (ស្តាំ)សន្យា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ឡេតូនី ©
ផ្សាយពាណិជ្ជកម្ម

 

ជាបឋម គួររំលឹកថា ឡេតូនី​ស្ថិតក្នុង​ចំណោម ៣​ប្រទេស​នៃ​អតីត​សហភាពសូវៀត នៅ​មាត់សមុទ្រ​បាល់ទិក ហៅថា “ប្រទេសបាល់ទ៏” ដែលត្រូវ​បាន​រាជាណាចក្រកម្ពុជា តាំង ទំនាក់ទំនង​ការទូត​ជាមួយ ក្រោយ​ពី​សហភាពសូវៀត រលំរលាយ​ទៅ​ក្នុង​ឆ្នាំ១៩៩១។

ចំណែក​របាយការណ៍​របស់ ការិយាល័យ​ឡេតូនី​ខាង​ការពារ​រដ្ឋធម្មនុញ្ញ លើក​ឡើង​ជា​អាទិ៍៖
- នយោបាយ​ក្រៅប្រទេស​រុស្ស៊ី គឺ​សំដៅ ផ្លុំ​បញ្ឆេះ ការឃោសនា​មួលបង្កាច់​ប្រឆាំង​រដ្ឋ​ឡេតូនី ដោយ​ចោទ​ឡេតូនី​ថា កំពុង​ប្រស់ លទ្ធិ​ហ្វាស្ស៊ីស​ឲ្យ​រស់ឡើងវិញ នៅ​ឡេតូនី ដោយ​កំពុង​សរសេរ ប្រវត្តិសាស្ត្រ​ឡើងវិញ ទាំង​ខំ​ស្វះស្វែង​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា ឡេតូនី ជា “រដ្ឋ​ពេញ​លក្ខណៈ” ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ចំណុចដែល​ថា ឡេតូនី​ចេះ​តែ​ធ្វើ​នយោបាយ​រើសអើង ចំពោះ​បណ្តាជន​ដែល​និយាយ​ភាសា​រុស្ស៊ី។

- ពួកមន្ត្រី​រុស្ស៊ី តែង​សំដែង​ជា​សាធារណៈ ពី​បំណង​ពង្រឹង​ជាធ្លុងមួយ សហគមន៍​ជនជាតិ​រុស្ស៊ី ដែលមាន​ចំនួន​ប្រមាណ ១/៣ នៃ​បណ្តាជន នៅទូទាំង​ប្រទេស​ឡេតូនី ប៉ុន្តែ តាមធាតុ​ពិត​ទៅ “គោលដៅ​ភាគច្រើន​នៃ​នយោបាយក្រៅ​ប្រទេស​រុស្ស៊ី គឺ​ឥត​មាន​និស្ស័យ ពាក់ព័ន្ធ ទៅនឹង​ការជួយ​ឈឺឆ្អាល ដល់​ស្ថានភាព​ជនរួមឈាម​រុស្ស៊ី​ទាំង​នោះ​ឡើយ”។

- ម៉្លោះហើយ បានជា ភាពមិនស្រប​គ្នា រវាង​គោលដៅ​ដែលមាន​ថ្លែង និង គោលដៅ​មែនពិត នៃ​នយោបាយ​ក្រៅ​ប្រទេស​រុស្ស៊ី វា ជា​ហានិភ័យ​ធំ​បំផុត ពាំនាំ​ជា​គ្រោះថ្នាក់ ដល់ សន្តិសុខ​ជាតិ​ឡេតូនី។

ជា​ការកត់​សម្គាល់ ឡេតូនី​ដែល​តាំង​ពី​ឆ្នាំ២០០៤​មក ក្លាយជា​សមាជិក បក្ស​សម្ព័ន្ធ អូតង់ និង សហភាព​អឺរ៉ុប តែង​ដំឡើង​សំឡេង ដោយ​មិន​ញញើតឡើយ ទល់នឹង មហា​ប្រទេស​រុស្ស៊ី ជិតខាង ដែល​កាលមុន ខ្លួន​ធ្លាប់​បាន​ចំណុះ។

គួរនិយាយ​ថា ក្នុង​ខែ​កុម្ភៈ​កន្លងទៅ ក្នុង​ប្រជាមតិ​នៅឡេតូនី មាន​បណ្តាជន​ម្ចាស់ឆ្នោត ដល់ទៅ ៧៤,៨% បាន​ច្រានចោល សំណើ​របស់​សហគម​រុស្ស៊ីនៅ​ទីនោះ ឲ្យ​ប្រែ​ភាសា​រុស្ស៊ី​ទៅជា ភាសា​ផ្លូវការ​ទី២ នៅ​ឡេតូនី បន្ទាប់​ពី​ភាសា​ជាតិ​ឡេតូនី​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ