អានតួអត្ថបទ

CLC៖ ​ការ​ចាប់ខ្លួន​លោក ​ម៉ម រិទ្ធី ​ជាការ​រំខាន​ធ្ងន់ធ្ងរ​ដល់សិទ្ធិ​សហជីព

កាលពីថ្ងៃ​ទី​០៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​សហភាព​ការងារ​កម្ពុជា ​(CLC) ​បានហៅការ​ចាប់ខ្លួន​លោក ​ម៉ម រិទ្ធី ​ថា​ជាការ​បំភិតបំភ័យ ​គំរាមកំហែង ​និង​រំខាន​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សហជីព​ ដែលជា​អ្នក​តំណាង​កម្មករនិយោជិត​។ ប្រតិកម្ម​របស់​សហភាព​ការងារកម្ពុជា​ដូច្នេះ​ ធ្វើឡើង​បន្ទាប់ពី​លោក ​ម៉ម រិទ្ធី ​ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​ ត្រូវបាន​អាជ្ញាធរ​ភ្នំពេញ​ចាប់ខ្លួននៅ​ថ្ងៃ​អង្គារ​ ទី​៧ ខែ​ឧសភា​ម្សិលមិញ​។

ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅប៉ុន្មានម៉ោង​ក្រោយអាជ្ញាធរ​ចាប់ខ្លួន​លោក ​ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យទេសចរណ៍​សេវាកម្ម​កម្ពុជា ​សហភាព​ការងារកម្ពុជា​របស់​លោក ​អាត់ ធន់ ​បានសម្តែង​ប្រតិកម្ម​សោកស្តាយ ​និង​ហៅសកម្មភាព​របស់អាជ្ញាធរ​ថា​ជាការ​បំភិតបំភ័យ​ សម្លុត ​គំរាមកំហែង ​យាយី និង​បង្ក​ឧបសគ្គធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​តំណាងកម្មករ​និយោជិត ​ព្រមទាំង​ជាការវាយ​ប្រហារធ្ងន់ធ្ងរ​ដល់​សេរីភាព និង​សិទ្ធិ​សហជីព​។

សូមបញ្ជាក់​ថា ​លោក ​ម៉ម រិទ្ធី ​ដែលមាន​តួនាទី​ជា​អនុប្រធាន​សហភាព​ការងារ​កម្ពុជា​ដែរនោះ​ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ល្ងាចថ្ងៃទី​០៧ ខែ​ឧសភា​នៅទីស្នាក់ការ​ CLC ​ពីបទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទធ្វើឲ្យ​បាត់ជំនឿ​លើសេចក្តីសម្រេច​របស់​តុលាការ​» ប្រព្រឹត្ត​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​កាលពីថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​។

ដោយឡែក​នៅក្នុងដីកា​ក្នុងថ្ងៃទី​០៧ ​ឧសភា​ដដែល ​តុលាការ​បានសម្រេច​ផ្តន្ទាទោស​លោក​ ម៉ម រិទ្ធី​ ដាក់ពន្ធនាគារ​ចំនួន​១៨ខែ និង​ពិន័យជា​ប្រាក់​ចំនួន ២​លានរៀល​។ តែសេចក្តីថ្លែងការណ៍​របស់​CLC ​យល់ឃើញថា ​ការលើកឡើង​របស់លោក ​ម៉ម រិទ្ធី នៅលើ​ហ្វេសប៊ុក​កាលពីខែ​កុម្ភៈ ឆ្នាំ​២០២២ ​ជាការ​បញ្ចេញមតិរិះគន់​ក្នុងន័យ​ស្ថាបនា និង​កែតម្រូវឲ្យ​មានការអនុវត្តន៍​ច្បាប់ឲ្យបាន​សមស្រប និង​ប្រកបដោយ​តម្លាភាពចំពោះ​ការឃុំខ្លួន​សមាជិកសហជីព​លោកមួយរូប​ជាស្ត្រីនៅ​ក្រុមហ៊ុន​កាស៊ីណូ ជីនប៉ី ​ក្នុង​ខេត្ត​ព្រះសីហនុ​ជាមួយជនជាតិ​ចិន​ជាបុរស​ច្រើននាក់​។

ទោះយ៉ាងណា ​សហភាព​ការងារកម្ពុជា​បានស្នើឲ្យ​ប្រមុខរដ្ឋាភិបាល​ និង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រួមទាំង​ស្ថាប័នពាក់ព័ន្ធ​ពិនិត្យមើល​រឿងនេះ​ឡើងវិញ​ឲ្យបានហ្មត់ចត់ ​និង​តម្លាភាព​ ដើម្បីផ្តល់​យុត្តិធម៌​ជូនលោក​ ម៉ម រិទ្ធី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ