អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើមីស៊ីលធ្លាក់លើប៉ូឡូញសម្លាប់មនុស្ស ២នាក់ជាមីស៊ីលរបស់អ្នកណា និងអ្នកណាជាអ្នកបាញ់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា​នេះ គ្រប់​គ្នា​កំពុង​ផ្តោត​ចក្ខុ​លើ​ព្រឹត្តិការណ៍​ធ្លាក់​មីស៊ីល​លើ​ទឹកដី​ប្រទេស​ប៉ូឡូញ​នា​រសៀល​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ប៉ូឡូញ​ចំនួន​ពីរ​នាក់។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ភិតភ័យ និង​ការ​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់។ អ៊ុយក្រែន​បាន​ចង្អុល​មុខ​រុស្ស៊ី​ភ្លាម ហើយ​រុស្ស៊ី​ក៏​បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ភ្លែត។ ចំណែក​ក្រុម​ប្រទេស​បស្ចិមលោក​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ម៉េច​ដោយ​រង់​ចាំ​លទ្ធផល​ស៊ើបអង្កេត​ស៊ីជម្រៅ។ អង្គការ​អូតង់​បាន​កោះ​ប្រជុំ​បន្ទាន់​ថ្នាក់​ឯកអគ្គរដ្ឋទូត​នា​ព្រឹក​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា​នេះ ព្រោះ​ប៉ូឡូញ​ជា​ប្រទេស​សមាជិក​ម្នាក់។

តើមីស៊ីលធ្លាក់លើប៉ូឡូញសម្លាប់មនុស្ស ២នាក់ជាមីស៊ីលរបស់អ្នកណា និងអ្នកណាជាអ្នកបាញ់?
តើមីស៊ីលធ្លាក់លើប៉ូឡូញសម្លាប់មនុស្ស ២នាក់ជាមីស៊ីលរបស់អ្នកណា និងអ្នកណាជាអ្នកបាញ់? © via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​រសៀល​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា​វេលា​ម៉ោង ៤ល្ងាច​ម៉ោង​ក្នុង​ប្រទេស​ប៉ូឡូញ មីស៊ីល​មួយ​គ្រាប់​បាន​ធ្លាក់​លើ​ភូមិ​ឈ្មោះ ភ្ជេវូដូវ (Przewodow) ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៧គីឡូម៉ែត្រ​ពី​ខ្សែព្រំដែន​ប្រទេស​អ៊ុយក្រែន។ តាម​រដ្ឋអំណាច​ប៉ូឡូញ មីស៊ីល​នោះ​បាន​ផ្តាច់​ជីវិត​ប្រជាជន​ប៉ូឡូញ​ចំនួន ២នាក់។ ប្រតិកម្ម​ភ្លាមៗ​តាំង​ពី​ក្រោយ​ត្រូវ​គ្រាប់មីស៊ីល​រហូត​ដល់​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា រដ្ឋាភិបាល​ប៉ូឡូញ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កម្រិត​ខ្ពស់ និង​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសសុខជាតិ។ ទន្ទឹម​គ្នា​នេះ ប៉ូឡូញ​ក្នុង​នាម​ជា​សមាជិក​អឺរ៉ុប និង​សមាជិក​អង្គការ​អូតង់​បាន​ជូន​ព័ត៌មាន​នេះ​ជា​បន្ទាន់​ភ្លាមៗ​ទៅ​ថ្នាក់ដឹកនាំ​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​អូតង់។

ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​ថ្នាក់ដឹកនាំ​គ្រាក់ៗ​ក្នុង​លោក​កំពុង​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំកំពូល G២០ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ថ្ងៃទី២ នៃ​កិច្ចប្រជុំកំពូល G២០ ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា រឿងរ៉ាវ​មីស៊ីល​ធ្លាក់​លើ​ប៉ូឡូញ​បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ផង និង​ក្តី​បារម្ភ​ផង។ ក្តៅ និង​ក្តីបារម្ភ ព្រោះ​វា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ដែល​សង្រ្គាម​មួយ​នេះ​កំពុង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រុស្ស៊ី និង​បស្ចិមលោក។ តាំង​ពី​យប់​ថ្ងៃ​អង្គារ ទី១៥​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា ប្រតិកម្ម និង​សំណួរ​កំពុង​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់។

មីស៊ីល​របស់​អ្នក​ណា បាញ់​ចេញ​ពី​ទីកន្លែង​ណា ហើយ​អ្នក​ណា​ជា​អ្នក​បាញ់​មីស៊ីល​នោះ?

តាំង​ពី​យប់​ថ្ងៃ​អង្គារ ទី១៥​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា ក្រុម​ប្រទេស​លោក​ខាងលិច​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ដោយ​ពួក​គេ​នៅ​មិន​ទាន់​ហ៊ាន​និយាយ​អ្វី ឬ​សន្និដ្ឋាន​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ទេ។ ចំណែក​ប៉ូឡូញ​ដែល​ជា​ប្រទេស​រងគ្រោះ​ផ្ទាល់​ដោយ​មីស៊ីល​ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​ត្រឹម​បញ្ជាក់​ថា អត្តសញ្ញាណ​របស់​មីស៊ីល​ប្រហែល​ជា​មីស៊ីល​ផលិត​នៅ​រុស្ស៊ី។ តែ​ប៉ូឡូញ​បាន​ចៀងវាង​និយាយ​ពី​ឈ្មោះ​ប្រទេស​អ្នក​បាញ់​មីស៊ីល​នោះ។ គឺ​ខុស​ពី​អ៊ុយក្រែន​ដែល​ក្នុង​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា ប្រធានាធិបតី​លោក​ហ្សេឡេនស្គី​បាន​និយាយ​លឿន និង​សន្និដ្ឋាន​រហ័ស​ដោយ​ទម្លាក់​កំហុស​ដាក់​រុស្ស៊ី។

ក្នុង​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា លោក​ហ្សេឡេនស្គី​បាន​ថ្លែង​តាម​វីដេអូ​ទៅ​កាន់​កិច្ចប្រជុំកំពូល G២០ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ថា មីស៊ីល​ធ្លាក់​លើ​ប៉ូឡូញ​ជា​សញ្ញា​ដែល​រុស្ស៊ី​ចង់​បញ្ជូន​ឲ្យ G២០។ ពី​ខាង​រុស្ស៊ី​វិញ ក្រុង​មូស្គូ​បាន​ចេញ​មុខ​បដិសេធ​ភ្លាមៗ​តាំង​ពី​យប់​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា​ថា ខ្លួន​មិន​បាន​បាញ់​មីស៊ីល​សំដៅ​ទឹកដី​ប៉ូឡូញ​ទេ និង​ថា ការ​ចោទ​រុស្ស៊ី​ជា​ការ​ចង់​បង្ក​រឿង​ដើម្បី​រុញ​ស្ថានការណ៍​ឲ្យ​ធ្លាក់​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង។ ទន្ទឹម​គ្នា​នេះ រុស្ស៊ី​ក៏​បាន​ចោទ​អ៊ុយក្រែន​ត្រឡប់​វិញ​ថា​ជា​អ្នក​បាញ់​មីស៊ីល​លើ​ទឹកដី​ប៉ូឡូញ។ តើ​ជា​ស្នាដៃ​របស់​រុស្ស៊ី របស់​អ៊ុយក្រែន ឬ​របស់​ប្រទេស​ផ្សេង?។ ការ​ស៊ើបអង្កេត​បាន​ចាប់​ផ្តើម ហើយ​បស្ចិមលោក​កំពុង​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត មុន​នឹង​សន្និដ្ឋាន​អ្វី​ឲ្យ​បាន​ច្បាស់លាស់។

លោកបៃដិន៖រឿង​រុស្ស៊ី​បាញ់​មីស៊ីល​លើ​ទឹកដី​ប៉ូឡូញ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​សោះ

ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​បាន​ផ្តល់​ព័ត៌មាន​បឋម​ថា មីស៊ីល​ធ្លាក់​លើ​ទឹកដី​ប៉ូឡូញ​អាច​ជា​មីស៊ីល​ដែល​អ៊ុយក្រែន​បាន​បាញ់ ហើយ​សម្មតិកម្ម​មួយ​នេះ​ហាក់​កំពុង​ត្រូវ​បាន​លើក​ឡើង​ជា​បន្តបន្ទាប់។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​សំឡឹង​ផ្តោត​តែ​ទៅ​លើ​រុស្ស៊ី​មួយ​នៅ​ក្នុង​រឿង​នេះ​ហាក់​កំពុង​ឃ្លាត​ចេញ​បន្តិច​វិញ។ តាម​ពិត​ទៅ គេ​មិន​បាន​ចង្អុល ឬ​ចោទ​ត្រង់​លើ​អ៊ុយក្រែន​ថា​ជា​អ្នក​បាញ់​មីស៊ីល​លើ​ប៉ូឡូញ​ទេ។ អ្វី​ដែល​គេ​ចង់​និយាយ មីស៊ីល​ធ្លាក់​លើ​ទឹកដី​ប៉ូឡូញ​អាច​ជា​មីស៊ីល​ដែល​អ៊ុយក្រែន​បាន​បាញ់​ទៅ​កម្ទេច​មីស៊ីល​រុស្ស៊ី។ តែ​ប្រហែល​ជា​បាញ់​ខុស​គោលដៅ ឬ​មួយ​ក៏​មាន​កំហុស​បច្ចេកទេស​អ្វី​ក៏​មីស៊ីល​នោះ​បែរ​ជា​ធ្លាក់​ទៅ​លើ​ដី​ប៉ូឡូញ​វិញ។

ការ​ហ៊ាន​លើក​ឡើង​ដូច​នេះ ព្រោះ​ក្នុង​ថ្ងៃ​អង្គារ ទី១៥ វិច្ឆិកា រុស្ស៊ី​បាន​បាញ់​មីស៊ីល​ប្រមាណ​ជា ១០០គ្រាប់​ស្រោច​លើ​អ៊ុយក្រែន ហើយ​ដើម្បី​ទប់ទល់​នឹង​មីស៊ីល​រុស្ស៊ី​វិញ អ៊ុយក្រែន​ក៏​បាន​ព្យាយាម​ប្រើ​មីស៊ីល​ទៅ​បាញ់​កម្ទេច​មីស៊ីល​រុស្ស៊ី។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​បញ្ជាក់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​លោក​កំពុង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល G២០ ថា រឿង​រុស្ស៊ី​បាញ់​មីស៊ីល​លើ​ទឹកដី​ប៉ូឡូញ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​សោះ។ យ៉ាង​ណា​ក៏​ដោយ គ្រប់​គ្នា​កំពុង​បន្ត​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់ និង​បាន​នាំ​គ្នា​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ចំពោះ​រឿង​នេះ។

តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុម​ប្រទេស​លោក​ខាង​លិច​ក៏​មិន​បាន​ធ្វេសប្រហែស និង​មើល​ស្រាល​លើ​រឿង​មួយ​នេះ​ដែរ។ ក្នុង​ថ្ងៃ​ពុធ ទី១៦ វិច្ឆិកា អង្គការ​អូតង់​បាន​កោះ​ប្រជុំ​បន្ទាន់​ថ្នាក់​ឯកអគ្គរដ្ឋទូត​ដើម្បី​ជជែក និង​ពិគ្រោះ​គ្នា​លើ​រឿង​នេះ​មុន​នឹង​សម្រេច​វិធានការ​ណា​មួយ។ ចូរ​កុំ​ភ្លេច​ថា ប៉ូឡូញ​ជា​សមាជិក​អឺរ៉ុប និង​សមាជិក​អូតង់។ មាត្រាទី៥ នៃ​សន្ធិសញ្ញា​អូតង់​បាន​ចែង​ច្បាស់ៗ​ថា អូតង់​នឹង​ចូល​ជួយ​សមាជិក​ណា​ដែល​រង​ការ​វាយប្រហារ​ពី​អ្នក​ផ្សេង។ ឧបមា​ថា​ការ​ធ្លាក់​មីស៊ីល​លើ​ប៉ូឡូញ​ជា​ស្នាដៃ​រុស្ស៊ី សង្រ្គាម​អ៊ុយក្រែន​អាច​ប្រែ​ក្លាយ​ទៅ​ជា​សង្រ្គាម​លោក​លើកទី៣ ផង​ក៏​ថា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ