អានតួអត្ថបទ
ភូមា

សភា​ភូមា​ចោទ​លោក​បាន គីមូនថា បាន​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ភូមា

សភា​ភូមា កាលពី​ថ្ងៃ​សុក្របាន​បោះឆ្នោត​ប្រឆាំង​នឹង​ការប្រើពាក្យពេជន៍​របស់​​លោក​ ​ បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ នៅក្នុង​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​ភូមា កាលពីថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ គីមូន​បាន​លើកឡើង​ពី​វិបត្តិ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ ជាពិសេស​ការបិទសិទ្ធិដល់​​ជនជាតិ​ភាគតិច ​រូហ៊ីងយ៉ា​។ គឺ​ពាក្យ​រូហ៊ីងយ៉ា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សភាភូមា​​ក្តៅស្លឹកត្រចៀក និងបាន​ចោទ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា បាន​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង​ភូមា។ 

លោក​បាន គីមូន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ភូមា នៅថ្ងៃព្រហស្បតិ៍ ទី ១៣​វិច្ឆិកា
លោក​បាន គីមូន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ភូមា នៅថ្ងៃព្រហស្បតិ៍ ទី ១៣​វិច្ឆិកា ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ការផ្តល់​អត្តសញ្ញាណ​ ឬ​និយាយ​ដល់​​ជនជាតិ​រូហ៊ីងយ៉ា ត្រូវ​គេ​ចាត់​ទុក​ដូចជាការនាំភ្លើង​ទៅ​ដុតបញ្ឆេះ នៅក្នុង​ប្រទេស​ភូមា។ ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ភូមាភាគច្រើន​មិន​បាន​ចាត់ទុក​​ក្រុម រូហ៊ីងយ៉ា​ ជា​ជនជាតិ​ភាគតិច​របស់​ភូមាទេ ប៉ុន្តែ ជា​ក្រុមជន​អន្តោប្រវេសន៍​ ដែល​បាន​ចូល​ទៅ​រស់នៅ​ខុសច្បាប់​ក្នុង​ទឹកដី​ភូមា។ ប៉ុន្តែ កាលពីថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​អំឡុង​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន​បាន​លើកឡើង​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ទៅលើ​ក្រុមជនជាតិ រូហ៊ីងយ៉ា ដែល​រហូត​មកដល់​ពេលនេះ​ត្រូវ​បាន​កាត់ផ្តាច់ទាំងស្រុង​ចេញ​ពី​សង្គម​ភូមា។

 
តាម​សមាជិក​សភា​ភូមាម្នាក់ ដែល​ជា​ម្ចាស់ពាក្យ​បណ្តឹង​ទៅ​សភា ការលើក​និយាយ​ពី​ឈ្មោះ​ រូហ៊ីងយ៉ា របស់​លោក​បាន គីមូន អាច​នឹង​ញុះញង់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​សាជា​ថ្មី នៅ​រដ្ឋ​រ៉ាគីន។ សមាជិក​សភា​ភូមា​រូបនេះ​បាន​ចាត់ទុក​ការហៅឈ្មោះ​ជនជាតិរូហ៊ីងយ៉ា ដែល​ប្រជាជន​ភូមា​មិន​ទទួលស្គាល់ ថា ​ការជេរប្រមាថ​ដល់​ប្រជាជន​ភូមា​។ ហើយ​ការលើកឡើងពី​ជនជាតិ​មួយ​ដែល​គ្មានវត្តមាន​ទាល់តែសោះ នៅក្នុង​ទឹកដី​ភូមា គឺ​ត្រូវចាត់ទុក​ដូចជា​ការរំលោភ​ច្បាប់​ភូមា។

នៅ​ភូមា អាជ្ញាធរ​បាន​ផ្តល់​ឈ្មោះ​ដល់​ក្រុមជនអន្តោប្រវេសន៍​​ថា​ បង់ហ្កាលី ដែល​មាន​ប្រភពដើម​ មកពី​ប្រទេស​បង់ក្លាដែស ប៉ុន្តែ មិនមែន​ជា​ជនជាតិ​ភាគតិចភូមា ឈ្មោះ​ រូហ៊ីងយ៉ា ដូចដែល​សហគមន៍​អន្តរជាតិ​បាន​ចាត់ទុក​នោះទេ។ រដ្ឋាភិបាល​ភូមា​នៅ​បាន​បដិសេធ​មិន​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ រូហ៊ីងយ៉ា នោះបើទោះបី​មាន​​ភស្តុតាងជាច្រើន​បង្ហាញថា ជនជាតិ​​នេះ ធ្លាប់​មាន​បុព្វបុរស​របស់ខ្លួន​ធ្លាប់​ចូលរួម​នៅក្នុងរដ្ឋាភិបាល​របស់​​របប​សឹក​ភូមាក៏ដោយ។

 
កាលពីថ្ងៃ​សុក្រ ដោយ​គ្មាន​ឧបសគ្គ សភាភូមា​បាន​បោះឆ្នោតចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រិះគន់​ជំហរ​របស់​លោក​អគ្គលេខាធិការ​បាន គីមូន ដែល​បាន​ប្រើពាក្យ​រូហ៊ីងយ៉ា សម្រាប់​សំគាល់​ជនជាតិ​ភាគតិច​ កាន់សាសនា​អ៊ីស្លាម​នៅ​ភូមា។ លោក​បាន គីមូន ជាមនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​និយាយ​ចំៗ​ពីក្រុមជនជាតិ​ រូហ៊ីងយ៉ា នៅក្នុង​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបាម៉ា​ឯណោះវិញ​ ដែល​បាន​ចូលរួម​នៅក្នុង​ជំនួបកំពូល​ក្នុង​ទីក្រុង​ណៃពីដរ បាន​ត្រឹម​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ជនជាតិ​ភាគតិច​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ឈ្មោះ​ជនជាតិ​ រូហ៊ីងយ៉ា។ ​

សូមបញ្ជាក់ថា ចាប់តាំង​ពី​ជម្លោះ​ហិង្សា​ជាមួយ​ក្រុម​អ្នកកាន់សាសនា​ព្រះពុទ្ធ ប្រជាជន​ រូហ៊ីងយ៉ា ដែល​ភាគច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម ប្រមាណ​១សែន ៤​ម៉ឺននាក់ ត្រូវ​​​ជម្លៀស​ចេញពី​ផ្ទះ​សម្បែង និងត្រូវ​អាជ្ញាធរ​ចាប់ប្រមូលផ្តុំ​ឲ្យ​រស់នៅក្នុង​ជំរំភៀសខ្លួន រហូត​ធ្វើ​​ឲ្យ​ពួកគេ​ មិនបាន​ទទួល​សេវាសាធារណៈ សេវាសុខភាព និង​ការងារ​ពី​​រដ្ឋាភិបាល​។
កាលពីពេលថ្មីៗនេះ លោក​ប្រធានាធិបតី​ភូមា ​ថេន សេន​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា​នឹង​ត្រូវ​បន្ត​រស់នៅក្នុង​ជំរំ​ភៀសខ្លួន​ដ៏​យូរអង្វែង​​តទៅទៀត គឺ​រហូត​ដល់​ពេលមាន​ប្រទេស​ដទៃ​ណាមួយ​ស្ម័គ្រចិត្ត​ទទួល​យក​ពួកគេ​ទៅ​ធ្វើ​ជា​ជនជាតិ​របស់ខ្លួន។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ