អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-ប៉ូឡូញ

ទស្សនកិច្ច​លើកទី​១របស់​លោកហ្សេឡេនស្គី នៅប៉ូឡូញ ដើម្បីអរគុណចំពោះអន្តរាគមន៍ជួយអ៊ុយក្រែន

លោកប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានទៅធ្វើទស្សនកិច្ច​នៅក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ជាលើកទី១ កាលពីព្រឹក​​ថ្ងៃពុធម្សិលមិញ។ ក្រៅពីដើម្បីថ្លែងអំណរអរគុណ ចំពោះប៉ូឡូញ ដែលបានជួយខ្នះខ្នែងគាំទ្រអ៊ុយក្រែន ដែលរងការធ្វើសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី លោក​ហ្សេឡេនស្គី មានបំណងនិយាយជាមួយ​ភាគីប៉ូឡូញដែរ អំពីទំនាក់ទំនងសេដ្ឋកិច្ចនៅថ្ងៃខាងមុខ ដើម្បី​កសាងអ៊ុយក្រែនឡើងវិញ។

លោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda ទទួលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅវិមានប្រធានាធិបតី ក្រុងវ៉ាសូវី ថ្ងៃទី ៥ មេសា ២០២៣
លោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda ទទួលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅវិមានប្រធានាធិបតី ក្រុងវ៉ាសូវី ថ្ងៃទី ៥ មេសា ២០២៣ AP - Czarek Sokolowski
ផ្សាយពាណិជ្ជកម្ម

ក្រោមការយាមកាមសន្តិសុខដ៏តឹងតែងបំផុត លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ និងភរិយា បានទៅដល់រដ្ឋធានីវ៉ាសូវី នៅថ្ងៃពុធទី​៥មេសា។ ជាដំណើរទស្សនកិច្ច​ដែល​គេបានលាក់ការណ៍សម្ងាត់ រហូតដល់នាទីចុងក្រោយ​។ វិមាន​ប្រធានាធិបតីប៉ូឡូញ បានក្រាលព្រំក្រហម ទទួលស្វាគមន៍​លោក​ហ្សេឡេនស្គី អមដោយសំឡេងកងរំពងនៃបទភ្លេង​ ប្រគុំ​ដោយ​ពលទាហាន​។

យោងតាម​លោក Sergueï Nykyforov អ្នកនាំពាក្យ​ប្រធានាធិបតីអ៊ុយក្រែន គឺលោកហ្សេឡេនស្គី បានចូលទៅ ​លោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda និង​លោកនាយករដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki ព្រមទាំងមាន​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេរភាគីមួយចំនួន។ នៅថ្ងៃព្រហស្បតិ៍ លោក​ហ្សេឡេនស្គី នឹងចូលទៅជួបជាមួយ​ប្រធានសភាទាំង២របស់ប៉ូឡូញ ជួបជាមួយ​តំណាង​វិស័យ​ជំនួញ ប៉ូឡូញនិងអ៊ុយក្រែន ព្រមទាំងជួបក្រុម​អ្នកស្ម័គ្រចិត្ត​ធ្វើការ​មនុស្សធម៌ ជួយប្រជាជនអ៊ុយក្រែននៅតាមព្រំដែនផងដែរ​។

អ្នកនាំពាក្យវិមានប្រធានាធិបតី​អ៊ុយក្រែនដដែល អះអាងថា ភាគីទាំងសងខាង និងផ្តោតការនិយាយគ្នាច្រើន ទៅលើវិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម ព្រមទាំងនិយាយអំពីកិច្ចការអឺរ៉ុប និង​ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី​។ ដោយឡែក ផ្អែកតាមទីប្រឹក្សាម្នាក់​របស់​ប្រធានាធិបតីប៉ូឡូញ គឺភាគីប៉ូឡូញ ចង់ជជែកអំពីការរៀបចំផែនការទៅថ្ងៃអនាគត ដើម្បីអនុញ្ញាតឲ្យ​អ្នកជំនួញប៉ូឡូញ អាចចូលរួម​ជួយក្នុងការសាងសង់អ៊ុយក្រែនឡើងវិញ នៅពេលចប់សង្គ្រាម។

គួរបញ្ជាក់ថា តាំងតែពីពេលផ្ទុះសង្គ្រាមមក ប៉ូឡូញបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​អ៊ុយក្រែន។ ប៉ូឡូញគឺជាដែនដីឆ្លងកាត់ របស់ថ្នាក់ដឹកនាំសម្ព័ន្ធមិត្ត​លោកខាងលិច ដើម្បីឆ្លងទៅអ៊ុយក្រែន ប៉ូឡូញជាដែនដីឆ្លងកាត់នៃការដឹកជញ្ជូនអាវុធទៅជួយអ៊ុយក្រែន និងជាទីកន្លែងហ្វឹកហាត់ទាហានអ៊ុយក្រែន​ ហើយប៉ូឡូញបានទទួលជនភៀសខ្លួនអ៊ុយក្រែន ជាច្រើនម៉ឺននាក់។ ប៉ូឡូញដឹងខ្លួនយ៉ាងច្បាស់ ថាវីរៈភាពតស៊ូរបស់អ៊ុយក្រែន ក្នុងការ​យុទ្ធតទល់​ជាមួយរុស្ស៊ី​ គឺវាផ្តល់​ការការពារមក​ឲ្យ​ខ្លួនដែរ​។​

យ៉ាងណាមិញ រដ្ឋាភិបាលប៉ូឡូញ បានប្រឹងប្រែង​​ជំរុញឲ្យ​ក្រុមប្រទេសសម្ព័ន្ធមិត្ត​លោកខាងលិច ព្រមប្រគល់គ្រឿងសព្វាវុធធុនធ្ងន់ទៅឲ្យ​អ៊ុយក្រែន។ ប៉ូឡូញបានប្រគល់រថពាសដែក Leopard 2 ចំនួន​១៤គ្រឿង និងបាន​ប្រគល់យន្តហោះចម្បាំងប្រភេទ MiG-29 ជាច្រើនគ្រឿងរួចហើយ​ទៅឲ្យ​អ៊ុយក្រែន។ នៅក្នុងឱកាសទស្សនកិច្ច​របស់​លោក​ហ្សេឡេនស្គី នៅរដ្ឋធានីវ៉ាសូវី លោក​ប្រធានាធិបតីប៉ូឡូញបានប្រកាសបញ្ជាក់ថា ប៉ូឡូញនឹងបន្តប្រគល់​យន្តហោះចម្បាំង MiG-29 ដែលខ្លួនមានទាំងអស់ ទៅឲ្យ​អ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ