អានតួអត្ថបទ
សុខភាព-ជម្ងឺរបេង

OMS/WHO៖ វិបត្តិកូវីដ​ បានធ្វើឲ្យ​​ចំនួន​​មនុស្ស​​ស្លាប់​ដោយ​​ជម្ងឺរបេង ​កើនឡើង​គួរឲ្យ​​បារម្ភ

ចំនួន​មនុស្ស ស្លាប់ដោយ​ជម្ងឺរបេង បាន​ស្ទុះកើនឡើង គួរ​ឲ្យ​បារម្ភ នៅក្នុងឆ្នាំ​២០២០កន្លងទៅ។ នេះបើផ្អែកតាមរបាយ​ការណ៍ របស់អង្គការសុខភាព​ពិភពលោក។ អង្គការនេះ អះអាងថា វិបត្តិកូវីដ គឺជាប្រភពបញ្ហា ធ្វើ​ឲ្យ​ការតាមដានសុខភាព និង​ការព្យាបាល​ជម្ងឺរបេង មានការធ្លាក់ចុះខ្លាំង នៅតាមប្រទេសមួយចំនួន​។ ស្ថានភាព​នឹងកាន់តែធ្ងន់ធ្ងរ សម្រាប់ពេលខាងមុខ ព្រោះអាចមាន​អ្នកជម្ងឺរបេងជាច្រើននាក់ មានជម្ងឺនេះ តែមិនបាន​ដឹងខ្លួន។

គ្រូពេទ្យ កំពុងពិនិត្យ​សុខភាព​អ្នកជម្ងឺរបេង នៅមន្ទីរពេទ្យ​របេង TB hospital ក្រុង Allahabad ប្រទេសឥណ្ឌា
គ្រូពេទ្យ កំពុងពិនិត្យ​សុខភាព​អ្នកជម្ងឺរបេង នៅមន្ទីរពេទ្យ​របេង TB hospital ក្រុង Allahabad ប្រទេសឥណ្ឌា AP - Rajesh Kumar Singh
ផ្សាយពាណិជ្ជកម្ម

ជាលើកទីមួយ ក្នុងរវាង១០ឆ្នាំ​ចុងក្រោយនេះ ដែល​ចំនួន​មនុស្សស្លាប់ដោយជម្ងឺរបេង បាន​ស្ទុះកើនឡើង។ វិបត្តិកូវីដ១៩ បានធ្វើ​ឲ្យ​ការប្រឹងប្រែងកន្លងមក ក្នុងការលុបបំបាត់ជំងឺរបេង ត្រូវដើរថយក្រោយ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ​ របស់អង្គការសុខភាព​ពិភពលោក ចេញផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍ ទី​១៤តុលា ក្នុងឆ្នាំ​២០២០ មានអ្នក​ជម្ងឺរបេង ដែលផ្ទុកមេរោគអេដស៍ បានស្លាប់ចំនួន ២១៤០០០នាក់ ខណៈដែល​ឆ្នាំ២០១៩ មានចំនួន ២០៩០០០នាក់។ សម្រាប់អ្នកជម្ងឺរបេងធម្មតាផ្សេងទៀត បានស្លាប់ចំនួន ប្រមាណ​១,៣លាននាក់ ពោលគឺលើ​ពី​ឆ្នាំ​២០១៩ ប្រមាណ​១សែននាក់។ ជាសរុប ក្នុងឆ្នាំ​២០២០ មានមនុស្សស្លាប់ដោយជម្ងឺរបេង ចំនួនប្រមាណ ១,៥លាននាក់។

យោងតាមអង្គការសុខភាព​ពិភពលោក ចំនួន​មនុស្ស​ដែលមានជម្ងឺរបេង តែមិនដឹងខ្លួន ឬមិនបានត្រូវគេរាប់នៅក្នុងតួលេខផ្លូវការ គឺអាចមាន​ប្រមាណ​៤,១លាននាក់ នៅក្នុងឆ្នាំ​២០២០។ នៅឆ្នាំ​ ២០១៩ ចំនួន​ ត្រូវគេប៉ាន់ស្មាន​ប្រមាណ ២,៩លាននាក់។ ហើយនៅឆ្នាំ​២០២១ និង ២០២២ ខាងមុខ អ្នកជំនាញរំពឹងថា ចំនួន​អ្នកឆ្លង និងស្លាប់ដោយសារជម្ងឺរបេង នឹងកើនជាងនេះទៀត។

លោកអគ្គលេខាធិការអង្គការសុខភាព​ពិភពលោក បាន​លើកឡើងថា របាយការណ៍នេះ បាន​មក​បញ្ជាក់អំពី​ការភ័យ​បារម្ភរបស់អ្នកជំនាញ។ ពោលគឺវិបត្តិកូវីដ ពិតជាបានមកបំផ្លាញ​ការប្រឹងប្រែង ក្នុងការតាមដានសុខភាព និងការព្យាបាលជំងឺផ្សេងៗទៀត ដូចជាជំងឺរបេងជាដើម។ លោកបានអំពាវនាវ ថា យោងតាមតួលេខគួរឲ្យ​បារម្ភទាំងនេះ គឺពិភពលោក ត្រូវតែចំណាយ​ប្រាក់វិនិយោគជាបន្ទាន់ នៅក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹង​ការ​តាមដានសុខភាព​ ពិនិត្យមេរោគ និងការព្យបាលអ្នកជំងឺរបេង។

វិធានការបិទខ្ទប់នានា ដោយសារកូវីដ បានរារាំងមនុស្ស​ មិន​ឲ្យ​បានទទួលសេវាសុខភាព​ត្រឹមត្រូវ។ បន្ថែមពីនេះ វិស័យសុខាភិបាល តាមប្រទេសមួយចំនួនធំ បាន​ផ្តោតការយកចិត្តទុកដាក់ ទាំងសម្ភារៈ ថវិកា និង​កម្លាំងមនុស្ស តែទៅលើ​បញ្ហាកូវីដ។ នៅឆ្នាំ ២០១៩ ចំនួន​មនុស្ស​ដែលមកពិនិត្យសុខភាព និងរកឃើញថាមានជម្ងឺរបេង គឺមានចំនួន ៧,១លាននាក់។ តែចំនួននេះបានធ្លាក់ មកនៅត្រឹម ៥,៨លាននាក់ នៅឆ្នាំ​២០២០។ ប្រទេសដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន និងចិន ជាដើម សុទ្ធតែត្រូវបានគេសង្កេតឃើញថា មានការថយចុះខ្លាំង ក្នុងការ​តាមដាន​សុខភាព​អ្នកជំងឺរបេង។

ដូចគ្នាដែរ ចំនួនមនុស្ស​ដែលបានទទួលថ្នាំបង្ការជម្ងឺរបេង ក៏បានថយចុះដែរ ចំនួន២១% មកនៅត្រឹមតែ ២,៨លាននាក់តែប៉ុណ្ណោះ។ ​ចំណែកអ្នកជម្ងឺរបេងធ្ងន់ធ្ងរ ការព្យាបាល​បានចុះថយ ចំនួន១៥% ពី ១៧៧០០០នាក់ ឆ្នាំ២០១៩ មកនៅត្រឹម ១៥០០០០នាក់ ក្នុងឆ្នាំ​២០២០។ ការចំណាយ​សរុបទូទាំងពិភពលោក ដើម្បី​ប្រយុទ្ធនឹងជម្ងឺរបេង បានចុះថយបន្តិច នៅត្រឹម៥,៣ពាន់លានដុល្លារ ខណៈកម្មវត្ថុរួម គឺគ្រោងចំនាយ​យ៉ាងហោច ១៣ពាន់លានដុល្លារ នៅរវាងឆ្នាំ​២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ