លោក ហេង សួរ៖ រោងចក្រចំនួន៣៣ បានសុំព្យួរការងារខ្លី ខណៈវត្ថុធាតុដើមនឹងមានវិញនៅចុងខែមីនា
គិតមកត្រឹមថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនានេះ មានរោងចក្រកាត់ដេរ និងផលិតស្បែកជើងសរុប ៣៣រោងចក្រ បានស្នើសុំព្យួរកិច្ចសន្យាការងារ ខ្លះ២សប្តាហ៍ ខ្លះទៀតសុំព្យួរ១ខែ និងបានប៉ះពាល់កម្មករជាង ១៧ ០០០នាក់ ស្មើនឹង១ភាគ៤នៃកម្មករសរុបទាំង៣៣រោងចក្រនេះ។ នេះបើតាមក្រសួងការងារ។ ការសុំព្យួរកិច្ចសន្យាការងារនេះ ធ្វើឡើងបន្ទាប់ពី រោងចក្រទាំងនេះ មិនមានវត្ថុធាតុដើមពីប្រទេសចិនសម្រាប់ដំណើរការសង្វាក់ផលិតកម្ម ដោយសារតែវីរុស Covid-19។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០២
ក្នុងចំណោមរោងចក្រទាំង៣៣នេះ មានរោងចក្រតូចៗខ្លះព្យួរទាំងស្រុង និងរោងចក្រធំៗខ្លះទៀតគឺព្យួរតែ១ឬ២ភាគ នៃសង្វាក់ផលិតកម្មរួមរបស់គេ ដោយភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តចំនួន៦ផ្សេងទៀត ដែលមានកម្មករតិចតួច។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់វិទ្យុបារាំង RFI ថា ការដែលរោងចក្រមួយចំនួនបានសុំព្យួរកិច្ចសន្យាការងាររយៈពេលខ្លី គឺដោយសារតែរោងចក្រដឹងថាវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន នឹងមកដល់កម្ពុជាក្នុងរង្វង់សប្តាហ៍ទី៤នៃខែមីនានេះ។ ក្រសួងការងារចាត់ទុកថា ការមកដល់នៃវត្ថុធាតុដើមក្នុងពេលឆាប់ៗនេះ គឺជាចំណុចវិជ្ជមានមួយ ដែលកើតចេញពីការប្រឹងប្រែងសម្របសម្រួលរបស់រដ្ឋាភិបាល អ្នកបញ្ជាទិញ និងរោងចក្រកាត់ដេរផ្ទាល់។
ជាមួយគ្នានេះ តំណាងសហជីពនានា បានសម្តែងនូវការព្រួយបារម្ភ ចំពោះការស្នើសុំព្យួរកិច្ចសន្យាការងារ នៅអំឡុងពេលនេះ ដែលជាការផ្តល់ឱកាសដល់និយោជកខិលខូចមួយចំនួន ឆ្លៀតប្រើវិធីនេះ បិទរោងចក្រដោយមិនទទួលខុសត្រូវ។
ទោះយ៉ាងណា លោក ហេង សួរ ក៏បានអំពាវនាវឲ្យតំណាងកម្មករ និយោជិត មានការប្រយ័ត្នប្រយែង ចំពោះជនខិលខូចមួយចំនួន ព្យាយាមបង្វែរសភាពការណ៍នៃការស្នើសុំព្យួរ ឲ្យទៅជាការទាមទារបញ្ចប់កិច្ចសន្យា ក្នុងបំណងទទួលបាននូវអត្ថប្រយោជន៍ ដែលមិនមានចែងនៅក្នុងច្បាប់។ លោកអះអាងថាក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ នឹងពិនិត្យតាមដានករណីព្យួរកិច្ចសន្យាការងារនេះយ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ ក្រសួងការងារ បានធ្វើការព្យាករថាឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យរោងចក្រកាត់ដេរ ជិត២០០ នឹងរងផលប៉ះពាល់ ប្រឈមនឹងការបិទទ្វារបណ្ដោះអាសន្ននៅក្នុងខែ មីនានេះ និងអាចប៉ះពាល់ ដល់កម្មករ និយោជិត ក្នុងករណីអាក្រក់ប្រហែលជា១៦ម៉ឺននាក់ ដោយសារតែ ខ្វះវត្ថុធាតុដើមដើម្បីផលិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ