អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កុប្បកម្ម​នៅបារាំង៖ ក្រសួង​យុត្តិធម៌​ព្រមាន​ដាក់ទោស​ពន្ធនាគារ និង​ផាកពិន័យ​ឪពុកម្តាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កុប្បកម្ម អំពើហិង្សា​ដុតរថយន្ត ទ្រព្យសម្បត្តិសាធារៈ និង​វាយបំផ្លាញ​ចូលលួចហាងទំនិញ នៅបន្តមាននៅប្រទេស​បារាំង។ តាម​ក្រសួងមហាផ្ទៃបារាំង ប៉ូលិស​ចាប់ឃាត់ខ្លួន​មនុស្ស​ជាង ៧០០នាក់​នៅទូទាំងប្រទេស នៅក្នុងអំពើហិង្សា​កាលពីយប់ថ្ងៃ​សៅរ៍ម្សិលមិញ ពោល​គឺ​ធ្លាក់ចុះបន្តិច បើប្រៀបធៀប​នឹង​យប់ថ្ងៃ​សុក្រ ដែលមានចំនួន​ដល់ទៅជាង ៩០០នាក់ ក្នុងរយៈពេលតែមួយយប់។ ការប្រឈមមុខ​ហិង្សា​រវាង​កងកម្លាំងរសក្សា​សណ្តាប់ធ្នាប់ និង​កុប្បករ​ហាក់ធ្លាក់ចុះ​បន្តិច នៅទីក្រុង​ប៉ារីស នៅ​យប់ថ្ងៃ​សៅរ៍ ប៉ុន្តែ ទីក្រុងធំៗពីរ ដូចជា​លីយ៉ុង និងម៉ាសីយ៍កុប្បករ​នៅបន្តប្រើបាញ់​គ្រាប់កាំជ្រួច លាយ​កាំភ្លើងពិត​ទៅលើ​ប៉ូលិស។ នៅម៉ាសីយ៍ ក្រសួងមហាផ្ទៃបញ្ជូនប៉ូលិស​ទៅពង្រឹង​សន្តិសុខ​បន្ថែម បន្ទាប់ពី​មានការព្រួយបារម្ភ​ពីការផ្ទុះអំពើហិង្សា​សម្លាប់មនុស្ស នៅក្រោយ​ក្រុមកុប្បករ​វាយបំផ្លាញ​ចូល​លួច​ហាងលក់កាំភ្លើង មួយកន្លែង កាលពីថ្ងៃសុក្រ។ នៅព្រឹកថ្ងៃ​អាទិត្យនេះ អ្នកនយោបាយ​បារាំង​ត្រូវ​ភ្ញាក់ផ្អើល រន្ធត់ នៅបន្ទាប់ពី​គេហដ្ឋាន​របស់​ចៅហ្វាយក្រុង​ម្នាក់ នៅ​ជាយក្រុង​ប៉ារីស​ត្រូវ​កុប្បករ​បើករថយន្ត​បុកបំផ្លាញ នៅ​អាធ្រាត្រ​ថ្ងៃ​សៅរ៍ ដែលបាន​បណ្តាល​ឲ្យ​របួស ភរិយា និងកូនប្រុស​របស់​ចៅហ្វាយក្រុង។

អំពើហិង្សា​នៅទីក្រុង​ម៉ាសីយ៍ ថ្ងៃទី ១​កក្កដា ២០២៣
អំពើហិង្សា​នៅទីក្រុង​ម៉ាសីយ៍ ថ្ងៃទី ១​កក្កដា ២០២៣ AFP - CLEMENT MAHOUDEAU
ផ្សាយពាណិជ្ជកម្ម

តុល្យការ​របស់​ក្រសួងមហាផ្ទៃ​បារាំង​បង្ហាញថា នៅក្នុងកុប្បកម្ម កាលពី​យប់ថ្ងៃ​សៅរ៍ ដែលជាថ្ងៃទី ៥ នៃ​អំពើហិង្សា​ដែលផ្ទុះឡើង​នៅទូទាំងប្រទេស​បារាំង មនុស្ស​៧១៩នាក់ត្រូវបានចាប់ខ្លួន ចំណែក ប៉ូលិស និង​អាវុធហត្ថ​៤៥នាក់ រងរបួស។ នៅក្នុងអំពើហិង្សា​កាលពីថ្ងៃ​សៅរ៍ រថយន្តជិត ៦០០គ្រឿង និង​អគារជាង ៧០អគារ​ត្រូវដុតបំផ្លាញ រីឯ ស្នងការដ្ឋាន និង​ប៉ុស្ត​ពន្លត់​អគ្គិភ័យ ជាង​៣០​បាន​ក្លាយ ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​បាតុករ។

នៅចំពោះមុខ​អំពើហិង្សាដែលផ្ទុះឡើង​៥ថ្ងៃ​មកហើយ នៅក្រោយ​យុវជនណាអែល ត្រូវ​ប៉ូលិស​បាញ់ស្លាប់ នៅក្នុង​ពេល​ត្រួតពិនិត្យ​ចរាចរណ៍ ប្រធានាធិបតីបារាំង លោកម៉ាក្រុង​បាន​លុបចោល​ទស្សនកិច្ចផ្លូវរដ្ឋ​នៅអាល្លឺម៉ង់ ដែលត្រូវ​ចាប់ផ្តើម​នៅថ្ងៃអាទិត្យនេះ។ នៅ​បណ្តា​ប្រទេសអឺរ៉ុប​កាន់តែច្រើន ចាប់ផ្តើម​ដោយ​អង់គ្លេស រដ្ឋាភិបាល​បាន​អំពាវនាវ​ប្រជាជន​របស់ខ្លួន​កុំ​ឲ្យធ្វើដំណើរ ឬ​ត្រូវ​ប្រុងប្រយ័ត្ន នៅពេលធ្វើ​ដំណើរ​នៅបារាំង។ កុងស៊ុលចិន នៅ​ខេត្ត​ម៉ាសីយ៍​ផ្ញើលិខិតតវ៉ា​ទៅកាន់ អាជ្ញាធរ​បារាំង នៅក្រោយ រថយន្តដឹក​អ្នកទេសចរចិន​មួយគ្រឿង​រងការវាយប្រហារ​គប់ដុំថ្ម​របស់​បាតុករ​ហិង្សាកាលពីថ្ងៃ​យប់ថ្ងៃសៅរ៍។ អ៊ីរ៉ង់​វិញ​ដែល​ធ្លាប់​រង​ការរិះគន់​ពី​បារាំង ថា​ប្រើអំពើហិង្សា​បង្រ្កាប​លើ​បាតុករ កន្លងមក បាន​និយាយ​ឌឺដងដាក់​បារាំង ឲ្យ​ឈប់​ប្រើអំពើហិង្សា​ទៅលើ​ប្រជាជន​ឯង។

អំពើហិង្សា នៅបារាំង​លើកនេះ មាន​លក្ខណៈខុសប្លែក​ពី​អំពើហិង្សា កន្លងទៅ ជាពិសេស បើប្រៀបធៀប​នឹងកុប្បកម្ម​ឆ្នាំ ២០០៥ នៅពេល​អំពើហិង្សាផ្ទុះឡើង​ សំដៅ​ប្រឆាំង​តែ​ប៉ូលិស ដែលគេចោទថា រើសអើង អ្នកដែលរស់នៅក្នុងសង្កាត់​ក្រីក្រ សង្កាត់ជាយក្រុង។

អំពើហិង្សាលើកនេះ ផ្ទុះកើតចេញដំបូង ដោយសារ​គេ​ខឹង​នឹង​ប៉ូលិស​ដែលគេចោទថា ​រើសអើង បាញ់សម្លាប់​យុវជន​ណាអែល អាយុ​១៧ឆ្នាំម្នាក់ ដើមកំណើត អាល់ហ្សេរី។ ប៉ុន្តែ កុប្បកម្ម នៅប៉ុន្មានថ្ងៃ​មកនេះ ដែលបាន​បំផ្លាញ សាលាក្រុង សាលារៀន មន្ទីរពេទ្យ បង្ហាញថា វា​មិនត្រឹម​ជាការសំដែង​កំហឹង ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​ការរើសអើង​របស់​ប៉ូលិស​ទៅលើ​អ្នករស់នៅក្នុង​សង្កាត់ក្រីក្រ សង្កាត់ជាយក្រុងតែប៉ុណ្នោះទេ ប៉ុន្តែ វា​បង្ហាញ​ពី​ក្តីក្រេវក្រោធ​របស់​យុវជន ដែលលែងជឿទុកចិត្តលើ​​ រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលពួកគេ​ចោទថា ខ្ជីខ្ជា មិនយកចិត្ត​ទុកដាក់ ពីជីវភាព ជោគវាសនា​អនាគត​របស់​អ្នករស់នៅ​តាម​ជាយក្រុង នៅសង្កាត់ក្រីក្រ។

តើ​ប៉ូលិសបារាំង​ពិតជា​រើសអើង?

តាមការសិក្សា​កាលពី​ឆ្នាំ ២០២០ យុវជន​បារាំង រស់នៅ​សង្កាត់​ជាយក្រុង ដែលមានអាយុ ពី ១៨ ទៅ​៣០ឆ្នាំ​ ចំនួន​៥០%​និយាយ​ថា ពួកគេ​គ្មាន​ទំនុកចិត្ត​លើ​ប៉ូលិស​បារាំងទេ។ ពួកគេ​ប្រមាណ ៧៩%និយាយ​ថា ប៉ូលិស​ពិតជា​ប្រព្រឹត្តអំពើហិង្សា ចំណែក មនុស្ស​៤៨%​និយាយថា ប៉ូលិស​បារាំង​រើសអើង។

រឿងប៉ូលិស​បារាំង​រើសអើងនេះ តាមពិត​ធ្លាប់ត្រូវ​បាន​គណៈកម្មការរបស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ការរើសអើង​ពូជសាសន៍ ទាញសញ្ញា​អាសន្ន​ម្តងហើយ កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។ គណៈកម្មការ​របស់អង្គការ​សហប្រជាជាតិ​បាន​សំដែងក្តីបារម្ភ​នៅត្រង់ថា នៅពេល​ ​ចាប់​ឆែកឆេរ ត្រួតពិនិត្យ រកអត្តសញ្ញាណបណ្ណ ប៉ូលិស​បារាំង​មើលតែមុខ។ ជាញយដង រាល់អ្នកដែល​មាន​ដើមកំណើតអាហ្វ្រិក កូនចៅអារ៉ាប់ ឬជនជាតិរ៉ូម តែងត្រូវប៉ូលិស​បារាំង​ដៅមុខ ចាប់​មក​សួរដេញដោលមុនគេ។

នៅ​សង្កាត់ជាយក្រុង​ទៀតសោត ជាទីដែលប៉ូលិស​បារាំង​ឧស្សាហ៍ចុះ​ទៅ​ស្រាវជ្រាវ​បទឧក្រិដ្ឋ ការជួញដូរគ្រឿងញៀន យុវជន​នៅក្នុងសង្កាត់ទាំងនោះ ភាគច្រើននិយាយថា ពួកគេ​ត្រូវ​ប៉ូលិស​ចាប់វាយធ្វើបាប ទោះបីជា​ពួកគេ​គ្មានជាប់​ពាក់ព័ន្ធ ឬ​ប្រព្រឹត្ត​បទល្មើសអ្វីក៏ដោយ។

នៅក្នុងសារ​កាលពីថ្ងៃ​សុក្រ ដើម្បីប្រតិកម្ម​នឹង​អំពើហិង្សា នៅប្រទេស​បារាំង អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​ក៏បាន​បង្ហាញ​ក្តីបារម្ភ​ពីរឿងដែលប៉ូលិសបារាំងអនុវត្តច្បាប់​ដោយ​មានការរើសអើង ប្រកាន់​ពូជសាសន៍នេះ។ ប៉ុន្តែ រដ្ឋាភិបាល​បារាំង វិញ​បាន​បដិសេធ​ទាត់ចោល​ការចោទប្រកាន់ ដោយថា បារាំង​ជាប្រទេស​គោរពសិទ្ធិមនុស្ស ចំណែកប៉ូលិស​បារាំង​ប្រឹងប្រែងធ្វើការ​ដើម្បីធានារក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងប្រទេស​មួយ​ដែល​បទឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿងញៀន និងបទល្មើស កាន់តែមានចំនួនកើនឡើងនៅប៉ុន្មានឆ្នាំមកនេះ។

រដ្ឋមន្រ្តីយុត្តិធម៌​ព្រមាន​ទោសជាប់ពន្ធនាគារ​សម្រាប់​ឪពុកម្តាយ​ដែល​បណ្តោយ​ឲ្យកូន​ចូលរួម​ក្នុង​កុប្បកម្ម

នៅថ្ងៃ​សុក្រ លោក​ម៉ាក្រុង​អំពាវនាវ​ឲ្យ​ឪពុកម្តាយ​ទទួលខុសត្រូវ បន្ទាប់ពីក្រសួងមហាផ្ទៃបង្ហាញ​ថា នៅក្នុងចំណោមមនុស្ស​ចាប់ខ្លួន ដោយសារ​ការប្រព្រឹត្តអំពើហិង្សា ចូលលួចហាងទំនិញ មាន​១ភាគ​៣​ជា​អនិតិជន អាយុ ពី ១៤ ទៅ​១៨ឆ្នាំ។

ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួងយុត្តិធម៌  ដែល​រដ្ឋអាជ្ញា​នៅទូទាំងប្រទេស​បានទទួល​កាលពីថ្ងៃ​សុក្រ ឪពុកម្តាយ​ដែល​ខ្វះការទទួលខុសត្រូវ ក្នុងការអប់រំ មើលថែទាំកូន ទៅតាមការកំណត់របស់ច្បាប់ ហើយ​បណ្តោយ​ឲ្យកូន​ទៅ​ដើរប៉ោឡែ​តាមផ្លូវ ទៅ​ដុតបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ វាយបំផ្លាញ និង​ចូលទៅលួចទំនិញ យ៉ាងដូច្នេះ គឺ​អាច​ប្រឈមនឹង​ការទោស​ជាប់ពន្ធនាគារ ២ឆ្នាំ និង​បង់ប្រាក់ពិន័យ ៣ ម៉ឺនអឺរ៉ូ។ សម្រាប់រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ លោក Eric Dupond-Moretti នៅពេល​កុប្បករ ដែល​១ភាគបី ជាអនិតិជន ដើរដុតបំផ្លាញ រថយន្ត វាយប្រហារប៉ូលិសមានសមត្ថកិច្ច យ៉ាងដូច្នេះ មិនមែន​រដ្ឋាភិបាល​ទេ​ដែល​ត្រូវ​ទទួលខុសត្រូវ ប៉ុន្តែ គឺ​ឪពុកម្តាយ ដែលមិន​បាន​អប់រំប្រៀនប្រដៅ។

តាម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឪពុកម្តាយ​ដែល​មិនព្រម​ទៅ​បង្ហាញ​មុខ​នៅ​ក្នុងសវនាការ​កាត់ទោស​កូនដែលជា​អនិតិជន​ក៏ត្រូវ​រងការបង់ប្រាក់ពិន័យ​៣៧០០០អឺរ៉ូ។ លើសពីនោះ ឪពុកម្តាយ​ត្រូវ​បង់សង​ថ្លៃខូចខាត ដោយសារ​តែ​កូនៗ​របស់ខ្លួន ធ្វើ​កុប្បកម្ម វាយបំផ្លាញ ចូលលួច​ហាងទំនិញ។

ហាង និងធនាគារ​៧០០កន្លែងត្រូវ​បំផ្លាញគាស់លួច នៅក្នុងរយៈពេល ៥ថ្ងៃ​នៃកុប្បកម្ម

កុប្បកម្ម​រយៈពេល​៣សប្តាហ៍ កាលពី​ឆ្នាំ ២០០៥ បានធ្វើ​ឲ្យមានការខាតបង់​ប្រាក់ប្រមាណ ២០៤​លាន​អឺរ៉ូ។ ប៉ុន្តែ កុប្បកម្ម​លើកនេះ​នឹង​អាច​ធ្វើមានការបាត់បង់​ប្រាក់ច្រើនសន្ធឹកសន្ធាប់។ តាម​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​បារាំង នៅក្នុង​កុប្បកម្ម នៅក្នុង​រយៈពេល ៥ថ្ងៃមកនេះ ហាងទំនិញ ធនាគារ ប្រមាណ​៧០០​កន្លែង នៅទូទាំងប្រទេស ត្រូវ​គេ​វាយបំផ្លាញ ចូល​លួច​ទំនិញ ដែលអាច​ខោអាវ ទឹកអប់​ស្បែកជើង និង​ចំណីអាហារ ទឹកសុទ្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ