អានតួអត្ថបទ
ប៉ូឡូញ-អ៊ុយក្រែន

ប៉ូឡូញនឹង​បញ្ជូន​​យន្តហោះ​ចម្បាំង MiG-29 ចំនួន​​៤គ្រឿង ទៅឲ្យ​អ៊ុយក្រែន

លោក​ប្រធានាធិបតីប៉ូឡូញ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ទី១៦មីនា​ថា​ ប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន​៤គ្រឿង ទៅឲ្យកងទ័ព​អ៊ុយក្រែន​។ នេះគឺជាលើកទី១ហើយ ដែលប្រទេសសមាជិក​អូតង់ សម្រេចបញ្ជូន​យន្តហោះចម្បាំងទៅ​ជួយ​អ៊ុយក្រែនបែបនេះ​។ គួរបញ្ជាក់ថា​ ភាគីអ៊ុយក្រែនបានអំពាវនាវស្នើសុំច្រើនដងមកហើយ ចង់បាន​យន្តហោះចម្បាំងទំនើប ដោយ​សង្ឃឹមថានឹងអាចទទួលបាន​ នូវយន្តហោះចម្បាំង F-16​ របស់អាមេរិក។ តែយ៉ាងណា ភាគីអាមេរិកបានប្រកែកដាច់ខាត ថាមិនអាចធ្វើបានទេ។

យន្តហោះចម្បាំង​ MiG-29 របសកងទ័ពអាកាសស្លូវ៉ាគី នៅក្នុងកម្មវិធី ពិពណ៌កងទ័ពអាកាស នៅ​ក្រុង Malacky ប្រទេសស្លូវ៉ាគី ថ្ងៃទី ២៧ សីហា ២០២២
យន្តហោះចម្បាំង​ MiG-29 របសកងទ័ពអាកាសស្លូវ៉ាគី នៅក្នុងកម្មវិធី ពិពណ៌កងទ័ពអាកាស នៅ​ក្រុង Malacky ប្រទេសស្លូវ៉ាគី ថ្ងៃទី ២៧ សីហា ២០២២ AP - Petr David Josek
ផ្សាយពាណិជ្ជកម្ម

លោកAndrzej Duda ប្រធានាធិបតីប៉ូឡូញ បានប្រកាសឲ្យដឹងថា ជំហានដំបូងប៉ូឡូញ នឹងបញ្ជូន​យន្តហោះចម្បាំង ប្រភេទ MiG-29 ចំនួន​៤គ្រឿង ទៅឲ្យ​កងទ័ពអ៊ុយក្រែន។ យន្តហោះទាំងនេះ គឺវាដំណើរការធម្មតាបានទាំងស្រុង ទោះបើមានអាយុចំណាស់បន្តិចមែន​។ លោក​បន្ថែមថា ជំហានបន្ទាប់ ប៉ូឡូញនឹងបញ្ជូន​យន្តហោះប្រភេទនេះបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន​ នៅពេលណាជួសជុល​រួចរាល់។ លោក​ប្រធានាធិបតីប៉ូឡូញអះអាងថា អត្ថប្រយោជន៍​នៃយន្តហោះចម្បាំង MiG-29 គឺថាទាហានអ៊ុយក្រែនចេះប្រើវាស្ទាត់ជំនាញស្រាប់​ ដោយ​មិនចាំបាច់​ធ្វើការហ្វឹកហាត់អ្វីបន្ថែមនោះទេ។

ភ្លាម​ៗក្រោយ​ដំណឹងប្រកាសពីប៉ូឡូញ អ្នកនាំពាក្យ​នៃ​ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងអំណរគុណ និងបាន​លើកឡើងថា យន្តហោះចម្បាំងនេះ នឹងអាចជួយ​ពង្រឹងសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ក្នុងការប្រយុទ្ធ។ តែយ៉ាងណា វានៅតែមិនទាន់គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​បញ្ហានោះទេ ព្រោះកងទ័ពអ៊ុយក្រែន ពិតជាត្រូវការ​យន្តហោះចម្បាំង F-16 របស់អាមេរិកខ្លាំងណាស់ ដើម្បីប្រយុទ្ធយកឈ្នះ។

គួររំលឹកថា ជាច្រើនខែមកហើយ ដែលអ៊ុយក្រែន ព្យាយាមស្នើសុំ​យន្តហោះចម្បាំងទំនើប ប្រភេទ F-16 ពីក្រុមប្រទេសសម្ព័ន្ធមិត្ត​។ នៅក្រោយ​ការប្រកាសរបស់ប៉ូឡូញ លោក John Kirby អ្នកនាំពាក្យ​សេតវិមានអាមេរិក បានអះអាងថា វានឹងមិនធ្វើឲ្យ​ប្រែប្រួល​ដល់គោលជំហររបស់​អូតង់ជាដាច់ខាត។ លោក​បានសង្កាត់បញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន បានកំណត់ច្បាស់ហើយ ថាអា​មេរិកមិនអាចបញ្ជូនយន្តហោះចម្បាំង ទៅឲ្យអ៊ុយក្រែនបានជាដាច់ខាត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប៉ូឡូញមានយន្តហោះចម្បាំងប្រភេទ MiG-29 ចំនួនប្រមាណ​១៥គ្រឿង ដែលភាគច្រើននៅប្រើការបាន។ យន្តហោះនេះសល់តាំងពីទសវត្សឆ្នាំ​១៩៩០ បានមកពីអតីត​អាល្លឺម៉ង់ខាងកើត។ កងទ័ពប៉ូឡូញកំពុងតែធ្វើទំនើបកម្ម ដោយបានទិញមកជំនួស នូវយន្តហោះចម្បាំងថ្មីរបស់កូរ៉េខាងត្បូង ប្រភេទ FA-50 និងយន្តហោះចម្បាំងអាមេរិក F-35។ ផ្អែកតាម​លោករដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ប្រទេសស្លូវ៉ាគី ក៏អាចពិចារណាបញ្ជូនយន្តហោះ MiG-29 ទៅជួយអ៊ុយក្រែនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ