អានតួអត្ថបទ
ភូមា

អាជ្ញាធរ​ភូមា​ដក​ហូត​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាជន​រ៉ូហ៊ីងយ៉ា

ប្រជាជន​ភាគតិច រ៉ូហ៊ីងយ៉ា​កំពុង​ឈាន​រក​ការបាត់​អត្តសញ្ញាណ​ផ្ទាល់ខ្លួន។ តាម​ការអះអាង​កាលពីថ្ងៃ​ពុធ របស់​មន្រ្តី​ភូមា អាជ្ញាធរ​កំពុង​ដើរ​ប្រមូល ដកហូត​យក​វិញ កាតពណ៌​ស ដែល​រដ្ឋាភិបាល​ភូមា​ធ្លាប់​បាន​ចែក សម្រាប់​ការសំគាល់​ខ្លួន​បណ្តោះអាសន្ន ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ ព្រួយបារម្ភ និង​ព្រមានថា ចំណាត់ការ​របស់​រដ្ឋាភិបាល​ភូមា កំពុង​ធ្វើ​ឲ្យ​ជនជាតិ​ រ៉ូហ៊ីងយ៉ា​ឈាន​ទៅ​រក​ការបាត់បង់​ឯកសារ​សំខាន់ ដែល​អាច​បញ្ជាក់​អត្តសញ្ញាណ​របស់ពួកគេ។

ប្រជាជន ភាគតិច រ៉ូហ៊ីងយ៉ា រស់នៅក្នុង​ជំរំភៀសខ្លួន នៅក្រោយ​ជម្លោះ​ហិង្សាជាមួយ​ក្រុម​ពុទ្ធសាសនិក​ភូមា ឆ្នាំ ២០១២
ប្រជាជន ភាគតិច រ៉ូហ៊ីងយ៉ា រស់នៅក្នុង​ជំរំភៀសខ្លួន នៅក្រោយ​ជម្លោះ​ហិង្សាជាមួយ​ក្រុម​ពុទ្ធសាសនិក​ភូមា ឆ្នាំ ២០១២ AFP PHOTO/Christophe ARCHAMBAULT
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ថ្នាក់ខេត្ត​ភូមា បាន​និយាយ​កាលពីថ្ងៃ​ពុធ​ថា អាជ្ញាធរ​ដែល​មាន​អមដំណើរ​ដោយ​យោធា បាន​ដើរប្រមូល​យក​កាត​ពណ៌​ស ពី​ក្រុមប្រជាជន​ រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់នៅ ក្នុង​ជំរំ​ជនភៀសខ្លួន ចំនួន ១១ ក្នុង​រដ្ឋរ៉ាគីន។

 
ចលនា​ដើរប្រមូល​យកកាត​ពណ៌​ស ពី​ក្រុម​ប្រជាជន​ភាគតិច រ៉ូហ៊ីងយ៉ា ធ្វើឡើង បន្ទាប់​ពី​ប្រធានាធិបតី ភូមា លោក​ថេន សេន បាន​ប្រកាស​ដំណឹង គួរ​ឲ្យ​រន្ធត់ កាលពីខែ​កុម្ភៈ​ថា កាតពណ៌​ស របស់​ជនជាតិ​ រ៉ូហ៊ីងយ៉ា​នឹង​អស់​សុពលភាព នៅថ្ងៃ​ទី ៣១ ខែ​មីនា។ ប្រមុខដឹកនាំ​ភូមា​បាន​ប្រកាស​បញ្ចប់​សុពលភាព​កាតពណ៌​ស របស់​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ក្រោយ​ពី​មាន​ការជជែក​តវ៉ា យ៉ាងចម្រូងចម្រាស នៅក្នុង​សភា ស្តី ពីការផ្តល់​សិទ្ធិ​បោះឆ្នោត ទៅ​ឲ្យ​ក្រុមជនជាតិ រ៉ូហ៊ីងយ៉ា។ សមាជិក​សភា មក​ពី​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជាតិ ដើម្បី​អភិវឌ្ឍ ដែល​ចេញ​មុខ ទាមទារ ការពារ​សិទ្ធិ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​តវ៉ា​សុំ​ឲ្យ​សភា ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម រ៉ូហ៊ីងយ៉ា​អាច​ចូលរួម​បោះឆ្នោត ប្រជាមតិ លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ភូមា។ ការទាមទារ​របស់​បក្ស​ប្រឆាំង ដុត​រោល ក្រុម​ពុទ្ធសាសនិក​ដែល​មាន​ចំនួន​ភាគច្រើន នៅ​ភូមា ឲ្យ​ងើប​តវ៉ា​​ប្រឆាំង។

ក្រុម រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ជនជាតិ​ភាគតិច ដែល​រង​ការធ្វើ​ទុកម្នេញ ខ្លាំង​ជាងគេ នៅក្នុង​ពិភពលោក។ នៅ​ភូមា​ជនជាតិ​រ៉ូហ៊ីងយ៉ា ជាង ១លាន ៣សែន​នាក់ រស់នៅ​ក្នុង​ស្ថានភាព​ខ្ចាត់ព្រាត់។ ទោះជា​ពួកគេ​មាន​វត្តមាន​នៅភូមា តាំង​ពីសម័យ​អាណានិគម​អង់គ្លេស រដ្ឋាភិបាល​ភូមា​នៅតែ​ចាត់ទុក​ក្រុម​ រ៉ូហ៊ីងយ៉ា ថា ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​បង់ក្លាដែស និង​រស់នៅ​ខុសច្បាប់ ក្នុង​ប្រទេស​ភូមា។ នៅ​ឆ្នាំ ២០១២ ជម្លោះ​ហិង្សា រវាង​សហគមន៍ អ្នកកាន់សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា ជាមួយ​ក្រុមពុទ្ធសាសនិក ភូមា​បាន​ធ្វើ​ឲ្យ​ក្រុមជនជាតិ​ រ៉ូហ៊ីងយ៉ា​ត្រូវ​រត់​ទៅ​ភៀសខ្លួន ក្នុង​ជំរំ​របស់​អង្គការ​សហប្រជាជាតិ។

គ្មានផ្ទះសម្បែង ឥលូវ​ត្រូវ​អាជ្ញាធរ​ភូមា ដកហូត​យក​កាតពណ៌​ស​របស់ខ្លួន។ កាតពណ៌​ស ដែល​ជា​អត្តសញ្ញាណ​បណ្តោះអាសន្ន ផ្តល់​ដោយ​រដ្ឋាភិបាល ភូមា ជា​ក្តីសង្ឃឹម​តែមួយ សម្រាប់​ក្រុមរ៉ូហ៊ីងយ៉ា ដើម្បី​ដាក់ពាក្យ​សុំ​សញ្ជាតិ។ នៅពេលនេះ គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​ប្រជាជន​ រ៉ូហ៊ីងយ៉ា​ដែល​ត្រូវ​គេ​ដកហូត​កាតពណ៌​ស នឹង​ត្រូវ​បាត់បង់​សិទ្ធិ សុំ​សញ្ជាតិ​ភូមា​ដែរឬទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ