អានតួអត្ថបទ

របបសឹកភូមាបដិសេធសំណើលោក ហ៊ុន សែន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របបយោធាភូមាបានសម្រេចបដិសេធមិនឱ្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួបលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ។ ការបដិសេធរបស់របបសឹកភូមា ធ្វើឡើងក្រោយ លោក ហ៊ុន សែន បានស្នើឱ្យមេដឹកនាំភូមាលោក ម៉ីន អោងឡាំង ជួយសម្របសម្រួលឱ្យលោកអាចជួបសួរសុខទុក្ខលោកស្រី ស៊ូជី ដ្បិតធ្លាប់ជាសហការីកិច្ចការអាស៊ានជាមួយគ្នាជាច្រើនឆ្នាំ។

របបសឹកភូមាបដិសេធសំណើលោក ហ៊ុន សែន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី
របបសឹកភូមាបដិសេធសំណើលោក ហ៊ុន សែន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី © Hun Sen
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារសំឡេងដែលក្រុមយោធាភូមាបានបញ្ជូនទៅកាន់អ្នកកាសែត របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធទី ៨ឧសភា អ្នកនាំពាក្យរបបសឹកភូមា លោក ច មីនទុន (Zaw Min Tun) បានពន្យល់ ថាភូមាបដិសេធសំណើរបស់លោក ហ៊ុន សែន សុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដោយសាររបបយោធាភូមា គ្មានហេតុផលចាំបាច់ ដែលត្រូវធ្វើកិច្ចការសម្របសម្រួលឱ្យមានជំនួបកើតឡើងនោះទេ។

នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ នៅមួយថ្ងៃមុន ពោលគឺ នៅថ្ងៃអង្គារទី៧ឧសភា មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ដែលជាមេដឹកនាំរដ្ឋប្រហារយោធាភូមា មិនបានបដិសេធភ្លាមៗសំណើសួរសុខទុក្ខរបស់លោក ហ៊ុន សែន ជាមួយលោកស្រី ស៊ូជី។ លោកគ្រាន់តែថា នឹងយកសំណើនោះទៅពិចារណាមុននឹងឱ្យអ្នកនាំពាក្យចេញមកបដិសេធនៅមួយថ្ងៃក្រោយ។

បើតាមអ្នកនាំពាក្យ លោក Zaw Min Tun រដ្ឋាភិបាលសឹកសន្យាថានឹងរៀបចំការបោះឆ្នោត ដូច្នេះគេត្រូវចៀសវាងរាល់បញ្ហាដែលអាចពន្យារពេល ឬរំខានដល់ដំណើរការបោះឆ្នោតនាពេលអនាគតខាងមុខ។ គិតចាប់តាំងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំយោធាភូមា បានលើកពេល ម្តងជា ពីរដង ក្នុងការរៀបចំបោះឆ្នោតជាតិ។ នៅខែមីនាកន្លងទៅ លោកមីន អ៊ុងឡាំងបាននិយាយថា ភូមាទំនងមិនអាចរៀបចំការបោះឆ្នោតបានទេ នៅក្នុងកាលៈទេសៈដែលប្រទេសកំពុងជួបអសន្តិសុខដោយសារសង្រ្គាមស៊ីវិល។

ប៉ុន្តែ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារ មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង បានប្រាប់លោក ហ៊ុន សែន ថានឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកម្ពុជា ដើម្បីទទួលយកបទពិសោធន៍ល្អៗពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៌ និងមានតម្លាភាព។ ក្រៅពីនេះ បើតាមមេដឹកនាំរដ្ឋប្រហារភូមា ការបញ្ជូនប្រេសិតពិសេសមកកម្ពុជានេះ ក៏ដើម្បីឱ្យប្រេសិតបន្ដពិភាក្សាលើសំណើផ្សេងៗ ដែលអាស៊ានស្នើឱ្យមានតំណាងមិននយោបាយចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន និងគោលការណ៍៥ចំណុច ដែលអាស៊ានទាមទារឲ្យប្រទេសភូមាអនុវត្តគោរពតាម។

គិតចាប់តាំងពីរបបយោធាឃុំខ្លួន ជ័យលាភីណូបែលសន្ដិភាពលោកស្រី អ៊ុង សាងស៊ូជី វ័យ៧៨ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០២១ មានតែរដ្ឋមន្ដ្រីការបរទេសថៃម្នាក់ប៉ុណ្ណោះដែលបានជួបផ្ទាល់ ជាមួយលោកស្រី ជាងមួយម៉ោង កាលពីខែកក្កដា ឆ្នាំ២០២៣។ តុលាការរបស់របបយោធាបានចោទប្រកាន់ និងផ្តន្ទាទោសឱ្យអ្នកស្រីជាប់ពន្ធនាគារ ដល់ទៅជិត ៣០ឆ្នាំ។ កាលពីខែមុន របបយោធានិយាយថា អ្នកស្រី ស៊ូជី បានទទួលការយកចិត្តទុកដាក់ជាចាំបាច់ នៅពេលសីតុណ្ហភាពក្នុងពន្ធនាគារក្នុងទីក្រុងណៃពិដោរឡើងកម្ដៅខ្លាំងរហូតដល់៤០អង្សារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ