អានតួអត្ថបទ
កូវីដ១៩ ការប្រគុំតន្ត្រី

One World​ Together at home ការប្រគុំតន្រ្តី​ដ៏អស្ចារ្យ ​ដើម្បី​ការសាមគ្គី និង​អរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ

កាលពីយប់ថ្ងៃសៅរ៍ទី១៨មេសា មានការប្រគុំតន្ត្រីដ៏អស្ចារ្យមួយ ឈ្មោះថា One World : Together at home ចូលរួមដោយកំពូលតារាចម្រៀងល្បីៗ ពិធីករ និងតារាសម្តែងល្បីៗ ជាច្រើននាក់។ ជាការប្រគុំតន្ត្រី ផ្សាយបន្តផ្ទាល់ពីផ្ទះរបស់កំពូលតារាទាំងនោះ រៀងៗខ្លួន ដើម្បីសម្តែង​ការសាមគ្គី ជួយគ្នា រវាងមនុស្សជាតិទាំងអស់ ខណៈដែលពិភពលោក កំពុងស្ថិតក្នុងស្ថានភាព​ដ៏លំបាក បង្កឡើងដោយការឆ្លងរាលដាល នូវមេរោគកូវីដ១៩។

ការប្រគុំតន្ត្រី ''One World: Together at Home'' ចូលរួមដោយតារាល្បីៗទូទាំងពិភពលោក ដើម្បីអរគុណចំពោះការលះបង់ របស់ក្រុមគ្រូពេទ្យ ដែលជួយព្យាបាលអ្នកជំងឺ​កូវីដ១៩។ ថ្ងៃទី​១៨ មេសា ២០២០
ការប្រគុំតន្ត្រី ''One World: Together at Home'' ចូលរួមដោយតារាល្បីៗទូទាំងពិភពលោក ដើម្បីអរគុណចំពោះការលះបង់ របស់ក្រុមគ្រូពេទ្យ ដែលជួយព្យាបាលអ្នកជំងឺ​កូវីដ១៩។ ថ្ងៃទី​១៨ មេសា ២០២០ VIA REUTERS - GLOBAL CITIZEN
ផ្សាយពាណិជ្ជកម្ម

កម្មវិធីប្រគុំតន្ត្រីផ្សាយផ្ទាល់ចេញពីផ្ទះរៀងៗខ្លួន ឈ្មោះថា One World : Together at home គឺជាគំនិតផ្តួចផ្តើម របស់កំពូលតារាចម្រៀង Lady Gaga រួមសហការជាមួយ អង្គការ Global Citizen ព្រមទាំងអង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា តារាចម្រៀង Lady Gaga ធ្លាប់បានចូលរួម រៃអង្គាសប្រាក់ជាច្រើនលានដុល្លារ ជួយដល់មូលនិធិនៃអង្គការសុខភាពពិភពលោក ដើម្បីយកទៅចំណាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។

One World : Together at home គឺជា​ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកដែល​មានការចូលរួម ពីកំពូលតារាល្បីៗជាច្រើននាក់ ដូចជាក្រុមចម្រៀង The Rolling Stone លោក Paul Mccartney លោក Elton John អ្នកស្រី Celine Dion នាង Alicia Keys លោក Stevie Wonder និងកំពូលតន្ត្រីករព្យាណូ Lang Lang ជាដើម។

ពីតាមផ្ទះរៀងៗខ្លួន កំពូលកំពូលតារាទាំងអស់ បានរួមគ្នា ច្រៀងចម្រៀង និងលេងភ្លេងជាច្រើនបទ អស់រយៈពេល​ប្រមាណ​ជាង៨ម៉ោង។ តាមរយៈបទចម្រៀងទាំងនេះ កំពូលតារាពិភពលោក ទាំងអស់ ចង់ចូលរួមផ្ញើសារ ទៅកាន់ពិភពលោកទាំងមូល ដែលកំពុងតែឆ្លងកាត់នូវវិបត្តិដ៏ធ្ងន់ធ្ងរបង្កឡើង ដោយមេរោគកូវីដ១៩។

សេចក្តីក្លាហាន របស់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅតាមមន្ទីរពេទ្យ ដែលប្រឈមនឹងមេរោគកូវីដ១៩ គឺជាវីរៈភាព ជា​ការលះបង់ដើម្បី​ប្រយោជន៍រួម ដែលមនុស្សម្នាទាំងអស់ ត្រូវយកជាគម្រូ នឹងរំលឹកគុណ។​ ភាពអំណត់អត់ធ្មត់ ការតាំងចិត្តរឹងមាំ សាមគ្គីភាព ភាតរៈភាព ជួយគ្នាទៅវិញទៅមករវាងមនុស្សជាតិ ដើម្បីយកឈ្នះមេរោគក៏កាចសាហាវនេះ គឺជាខ្លឹមសារដែលការប្រគុំតន្រ្តីនេះ ចង់ចែករំលែក ទៅកាន់មនុស្សជាតិទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ