អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

ផ្ទុយពី​អាមេរិក និងអូតង់ ប្រធានាធិបតីអ៊ុយក្រែននៅតែ​អះអាងថា មីស៊ីលធ្លាក់នៅប៉ូឡូញ ជា​មីស៊ីលរុស្ស៊ី

អ៊ុយក្រែន​នៅតែ​រក្សា​ការចោទប្រកាន់​រុស្ស៊ី នៅ​ក្នុង​រឿងធ្លាក់​មីស៊ីល ក្នុងទឹកដី​ប៉ូឡូញ ដែល​បាន​សម្លាប់មនុស្ស​២នាក់ កាលពីល្ងាច​ថ្ងៃអង្គារ។ មានជំហរផ្ទុយពី​សម្ព័ន្ធមិត្ត​អាមេរិក និង​អូតង់ ប្រធានាធិបតី អ៊ុយក្រែន លោក​ហ្សេឡេនស្គី​នៅតែ​និយាយ​ថា មីស៊ីលដែល​ធ្លាក់​ នៅទឹកដី​ប៉ូឡូញ ជា​មីស៊ីល​រុស្ស៊ី។ នៅក្រោយ កិច្ចប្រជុំបន្ទាន់ នៅថ្ងៃ​អង្គារ ប្រមុខអង្គការ​អូតង់ បានលើកឡើង មីស៊ីលដែលធ្លាក់​នៅ​ប៉ូឡូញ ទំនង​ជា​មីស៊ីលនៃប្រព័ន្ធការពារ​ដែនអាកាស​របស់​អ៊ុយក្រែន ដែល​កងទ័ពអ៊ុយក្រែនប្រើ​សម្រាប់បាញ់ទម្លាក់​មីស៊ីល​រុស្ស៊ី។

បំណែកមីស៊ីល​ដែលធា្លក់ក្នុងទឹកដីប៉ូឡូញ ក្បែរព្រំដែន​អ៊ុយក្រែន នៅថ្ងៃអង្គារ​ទី ១៥វិច្ឆិកា ២០២២
បំណែកមីស៊ីល​ដែលធា្លក់ក្នុងទឹកដីប៉ូឡូញ ក្បែរព្រំដែន​អ៊ុយក្រែន នៅថ្ងៃអង្គារ​ទី ១៥វិច្ឆិកា ២០២២ via REUTERS - UGC
ផ្សាយពាណិជ្ជកម្ម

អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​មានជំហរ​មិនដូចគ្នា នៅក្នុងរឿងធ្លាក់មីស៊ីល​នៅលើ​ទឹកដី​ប៉ូឡូញដែល​សម្លាប់មនុស្ស​២នាក់។ នៅ​ទូរទស្សន៍ជាតិ​អ៊ុយក្រែន កាលពីយប់ថ្ងៃ​ពុធ លោកប្រធានាធិបតី ហ្សេឡេនស្គីនៅ​តែ​និយាយ​ជឿជាក់ថា មីស៊ីល​ដែលធ្លាក់​ក្នុងទឹកដី​ប៉ូឡូញ មិនមែនជា​មីស៊ីល​អ៊ុយក្រែន។

តាមប្រធានាធិបតីអ៊ុយក្រែន របាយការណ៍​របស់​កងទ័ព​បង្ហាញ​ថា មីស៊ីល​ដែល​ធ្លាក់នៅ​ប៉ូឡូញ ជាមីស៊ីល​រុស្ស៊ី ពោល​គឺ​ផ្ទុយពីការវាយតម្លៃរបស់​​អាមេរិក និង​អូតង់​ដែលថា មីស៊ីល ធា្លក់នៅទឹកដីប៉ូឡូញ ជា​មីស៊ីលរបស់​ប្រព័ន្ធការពារ​ដែនអាកាសអ៊ុយក្រែន។

នៅក្នុងបទអន្តរាគមន៍​តាមទូរទស្សន៍ជាតិ ប្រធានាធិបតី​អ៊ុយក្រែន​បានទាមទារ​ផងដែរ​ឲ្យ​អ្នកជំនាញ​អ៊ុយក្រែន​ចូលរួម​ក្នុងការស៊ើបអង្កេត​នៅកន្លែង​កើតហេតុ។ តាមលោក​ហ្សេឡេនស្គី ភាគីអ៊ុយក្រែន​គួរទទួលបាន​គ្រប់ទិន្នន័យ​ពី​ប្រទេស​លោកខាងលិច ទាក់ទង​នឹង​ការធ្លាក់​មីស៊ីលនៅទឹកដី​ប៉ូឡូញ។

ប្រធានាធិបតី​ប៉ូឡូញ​បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា មានតែ​ប៉ូឡូញ និងអាមេរិក​ដែលមាន​សិទ្ធិ​សម្រេច​ថា តើ​ភាគីណា​ដែលអាច​ចូល​រួមក្នុងការស៊ើបអង្កេត។ នៅក្រោយមីស៊ីល​ធ្លាក់​ទៅលើ​កសិដ្ឋាន​មួយកន្លែង​នៅ​ទឹកដីប៉ូឡូញ ក្បែរ​ព្រំដែន​អ៊ុយក្រែន ដែលបាន​សម្លាប់​មនុស្ស​២នាក់ ទាំង​ប៉ូឡូញ និងប្រទេស​លោកខាងលិច ប្រយ័ត្នប្រយែង មិនទាន់សន្និដ្ឋាន​ដូចអ៊ុយក្រែន ដែលបាន​​ទម្លាក់កំហុសភ្លាមៗលើ​​រុស្ស៊ី។

នៅថ្ងៃ​ពុធ Andrienne Watsonអ្នកនាំពាក្យ​របស់​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក​បាន​និយាយថា គេ​មិនឃើញ​មាន​ហេតុផលអ្វីដែល អាមេរិក​ត្រូវ​និយាយ​ផ្ទុយ ពីការលើកឡើង​របស់​រដ្ឋាភិបាល​ប៉ូឡូញ​នោះទេ។ តាម​ការសន្និដ្ឋាន​ដំបូង​របស់​ភាគីប៉ូឡូញ មីស៊ីលធ្លាក់​នៅ ទឹកដីប៉ូឡូញ ជា​មីស៊ីល​របស់​ប្រព័ន្ធការពារ​ដែនអាកាស ដែលកងទ័ពអ៊ុយក្រែន​ប្រើ​សម្រាប់បាញ់ប្រឆាំង​មីស៊ីល​រុស្ស៊ី។ ប្រធានាធិបតី​ប៉ូឡូញ ផ្ទាល់​បាន​លើកឡើង​ពីគ្រោះថ្នាក់​អាក្រក់ ចំណែក ប្រមុខអង្គការ​អូតង់​ក៏បាន​លើកឡើង​ពី​ឧបទ្ទវហេតុ ដែលបណ្តាល​មកពី​មីស៊ីលនៃ​ប្រព័ន្ធការពារ​ដែនអាកាសអ៊ុយក្រេន។

សម្រាប់អ្នកនាំពាក្យអាមេរិក ទោះលទ្ធផល​នៃ​ការស៊ើបអង្កេត​ចុងក្រោយ​ចេញមកយ៉ាងណាក៏ដោយ ក៏​ច្បាស់ណាស់ថា រុស្ស៊ី គឺ​ជាអ្នកទទួលខុសត្រូវ​លើ​ហេតុការណ៍​ធ្លាក់មីស៊ីល​កាលពីថ្ងៃអង្គារ ព្រោះថា ហេតុការណ៍​ធ្លាក់មីស៊ីល​នៅប៉ូឡូញ កើតឡើង​នៅ​ថ្ងៃ​ដែល​រុស្ស៊ី​​បាញ់សាច គ្រាប់មីស៊ីល ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​អ៊ុយក្រែន។ ដូច្នេះ "អ៊ុយក្រែន​ក៏​បាន​ប្រើសិទ្ធិ​ការពារខ្លួន"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ