អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន-ប៉ូឡូញ

អ៊ុយក្រែន និងរុស្ស៊ីកំពុងបន្តចង្អុលមុខដាក់គ្នានៅក្នុងរឿងមីស៊ីលធ្លាក់លើប៉ូឡូញសម្លាប់មនុស្ស ២នាក់

សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​ទាក់ទង​នឹង​ការ​ធ្លាក់​មីស៊ីល​សម្លាប់​មនុស្ស ២នាក់​លើ​ទឹកដី​ប៉ូឡូញ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា។ អ៊ុយក្រែន​បន្ត​ចង្អុល​មុខ​រុស្ស៊ី​ដោយ​បញ្ជាក់​ក្នុង​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា​ថា ខ្លួន​មាន​ភស្តុតាង​ដែល​បញ្ជាក់​ជា​ទង្វើ​របស់​រុស្ស៊ី និង​បាន​ទាមទារ​ចូល​ទៅ​កាន់​កន្លែង​ដែល​មីស៊ីល​បាន​ធ្លាក់​ក្នុង​ទឹកដី​ប៉ូឡូញ និង​សុំ​ខ្លួន​ចូលរួម​ស៊ើបអង្កេត។ ក៏​ប៉ុន្តែ​ពេល​នេះ ប្រទេស​លោកខាងលិច​ខ្លះ ពិសេស​អាមេរិក រួម​ទាំង​អង្គការ​អូតង់​បាន​លើក​ឡើង​ផ្ទុយ​ពី​អ៊ុយក្រែន។ ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​បាន​ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំបន្ទាន់​ថ្នាក់​ឯកអគ្គរដ្ឋទូត​ថា ឧបទ្ទវហេតុ​ទំនង​ជា​បណ្តាល​មក​ពី​មីស៊ីល​នៃ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ដែល​បាន​បាញ់​ដើម្បី​ប្រឆាំង​នឹង​មីស៊ីល​រុស្ស៊ី។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ចាត់​ទុក​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ដែល​មីស៊ីល​ត្រូវ​បាន​បាញ់​ដោយ​រុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ រុស្ស៊ី​បាន​បន្ត​បដិសេធ​ពី​ការ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​មីស៊ីល​ធ្លាក់​លើ​ទឹកដី​ប៉ូឡូញ។ ចំណែក​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​សាទរ​ពី​ភាព​ប្រយ័ត្នប្រយែង​របស់​លោក​បៃដិន និង​ឆ្លៀត​វាយប្រហារ​លើ​ប៉ូឡូញ​ដែល​បាន​លើក​ឡើង​ពី​មីស៊ីល​របស់​រុស្ស៊ី។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​រុស្ស៊ី លោក​ឌីមីទ្រី ប៉េស្កូវ​
អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​រុស្ស៊ី លោក​ឌីមីទ្រី ប៉េស្កូវ​ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

« វា​គ្មាន​ហេតុផល​អ្វី​ដែល​មាន​កំណើន​ភាព​តានតឹង​ឡើយ។ អស់​លោក​យល់​ទេ​ថា ប៉ូឡូញ​មាន​មធ្យោបាយ​គ្រប់​យ៉ាង​ក្នុង​ដៃ​របស់​ខ្លួន​ដើម្បី​រាយការណ៍​ភ្លាម​ថា វា​ជា​បំណែក​មីស៊ីល​ប្រឆាំង​យន្តហោះ​ប្រភេទ S ៣០០។ ហើយ​អ្នក​ជំនាញ​ទាំង​អស់​ប្រហែល​ជា​យល់​ថា វា​មិនមែន​ជា​មីស៊ីល​របស់​កម្លាំងទ័ព​រុស្ស៊ី​ទេ។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​ចង់​អញ្ជើញ​អស់​លោក​ឲ្យ​ចាប់​អារម្មណ៍​លើ​ប្រតិកម្ម​របស់​អាមេរិក​ដែល​ចេះ​ប្រមាណ និង​មាន​ការ​ថ្លឹងថ្លែង។

ប្រតិកម្ម​របស់​អាមេរិក គឺ​ផ្ទុយ​នឹង​ប្រតិកម្ម​ហួសហេតុ និង​ខឹងច្រឡោត​របស់​ភាគី​ប៉ូឡូញ និង​របស់​ប្រទេស​មួយ​ចំនួន។ ហេតុអ្វី​បាន​ជា​គេ​ឈាន​មក​ដល់​ចំណុច​នេះ?។ សំណួរ​នេះ​គួរ​តែ​ត្រូវ​សួរ​ទៅ​ទីក្រុង​វ៉ាសូវី ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ប៉ូឡូញ​គួរ​ណាស់​តែ​ត្រូវ​បង្ហាញ​ភាព​អត់ធ្មត់​ឲ្យ​បាន​ច្រើន និង​មាន​តុល្យភាព​​នៅ​ពេល​ដែល​ពួក​គេ​និយាយ​ពី​ប្រធានរឿង​ដែល​រសើប និង​ប្រកប​ដោយ​គ្រោះថ្នាក់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ