អានតួអត្ថបទ
ហុងកុង

ហុងកុង៖ចិនប៉េកាំង​បាន​ហាម​​តំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​ពីរនាក់​មិន​ឲ្យ​ចូល​អង្គុយ​ក្នុង​សភា​ហុងកុង

នៅ​ហុងកុង ចិនប៉េកាំង​បាន​លូកដៃ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​ដោយ​នៅ​ថ្ងៃ​ចន្ទ ទី៧ វិច្ឆិកា​នេះ សភា​ចិនប៉េកាំង​បាន​សម្រេច​ឲ្យ​មិន​ឲ្យ​អ្នកតំណាងរាស្រ្ត​ហុងកុង​និយម​ឯករាជ្យ​ពីរនាក់​ធ្វើ​សច្ចាប្រណិធាន​លើកទី២ ចូល​អង្គុយ​ក្នុង​សភា​ឡើយ។ គួរ​ជម្រាប​ជូន​ថា អ្នក​តំណាងរាស្រ្ត​ហុងកុង​និយម​ឯករាជ្យ​ទាំង​ពីរ​នាក់​ធ្លាប់​បាន​ធ្វើ​សច្ចាប្រណិធាន​ម្តង​ហើយ តែ​បាន​ធ្វើ​មិន​ត្រឹមត្រូវ​ដោយ​ពួក​គេ​ឆ្លៀត​យក​វេទិកា​នា​ឱកាស​នោះ​ដើម្បី​ប្រឆាំង​នឹង​ការ​លូកដៃ​របស់​ចិន​ប៉េកាំង។

លោក Baggio Leung និង​កញ្ញា Yau Wai-ching អ្នកតំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​​ដែល​ចិន​ប៉េកាំង​ហាម​មិន​ឲ្យ​ចូល​អង្គុយ​ក្នុង​សភា​ហុងកុង
លោក Baggio Leung និង​កញ្ញា Yau Wai-ching អ្នកតំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​​ដែល​ចិន​ប៉េកាំង​ហាម​មិន​ឲ្យ​ចូល​អង្គុយ​ក្នុង​សភា​ហុងកុង REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​ទាំង​ពីរ​នាក់ គឺ​កញ្ញា Yau Wai-ching និង​លោក Baggio Leung ហើយ​អ្នក​ទាំង​ពីរ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​នា​ការ​បោះឆ្នោត​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ តាម​ពិត​ទៅ កញ្ញា Ching និង​លោក Leung ត្រូវ​ចូល​ក្នុង​សភា​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ម្ល៉េះ តែ​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ​ដោយសារ​តែ​សភា​ទាត់​ចោល​ការ​ធ្វើ​សច្ចាប្រណិធាន​របស់​អ្នក​ទាំង​ពីរ។ សភា​បាន​យល់​ឃើញ​ថា អ្នកតំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​វ័យ​ក្មេង​ទាំង​ពីរ​នាក់​បាន​ឆ្លៀត​ប្រើ​វេទិកា​ធ្វើ​សច្ចាប្រណិធាន​ដើម្បី​បរិហារ​លើ​ការ​លូកដៃ​របស់​ចិន​ប៉េកាំង​ដោយ​និយាយ​ថា ហុងកុង​មិនមែន​ចិន​ទេ។

ជា​មួយ​នឹង​ទង្វើ​ចេតនា​របស់​អ្នកតំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​ទាំង​ពីរ​នាក់​បាន​បញ្ឆេះ​កំហឹង​ចិន​ប៉េកាំង​ដែល​នៅ​ទីបំផុត បាន​លូកដៃ​អន្តរាគមន៍​ដោយ​ហាម​មិន​ឲ្យ​កញ្ញា Ching និង​លោក Leung ចូល​អង្គុយ​ក្នុង​សភា​ហុងកុង​ទេ។ ក្រោម​ភ្នែក ច្រមុះ​របស់​ចិន​ប៉េកាំង ទង្វើ​របស់​កញ្ញា Ching និង​លោក Leung បាន​រំលោភបំពាន​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ហុងកុង​ដែល​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ឲ្យ​ក្នុង​ឆ្នាំ ១៩៩៧។ ចំណែក​ប្រមុខ​ដឹកនាំ​ហុងកុង​មាន​ទំនោរ​រក​ចិន​ប៉េកាំង​លោក Leung Chun-ying បាន​បញ្ជាក់​ថា លោក​នឹង​អនុវត្តន៍​តាម​អនុសាសន៍​របស់​ចិន​ប៉េកាំង និង​ថា កញ្ញា Ching និង​លោក Leung មិន​អាច​ធ្វើ​សច្ចាប្រណិធាន​ជា​លើក​ទី២ បាន​ទេ។

អ្វី​ជា​ការ​កត់​សម្គាល់ វិបត្តិ​ដែល​កើត​ចេញ​ពី​ទង្វើ​របស់​អ្នកតំណាងរាស្រ្ត​ហុងកុង​ឯករាជ្យនិយម​វ័យក្មេង​ទាំង​ពីរ​បាន និង​កំពុង​រុញ​ហុងកុង​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ជា​ថ្មី​ដូច​ក្នុង​ឆ្នាំ ២០១៤។ នៅ​យប់​ថ្ងៃ​អាទិត្យ ទី៦ វិច្ឆិកា មាន​ពលរដ្ឋ​ហុងកុង​ជា​ច្រើន​ពាន់នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​លូកដៃ​របស់​ចិន​ប៉េកាំង​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង។ ក្បួនបាតុកម្ម​ដែល​ត្រូវ​បាន​កម្លាំង​ប៉ូលិស​វាយបំបែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ