អានតួអត្ថបទ
កូរ៉ូណាវីរុស ការអប់រំ

យូណេស្កូ​បារម្ភ ពីសិស្ស​ជាង​៨០០លាននាក់ ដែល​គ្មានកុំព្យូរទ័រ​​សម្រាប់​អនុវត្ត​ការរៀន​នៅផ្ទះ

អង្គការយូណេស្កូ បានចេញរបាយការណ៍មួយ កាលពីថ្ងៃអង្គារម្សិលមិញ ដោយ​បាន​សម្តែង​ការ​ព្រួយបារម្ភ​បំផុត​ ពីភាព​មិន​ស្មើគ្នា រវាង​សិស្ស​សាលា​ ដែល​ត្រូវ​អនុវត្ត​ការ​រៀន​នៅផ្ទះ ក្នុង​កាលៈទេសៈ ដែល​សាលា​រៀន​ត្រូវ​បិទទ្វារ ដោយសារ​តែ​មេរោគ​កូវីដ១៩។ យោងតាមអង្គការយូណេស្កូ ក្នុងចំណោមសិស្សសាលាទូទាំង​ពិភពលោក មានពាក់កណ្តាល គឺគ្មានម៉ាស៊ីនកុំព្យូទ័រ ដើម្បីរៀនទេ ហើយប្រមាណ​៤៣% គឺពុំមានសេវាបណ្តាញអ៊ីនធ័រណិត ដែលចាំបាច់សម្រាប់ការរៀន​នៅផ្ទះឡើយ។

អ្នកស្រី Amelia Rodriguez កំពុងជួយកូនប្រុសអាយុ៧ឆ្នាំ ក្នុងការរៀននៅផ្ទះ ដោយប្រើឧបករណ៍ iPad ។ ប្រទេសមិកស៊ិក ថ្ងៃទី​២០មេសា ២០២០
អ្នកស្រី Amelia Rodriguez កំពុងជួយកូនប្រុសអាយុ៧ឆ្នាំ ក្នុងការរៀននៅផ្ទះ ដោយប្រើឧបករណ៍ iPad ។ ប្រទេសមិកស៊ិក ថ្ងៃទី​២០មេសា ២០២០ REUTERS - JOSE LUIS GONZALEZ
ផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនកុំព្យូទ័រ គឺជាឧបករណ៍ដ៏ចាំបាច់បំផុត ក្នុងការអនុវត្តការរៀនសូត្រនៅផ្ទះ ក្នុងខណៈដែលសាលារៀនត្រូវបិទ ព្រោះតែមេរោគកូវីដ១៩។ ក៏ប៉ុន្តែ យោងតាមរបាយការណ៍របស់​ អង្គការយូណេស្កូ សិស្សសាលាប្រមាណ៥០% ពោលគឺស្មើនឹង​៨២៦លាននាក់ នៅទូទាំងពិភពលោក គ្មានម៉ាស៊ីនកុំព្យូទ័រ សម្រាប់រៀននៅផ្ទះទេ។ ហើយសិស្សប្រមាណជា៧០៦លាននាក់ គឺពុំមានសេវាបណ្តាញអ៊ីនធ័រណិត ដើម្បីអាច​តាមដានការបង្រៀនរបស់គ្រូ ឬទទួលលំហាត់ពីគ្រូបានឡើយ។

ជាមួយនឹងវិធានការបិទសាលា ហើយឲ្យសិស្សរៀនពីផ្ទះនេះ អង្គការយូណេស្កូ កំពុងតែផ្តោតការព្រួយបារម្ភ ចំពោះគម្លាតគ្នា រវាងសិស្សដែលមានលទ្ធភាព និងសិស្សដែលគ្មានលទ្ធភាព។ កម្រិតអសមភាពនេះ មានកាន់តែខ្លាំង ជាពិសេសនៅតាមប្រទេស ដែលមានប្រាក់ចំណូលមធ្យម។ ជាក់ស្តែងនៅតំបន់អាហ្វ្រិកភាគខាងត្បូងសាហារ៉ា ៨៩%នៃសិស្សសាលា គឺគ្មានម៉ាស៊ីនកំព្យូទ័រទេ ហើយ៨២%គ្មានបណ្តាញអ៊ីនធ័រណិត។

បើទោះបីជាទូរស័ព្ទទំនើប អាចភ្ជាប់បណ្តាញអ៊ីនធ័រណិត និងអាចអនុញ្ញាតឲ្យសិស្សតាមដានការបង្រៀន ឬទាក់ទងជាមួយគ្រូក៏ដោយ ក៏ប៉ុន្តែ មានសិស្សយ៉ាងហោចចំនួន​៥៦លាននាក់ ដែលរស់​នៅតាមតំបន់ ដែលគ្មានបណ្តាញទូរស័ព្ទ។ បន្ថែមពីនេះទៀត អង្គការយូណេស្កូ សង្កត់ធ្ងន់អំពី បញ្ហាកង្វះសមត្ថភាព ​ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់គ្រូបង្រៀន នៅតាមប្រទេសក្រីក្រ ដែលរិតតែបន្ថែមការលំបាក ដល់ការបង្រៀនតាមអនឡាញ។

គួររំលឹកថា បច្ចុប្បន្ននេះ សិស្សសាលារាប់ពីថ្នាក់បឋម ​ដល់មធ្យមសិក្សា ប្រមាណ​១៥០០លាននាក់ រួមទាំងគ្រូប្រមាណ​៦៣លាននាក់ នៅទូទាំងពិភពលោក ត្រូវបង្ខំចិត្តនៅផ្ទះ មិនអាចទៅសាលារៀន ក៏ព្រោះតែវិធានការបិទសាលារៀន របស់អាជ្ញាធរតាមប្រទេសមួយចំនួនធំ។ លោក​ស្រី​  Audrey Azoulay អគ្គលេខាធិការ​នៃ​អង្គការយូណេស្កូ បានលើកឡើងថា ប្រឈមនឹងបញ្ហាអសមភាពដ៏ធ្ងន់ធ្ងរនេះ សហគមអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែ​បន្ថែមការជួយជ្រោមជ្រែង ធ្វើយ៉ាងណា ឲ្យសិស្សអាចមានលទ្ធភាព​បន្តការរៀនសូត្រ ឲ្យបានស្មើភាពគ្នា។ ជម្រើសបន្ថែម អាចមានដូចជាបន្ថែម ការរៀនសូត្រ ផ្សាយតាមវិទ្យុ ផ្សាយតាមទូរទស្សន៍ ឬក៏ស្វែងរកគំនិតថ្មីទៀត ដើម្បីអនុញ្ញាតឲ្យសិស្សបានទទួលចំណេះ។

លោកស្រី Stefania Giannini អគ្គលេខាធិការរងនៃអង្គការយូណេស្កូ លើកឡើងថា គម្លាត​គ្នានៃលទ្ធភាពទទួលបានចំណេះដឹងរបស់សិស្ស វានឹងបន្ថែមឲ្យមានគម្លាតគ្នា វាងកម្រិតចំនេះដឹង របស់សិស្សដែលក្រីក្រ និងសិស្សដែលមានជីវភាពធូរធា។ នេះគឺជាគ្រោះថ្នាក់មួយទៅថ្ងៃអនាគត ព្រោះគេមិនអាចកសាងសង្គមមួយ ឬប្រទេសមួយ ដែលពោរពេញទៅដោយអសមភាពបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ