អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

កិច្ចប្រជុំUN៖បារាំង អង់គ្លេស និងអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋនិងនយោបាយពេញលេញ

ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៨ឧសភា បារាំង អង់គ្លេស និងអាមេរិកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងនយោបាយឱ្យបានពេញលេញ។ ការដាក់ចេញអនុសាសន៍ដូច្នេះពីព្រោះប្រទេសលោកខាងលិចទាំងនេះបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនការរឹតត្បិតសិទ្ធិពលរដ្ឋនិងនយោបាយ និងការប្រើប្រព័ន្ធតុលាការដើម្បីបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងប្រឆាំងនៅកម្ពុជា។

កិច្ចប្រជុំUN៖បារាំង អង់គ្លេស និងអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋនិងនយោបាយពេញលេញ
កិច្ចប្រជុំUN៖បារាំង អង់គ្លេស និងអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋនិងនយោបាយពេញលេញ © UN
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំក្រោមយន្តការរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី៨ឧសភា ឆ្នាំ២០២៤ រដ្ឋជាសមាជិកចំនួន ១០០ប្រទេសបានផ្តល់អនុសាសន៍ជាច្រើនដើម្បីលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងចំណោមរដ្ឋជាសមាជិក ប្រទេសលោកខាងលិចរួមមានបារាំង អង់គ្លេស និងអាមេរិកបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនចំពោះការរឹតត្បិតសិទ្ធិពលរដ្ឋនិងនយោបាយ ពិសេសការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងប្រឆាំងនៅកម្ពុជា។ អង់គ្លេស តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកតំណាងនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស បានទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជា លើសិទ្ធិសង្គម និងវប្បធម៌ រួមទាំងការប្តេជ្ញាចិត្តលើកកម្ពស់ប្រព័ន្ធការពារសង្គម ការប្រែប្រួលអាកាសធាតុ ការអប់រំ និងការថែទាំសុខភាព។ តែអង់គ្លេសនៅតែមើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជារួម នៅមិនទាន់ល្អប្រសើរនៅឡើយ។

ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរឡើង អង់គ្លេសបានផ្តល់អនុសាសន៍ឱ្យកម្ពុជាពង្រឹងសេរីភាពបញ្ចេញមតិ តាមរយៈការលុបចោល ការសម្រេចចិត្តបិទគេហទំព័រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការពង្រឹងការចូលរួមរបស់សង្គមស៊ីវិល តាមរយៈការចំហរទ្វារទទួលការពិគ្រោះយោបល់ ស្តីពីការធ្វើវិសោធនកម្មច្បាប់នានា។ បន្ថែមពីនេះ អង់គ្លេសក៏បានរំព្ញកកម្ពុជាពីសារៈសំខាន់នៃការការពារសិទ្ធិជនជាតិដើមភាគតិចដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍរបស់រដ្ឋ និងការទទួលស្គាល់អាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

ចំណែកអាមេរិកវិញយល់ថា កម្ពុជាគួរលុបចោលវិសោធនកម្មច្បាប់បោះឆ្នោត ដែលមានលក្ខណៈរឹតត្បិតការចូលរួមរបស់គណបក្សនយោបាយ និងគួរស្តារឡើងវិញនូវការអនុវត្តសេរីភាពបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសេរីភាពសមាគម។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អាមេរិកជំរុញឱ្យកម្ពុជាឈប់យាយីនិងបង្ក្រាបសំឡេងប្រឆាំង តាមការប្រើប្រាស់ប្រព័ន្ធតុលាការ និងត្រូវដោះលែងលោកកឹម សុខា និងកញ្ញាសេង ធារី។ ទន្ទឹមនេះ អាមេរិកក៏បានផ្តល់អនុសាសន៍ឱ្យកម្ពុជាប្រយ័ត្នប្រយែង ចំពោះការអនុម័តច្បាប់ តួយ៉ាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត សុវត្ថិភាពតាមអ៊ីនធ័រនែត និងសិទ្ធិទទួលបានព័ត៌មាន។

ស្រដៀងអាមេរិកនិងអង់គ្លេសដែរ បារាំងក៏បានប្រាប់កម្ពុជា ធានាឱ្យបាននូវការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនិងសិទ្ធិនយោបាយ និងថាកម្ពុជាគួរដោះលែងអ្នកនយោបាយប្រឆាំងដែលកំពុងជាប់ទោស ដោយអយុត្តិធម៌ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន។

នៅ​ក្រោយកិច្ចប្រជុំ កម្ពុជាតាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ជាក់ថា កម្ពុជានឹងយកអនុសាសន៍មួយចំនួន ដែលលើកឡើងយកមកពិនិត្យពិភាក្សា ក៏ប៉ុន្តែចំពោះអនុសាសន៍ខ្លះ ដែលគណៈកម្មាធិការសិទ្ធិមនុស្សយល់ថា មិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋាន និងមានចរឹតលក្ខណៈនយោបាយ ឬមិនស្របនឹងបរិបទកម្ពុជា នឹងត្រូវកត់សម្គាល់ទុក។

គួរជម្រាបជូនថា អ្វីដែលលើកឡើងនៅក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិនេះ​មិនមែនជាការដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តតាមទេ តែជាការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមក។ កិច្ចប្រជុំស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ គឺជាយន្តការអនុម័តដោយអង្គការសហប្រជាជាតិដែលរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដើម្បីពិនិត្យតាមដានស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិដែលមានសរុប ១៩៣ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ