អានតួអត្ថបទ

ប៉ូឡូញ ​រឹប​អូស​​«វិទ្យាល័យ​រុស្ស៊ី»នៅ​ក្រុង​វ៉ាសូវី​ ដោយសង្ស័យថា​ជា​«ជំរំ​ចារកម្ម​​»

ថ្ងៃ​សៅរ៍ ​នៅ​រដ្ឋធានី​វ៉ាសូវី អាជ្ញាធរ​ប៉ូឡូញ បាន​រឹប​អូស​អគារ​សាលាបង្រៀន​មធ្យមសិក្សា​រុស្ស៊ី ដោយសំអាង​ហេតុផល​ផ្លូវ​ច្បាប់​ថា ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។ មន្ត្រី​​ទូត​រុស្ស៊ី​ ច្រឡោត​ខឹង និង​ថា ​ទង្វើ​របស់​ប៉ូឡូញ​បំពាន​ច្បាប់​ការទូត​ ហើយរុស្ស៊ី​​សន្យា​ឆ្លើយ​តប​វិញ​ឲ្យ​សក្តិសម។​  ​​

ប៉ូលិសប៉ូឡូញ នៅមុខ​​អគារ​សាលាបង្រៀន​មធ្យមសិក្សា​រុស្ស៊ី នៅក្រុង​វ៉ាសូវី។
ប៉ូលិសប៉ូឡូញ នៅមុខ​​អគារ​សាលាបង្រៀន​មធ្យមសិក្សា​រុស្ស៊ី នៅក្រុង​វ៉ាសូវី។ REUTERS - KUBA STEZYCKI
ផ្សាយពាណិជ្ជកម្ម

បណ្តា​អគារ ដែល​ត្រូវ​ ក្រុម​ប៉ូលិស​ប៉ូឡូញ ឡោមព័ទ្ធ គឺជា វិទ្យាល័យ​រុស្ស៊ី ឋិត​នៅ​ប៉ែក​ខាង​ត្បូង​​​ក្រុង​វ៉ាសូវី​។ ​អគារខ្លះ​ ​មាន​កំពស់​បួនដប់​ជាន់ផង​។ កាលពី​មុន ទីកន្លែងនេះ ជា ​អគារ​របស់​មន្ត្រី​ទូត​រុស្ស៊ី​ប្រើប្រាស់ មុន​នឹង​ត្រូវធ្វើ​ជា​ស្ថានទូត​រុស្ស៊ី​ផង នា​កាលពី​អតីតកាល។

ថ្ងៃសៅរ៍ ទី​២៩មេសា​ ប៉ូលិស​ប៉ូឡូញនិង​ក្រុម​រក្សា​សណ្តាប់ធ្នាប់ បាន​ទៅឈរ​នៅ​​ត្រៀមត្រា​ជុំវិញមុខ​របង​អគារ។ នៅ​​ច្រកទ្វារចូល ត្រូវ​​បិទ តែ​​គេអាច​មើល​តាមចម្រឹង​ដែកឃើញថា​​ខាង​ក្នុង ​មាន​ឡាន​ពាកស្លាកលេខការ​ទូត​។​ បើតាម​សារព័ត៌មាន​ក្នុងស្រុក​ប៉ូឡូញ មន្ត្រី​ទូត​រុស្ស៊ី​ត្រូវចេញពី​កន្លែង​នេះ មុន​ម៉ោង ​៦ ល្ងាច ម៉ោង​នៅប៉ូឡូញ​។​  

ក្នុង​ថ្ងៃដដែល​ ពួក​អ្នក​កាសែតអន្តរជាតិ​​ សុំ​ការ​ពន្យល់​ពី​អាជ្ញាធរប៉ូឡូញដែរ​ តែ​គ្មាន​ប្រតិកម្ម​តប ឬគ្មាន​​សេចក្តីអត្ថាធិប្បាយអ្វី​​ច្រើន​ទេ។ ប៉ូលិស​នៅ​កន្លែង​កើតហេតុ​ បាន​ត្រឹម​តែស្រដីថា«ធ្វើ​តាម​នីតិវិធី​ច្បាប់» ហើយ​ចំណែក​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប៉ូឡូញ លោក Lukasz Jasina គ្រាន់តែនិយាយ​​ថា «អគារ​នេះ ជាកម្មសិទ្ធិ​របស់​សាលា​ក្រុង​វ៉ាសូវី ​»។​

ផ្ទុយទៅវិញ លោក Sergueï Andreïev ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប៉ូឡូញ ក្តៅស្លឹក​ត្រចៀក ប្រតិកម្ម​តាម​បណ្តាញ​ព័ត៌មាន​រដ្ឋរុស្ស៊ី ថា​ ប៉ូឡូញ​ ធ្វើ​ខុស​ច្បាប់​ការ​ទូត ​​រំលោភបំពាន​លើ អនុ​សញ្ញា​ទីក្រុង​វីយែន ស្តីពី​ទំនាក់ទំនង​ការទូត ឆ្នាំ១៩៦១ ហើយ​និង​ថា អាជ្ញាធរ​រុស្ស៊ី​នឹង​វាយ​បកវិញ​ឲ្យ​សមនឹង​ទង្វើ​របស់​ប៉ូឡូញ។

ទោះ​ជាយ៉ាង​នេះក្តី ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន ស្ថានទូត​រុស្ស៊ី​ថា​នឹងស្វះស្វែង​​រក​អគារ​ថ្មី ដើម្បី​ឲ្យ​កូនសិស្ស​បានរៀនសូត្រ និង​ត្រៀម​ប្រលង​បញ្ចប់​ឆ្នាំសិក្សា​ឲ្យចប់​​ស្រួល​បួល​។

ពាក់ព័ន្ធ​នឹង​អគារដ៏ចម្រូង​ចម្រាស​នេះ​ គឺ​រុស្ស៊ី​និង​ប៉ូឡូញ​ ប៉ះសម្តី​គ្នា​ម្តងហើយ​កាលពីឆ្នាំមុន។ ​​ខែ​មីនា ​ឆ្នាំ២០២២ នៅពេល​ដែ​លសង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​លើអ៊ុយក្រែន ផ្ទុះ​ឡើង​ពីដំបូងៗ​ គឺ​ រដ្ឋាភិបាល​ប៉ូឡូញ បាន​ចាត់ទុក​ទីកន្លែង​នេះ ថា​ជា​«ជំរំ​ចារកម្ម​រុស្ស៊ី» ហើយ​អាជ្ញាធរ​ប៉ូឡូញ ចង់​យក​អគារ​នេះ ឲ្យ​ អ៊ុយក្រែន ​ប្រើប្រាស់​ជា​ប្រយោជន៍​។ តុលាការ​ប៉ូឡូញ ក៏បាន​ចេញ​ដីកា​សេចក្តីសម្រេច​ឲ្យ​ ស្ថានទូត​រុស្ស៊ី ប្រគល់​អគារ​ទាំងនោះ ឲ្យ​រដ្ឋាភិបា​លប៉ូឡូញ​វិញ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ