អានតួអត្ថបទ
ហុងកុង-ការបោះឆ្នោត

បេក្ខជន​ខាង​​អ្នក​ទាមទារ​ឯករាជ្យ​​នៅ​ហុងកុង​​​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ហុងកុង​ជា​លើក​ដំបូង​

នៅ​ហុងកុង​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មក  ចលនា​យុវជន​ដែល​ជា​អ្នក​ស្រែក​ទាមទារ​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​ចិន​ដី​គោគ  បាន​ជាប់​ឆ្នោត​ជា​សមាជិកសភា​ហុងកុង​ជា​លើក​ដំបូង។ ហុងកុង ដែល​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស ធ្លាប់​បាន​ស្គាល់​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១៤​ដោយសារ​មហា​ចលនា​បាតុកម្ម​បិទ​ខ្ទប់​សង្កាត់​នានា​ដឹកនាំ​ដោយ​ចលនា​និន្នាការ​លិទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង។ 

យុវជន Nathan Law  លើកដៃស្រែករីករាយសប្បាយចំពោះជោគជ័យ​របស់​ខ្លួនចំពោះ​ជ័យជំនេះ​ក្នុងការបោះឆ្នោត​សភា​នៅ​ហុងកុង​
យុវជន Nathan Law លើកដៃស្រែករីករាយសប្បាយចំពោះជោគជ័យ​របស់​ខ្លួនចំពោះ​ជ័យជំនេះ​ក្នុងការបោះឆ្នោត​សភា​នៅ​ហុងកុង​ REUTERS/Bobby Yip TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ហុងកុង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ អ្នក​ចូល​រួម​បោះឆ្នោត មាន​ចំនួន​ជាង​២​លាន​២​សែន​នាក់ ឬ​ប្រមាណ​ជា​៦០%  ចំនួន​អ្នក​ចុះ​ឈ្មោះ​​បោះឆ្នោត ដែល​ជា​ចំនួន​​​ដ៏​ច្រើន​បំផុត​មួយ​ពុំ​ធ្លាប់​មាន​ឡើយ។ ប្រជាជន​ហុងកុង បាន​ធ្វើ​ការ​បោះ​ឆ្នោត​រហូត​ដល់​យប់​ជ្រៅ​ក្នុង​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ដល់​ថ្ងៃ​ចន្ទ។ ការ​បោះឆ្នោត​ដែល​​មាន​ការ​ចូលរួម​ជា​លើក​ដំបូង​បង្អស់​ដែរ​ពី​សំណាក់​ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​ប៉េកាំង។

 
សូមបញ្ជាក់ថា ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​ហុងកុង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈពេល​ដែល​ប្រជាជន​ហុងកុង​ចំនួន​ដ៏​ច្រើន​បំផុត មាន​ការ​ព្រួយចិត្ត​​យ៉ាង​ខ្លាំង ខ្លាច​ទីក្រុង​ប៉េកាំង ​​ចង់​ពង្រឹង​ការ​ត្រួតត្រា​អំណាច​របស់​ខ្លួន​នៅ​លើ​ទឹកដី​របស់​ពួក​គេ ទាំង​នៅ​លើ​វិស័យ​នយោបាយ វប្បធម៌ ឬ ​ក៏ នៅ​លើ​វ័យ​អប់រំ។

បន្ទាប់ពី​ការ​រើ​រាប់​សន្លឹក​ឆ្នោត លទ្ធផល​ បាន​ឲ្យ​ដឹង​នៅ​​​​ថ្ងៃ​ចន្ទ​នេះ​ថា ​បេក្ខជន​​៤​នាក់​មក​ពី​​ក្រុម​​អ្នក​ទាមទារ​ផ្តាច់​ខ្លួន ​ពី​ចិន​ដី​គោគ​ បាន​ជាប់​ឆ្នោត​ជា​សមាជិក​​​ក្រុម​ប្រឹក្សានីតិបញ្ញត្តិ​ហុងកុង។ ក៏​ប៉ុន្តែ គេ​នៅ​នឹក​សង្ឃឹម​ដែរ​ថា នឹងមាន​បេក្ខជន​​ម្នាក់ទៀតខាងក្រុម​​អ្នក​ទាមទារ​ឯករាជ្យ​ នឹងទទួល​​បាន​អសនៈ​មួយ​ទៀត ។ លទ្ធផលឆ្នោតនេះ គឺ ​ជានិមិត្ត​រូប​មួយ​ដ៏​​ខ្លាំងក្លា​បំផុត នៅ​​ដី​ហុងកុង  បើទោះបីជា ​សភា​ហុងកុងនឹង​នៅតែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត្រា​របស់​​អ្នក​នយោបាយ​មួយ​ចំនួន​ធំ​ ដែល​ស្និទ្ធ​នឹង​ទីក្រុង​ប៉េកាំង​ក៏​ដោយ​ក្តី។

ទន្ទឹមនេះ​បេក្ខជនបោះឆ្នោត Nathan Law នៅ​នា​ពេល​រើ​រាប់​សន្លឹក​ឆ្នោត បាន​ថ្លែង​ដែរ​ថា​”ប្រជាជន​​ហុងកុង​​ទាំង​មូល​ចង់ ​បាន​ការ​ផ្លាស់ប្តូរ​ទាំង​ស្រុង​នៅ​ហុងកុង”ពីព្រោះ ​យុវជន​ហុងកុង​ ​ចង់បាន​​​អ្នក​ដឹកនាំ​នយោបាយ​ដែលមាន​ការ​គិតគូ​ជា​បន្ទាន់ ​អំពី​អនាគតជោគវាសនា​​របស់​ពួក​គេ។

Nathan Law ដែលមាន អាយុ​​២៣​ឆ្នាំ​ ​កាលពី​សរទរ​ដូវ​ឆ្នាំ​២០១៤ ​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​នៃ​មហា​ចលនា​ទាមទារ​ប្រជាធិតេយ្យ​នៅ​ហុងកុង។ កាលណោះ ចលនា​ប្រជាធិបេយ្យ បាន​​​បិទ​ខ្ទប់​សង្កាត់​ទាំងអស់​នៅ​​ហុងកុង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ហុងកុង​ឆ្នាំ​២០១៧ ​ដោយ​សេរី យុត្តិធម៌​និង​ជាសកល​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ប៉េកាំង។ ប៉ុន្តែ​ប៉េកាំង មិន​ព្រឺ​នឹង​មហាបាតុកម្ម​របស់​ចលនា​ប្រជាធិបតេយ្យ​ហុងកុង​និង​ក៏មិនផ្តល់សម្បទាន​អ្វី​បន្តិចបន្តួច​ដែរ​នៅលើវិស័យ​​កំណែ​ទម្រង់​នយោបាយ។​

ដោយឡែក​លោក  Joseph Cheng ដែល​ជា​អ្នក​វិភាគ​នយោបាយ​នៅ​ហុងកុង បានវិភាគថា​ “ការ​បោះឆ្នោត​លើក​នេះ ​បាន​កំណត់​ផង​ដែរ​ពី​ការ​ផ្លាស់​ប្តូរ​មួយ​ភាគ​ធំ ក្នុងជំនាន់​អ្នក​ដឹកនាំ​នយោបាយ​នៅ​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ