អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីភ្នាក់ងារថាមពលIEA៖ ជាលើកទី១ ការវិនិយោគលើ​ថាមពលស្អាតស្អំ​កើនឡើងច្រើនជាងការវិនិយោគលើថាមពលផូស៊ីល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្ត ការវិនិយោគ​លើ​ថាមពលពន្លឺព្រះអាទិត្យ ថាមពល​សូឡា មានចំនួនច្រើនជាង​ការវិនិយោគ​ទៅលើ​ការធ្វើ​អាជីវកម្ម​ប្រេង។ នៅក្នុង​របាយការណ៍​ចចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ព្យាករថា នៅ​ឆ្នាំ ២០២៣ ទឹកប្រាក់វិនិយោគ​ទៅលើ​ថាមពលស្អាតស្អំ នឹង​មានចំនួនជាង​ប្រាក់វិនិយោគ​លើ​ថាមពលផូស៊ីល ដែលជា​ប្រភព​បញ្ចេញឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជា​ដើមហេតុ​នៃ​ការឡើងកំដៅលើផែនដី។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ដែលមានទីតាំង​នៅទីក្រុង​ប៉ារីស បាន​ព្រមាន​កុំ​ឲ្យ​គេត្រេកអរភ្លេចខ្លួន និង​ថា ពិភពលោក​ត្រូវ​ប្រឹងប្រែងបន្ថែមទៀត បើសិន​គេចង់សម្រេចគោលដៅ អព្យាក្រឹត្យ​កាបូន នៅ​ឆ្នាំ ២០៥០ ដើម្បី​រក្សា​ទប់កុំ​ឲ្យ​ផែនដី​កើនឡើងកំដៅច្រើនជាង ១,៥អង្សា។

អ្នកដំឡើងផ្ទាំងសូឡា ស្រូបកំដៅព្រះអាទិត្យសម្រាប់ផលិតអគ្គិសនី​នៅប្រទេស​ចិន
អ្នកដំឡើងផ្ទាំងសូឡា ស្រូបកំដៅព្រះអាទិត្យសម្រាប់ផលិតអគ្គិសនី​នៅប្រទេស​ចិន AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍ ចុះផ្សាយ​នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ហៅកាត់ជា​ភាសា​អង់គ្លេស ថា IEA បាន​បង្ហាញ​ថា នៅ​ឆ្នាំនេះ ការវិនិយោគ​ទៅលើ​ថាមពល​ស្អាតស្អំ នឹង​មាន​ទំហំទឹកប្រាក់ ច្រើនជាង​ការវិនិយោគ​លើ​ថាមពល​ផូស៊ីល។ នេះជាដំណឹងល្អមួយ​សម្រាប់ផែនដី បើ​សិន​គេ​ចង់​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ដែលមាន​ប្រភព​ចេញមក​ពី​ថាមពល​ផូស៊ីល

បើសិន​គេ​ចង់​បានអព្យាក្រឹត្យកាបូន​នៅឆ្នាំ ២០៥០  កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ជៀសវាង​កុំ​ឲ្យផែនដី​ឡើងកំដៅ ១,៥អង្សា​ថែមទៀត គេចាំបាច់ត្រូវការវិនិយោគច្រើន​ទៅលើ​ថាមពល​ស្អាតស្អំ ដូចជា​ថាមពល​សូឡា វាយោអគ្គិសនី។

តាមរបាយការណ៍របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បន្ទាប់ពី និន្នាការវិនិយោគ​ទៅលើថាមពល​ស្អាតស្អំ បាន​ចាប់ពន្លក នៅប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ គេ​នឹង​ឃើញ​សន្ទុះ​វិនិយោគ​គួរ​ឲ្យកត់សំគាល់​ទៅលើ​វិស័យថាមពល​ស្អាតស្អំ។ ជាក់ស្តែង នៅ​ឆ្នាំ​២០២៣​នេះ ទំហំទឹកប្រាក់វិនិយោគ​លើ​ថាមពលស្អាតស្អំ​នៅក្នុងពិភពលោក មាន​ប្រមាណ ១,៧ទ្រីលានដុល្លារ ពោល​គឺ​ច្រើនជាងទឹកប្រាក់​វិនិយោគ​ទៅលើ​ថាមពល​ផូស៊ីល ដូចជា​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម ទៅទៀត ដែលមានប្រមាណតែ​​១ទ្រីលាន​ដុល្លារ។ អាច​និយាយ​បាន​ថា នៅពេល​គេវិនិយោគ​១ដុល្លារ ទៅលើ​ថាមពលផូស៊ីល ដូចជា ការរុករកប្រេង ឧស្ម័ន និងធ្យូងថ្ម គេ​វិនិយោគ​ដាក់ប្រាក់ ១,៧ ដុល្លារ សម្រាប់​ថាមពល​ស្អាតស្អំ ឬ​ថាមពលដែលបញ្ចេញ​ឧស្ម័នកាបូនិកតិចបំផុត ដែលមានដូចជា​ រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ ផ្ទាំងសូឡា វោយោអគ្គិសនី រថយន្តអគ្គិសនី។

សម្រាប់​នាយកប្រតិបត្តិ​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol នេះជា​រឿងគួរ​ឲ្យភ្ញាក់ផ្អើល ដែលគេ​មិនធា្លប់រំពឹងទុក​ទាល់តែសោះ។ កាលពី​៥ឆ្នាំមុន ទឹកប្រាក់វិនិយោគ​លើថាមពល​ស្អាតស្អំ និងថាមពល​ផូស៊ីល​មាន​ទំហំទឹកប្រាក់ប៉ុនគ្នា ប្រមាណ ១ទ្រីលាន​ដុល្លារ។ ប៉ុន្តែ នៅឆ្នាំនេះ ទឹកប្រាក់​វិនិយោគ​ទៅលើ​វិស័យថាមពល​ស្អាតស្អំ បាន​កើនឡើង​ក្នុងល្បឿន​មួយ​ដ៏លឿន លើស​ការស្រមៃទុក​របស់​មនុស្ស​ទៅទៀត។

ជាក់ស្តែង នៅ​ឆ្នាំនេះ ជាលើកទី១​ក្នុងប្រវត្តិសាស្រ្ត ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ផ្ទាំងសូឡា​ដែល​កំពុង​ពេញនិយមខ្លាំង​នៅក្នុងពិភពលោក កំពុង​ទាក់ទាញ​ឲ្យគេ​ចាប់អារម្មណ៍ វិនិយោគច្រើនជាង​ការវិនិយោគ​ទៅលើ​ការផលិតប្រេង។ ឧទាហរណ៍ នៅពេល ការវិនិយោគ​ទៅលើ​ការរុករក និងធ្វើអាជីវកម្ម​ប្រេង​មានទំហំប្រាក់ ៣៧០​ពាន់​លានដុល្លារ ការវិយោគ​លើថាមពលសូឡា មាន​ដល់ទៅ ៣៨០ ពាន់លាន​ដុល្លារ ពោល គឺ​ច្រើនជាង ១ពាន់លានដុល្លារ។

ថាមពលពន្លឺព្រះអាទិត្យ ជាថាមពល​ពេញនិយម

តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន​ជាកត្តា​ជួយជំរុញ​ឲ្យ​ការវិនិយោគលើថាមពល​ស្អាតស្អំ កើនឡើង​គួរ​ឲ្យកត់សំគាល់​យ៉ាងដូច្នេះ។ នៅទឹកដីអឺរ៉ុបផ្ទាល់ ដោយសារ​តែ​អឺរ៉ុប​ឈប់ទិញប្រេង និង​ឧស្ម័ន​ពីរុស្ស៊ី បូកផ្សំ និងតម្លៃ​ថាមពល​ឡើងថ្លៃ នៅទីផ្សារ​អន្តរជាតិ (ម្យ៉ាងដោយសារ​សង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការថាមពល​សម្រាប់​ការចាប់ផ្តើម​សេដ្ឋកិច្ច​នៅក្រោយ សម័យកូវីដ) អឺរ៉ុប​ចាប់ផ្តើម​បង្កើន​ការវិនិយោគ​លើ​ថាមពល​ស្អាតស្អំ ដែលមាន​ទីតាំង នៅ​ក្នុងស្រុក ដែលគេ​អាចជឿជាក់ និង​អាច​ធានា​ការផ្គត់ផ្គង់​ថាមពល​សម្រាប់តម្រូវការ​ក្នុងស្រុក ដោយ​មិនចាំបាច់​ខ្វល់បារម្ភ​ការផ្គត់ផ្គង់​ពីបរទេស។

ម្យ៉ាង វិស័យថាមពល​ស្អាតស្អំ នៅក្នុងពិភពលោក​បាន​រីកដុះដាល​ខ្លាំង នៅប៉ុន្មានឆ្នាំមកនេះ ក៏ដោយ​មក​ពី​មាន​ការផ្តល់ជំនួយ​លើកទឹកចិត្ត ពីសំណាក់​រដ្ឋាភិបាល ដូចជា​នៅ អាមេរិក សហភាពអឺរ៉ុប ជប៉ុន និង​ចិន​ជាដើម ដែល​បាន​បង្កើន​កញ្ចប់​ថវិកាបៃតង វិនិយោគ​ទៅលើ​ថាមពល​ស្អាតស្អំ នៅក្នុង​កិច្ចប្រឹងប្រែង​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃ​ការឡើងកំដៅផែនដី។

កុំអាលអរ ព្រោះការវិនិយោគលើថាមពលផូស៊ីលនៅតែកើនឡើងដដែល

ទោះជា​ការវិនិយោគ​លើ​ទៅលើ​ថាមពល​ស្អាតស្អំ មានទំហំទឹកប្រាក់​ច្រើនជាង​ថាមពលផូស៊ីល ​ដែលបំពុល​ខ្យល់បរិយាកាស និង​បញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល នៅលើ​ផែនដី​មែន ប៉ុន្តែ ទំហំប្រាក់វិនិយោគ​លើ​ថាមពល​ផូស៊ីល​នៅ​តែ​កើន​ឡើង មិនព្រម​ថយចុះ​ស្រក​ទាល់​តែសោះ។ ជាក់ស្តែង នៅឆ្នាំមុន និង​ឆ្នាំនេះ ការផលិតប្រេង នៅតែ​ទាក់ទាញ​ការវិនិយោគ​ប្រមាណ ១ទ្រីលាន​ដុល្លារ។

នៅក្នុង​ការវិនិយោគ​ទៅលើ​ថាមពល​ផូស៊ីល​ទៀតសោត គេ​សង្កេតឃើញថា ការវិនិយោគ​ទៅលើ​ថាមពល​ធ្យូងថ្ម នៅ​ឆ្នាំ ២០២៣ មាន​តែ​កើនឡើង ប្រមាណ ១៥%​ក្នុង​មួយឆ្នាំៗ។ ការវិនិយោគទៅលើ​ថាមពល​ធ្យូងថ្ម កើនឡើង នៅបន្ទាប់ពី ប្រទេស​កាន់តែច្រើន​ជាពិសេស​នៅអឺរ៉ុប ដែលលែង​ទិញប្រេងឧស្ម័ន​រុស្ស៊ី និងដោយសារ​តម្លៃថាមពលឡើងថ្លៃ បាន​ងាក​ទៅចាប់វិនិយោគ ដាក់ឲ្យដំណើរការឡើងវិញ រោងចក្រអគ្គិសនីដែលដើរដោយថាមពល​ធ្យូងថ្ម។

នេះមិនមែនជា​រឿងល្អនោះទេ ព្រោះថា ការវិនិយោគ​លើ​ធ្យូងថ្ម​សព្វថ្ងៃ​នេះ នៅតែ ច្រើន​ ជាងកម្រិត​ចង់បានរបស់​ទីភ្នាក់ងារ​ថាមពលអន្តរជាតិ​ដល់ទៅ ៦ដង។ នៅក្នុង​របាយការណ៍កន្លងមក ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​ប្រាប់ហើយថា បើសិន​គេ​ចង់កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ចង់បានអព្យាក្រឹត្យកាបូន ដើម្បីចូលរួម​ទប់ស្កាត់​កុំ​ឲ្យផែនដី​ឡើងកំដៅ លើស ១,៥អង្សា ប្រទេស​នៅក្នុងពិភពលោក ត្រូវតែ​​កាត់បន្ថយ​ការវិនិយោគ និង​ការប្រើប្រាស់​ថាមពល​ផូស៊ីល ឲ្យបានអតិបរមា និងងាកបែរ​ទៅវិនិយោគ​លើ​ថាមពលស្អាតស្អំវិញ។

មួយវិញទៀត ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ មិនសូវ​ជា​ត្រេកត្រអាល​ខ្លាំង​នឹង​កំណើននៃការវិនិយោគលើ​ថាមពល​ស្អាតស្អំ ព្រោះថា ការវិនិយោគ​លើ​ថាមពលស្អាតស្អំ​ផ្តោតប្រមូលផ្តុំ​តែ​នៅប្រទេស​អ្នកមាន ប្រទេសមហាអំណាច​ធំៗ ដែលមានលទ្ធភាព មានមធ្យោបាយ​ច្រើន ដូចជា ប្រទេស​ចិន អាមេរិក និងសហភាពអឺរ៉ុប​ជាដើម។

សម្រាប់ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ ដើម្បីកាត់បន្ថយគម្លាត គេគួរ​ចែករំលែក ផ្តល់ជំនួយ​ដល់​ប្រទេស​ក្រីក្រ ប្រទេស​ដែល​អាច​ទាញផលប្រយោជន៍​ពី​ថាមពលពន្លឺ​ព្រះអាទិត្យ ដូចជា​ប្រទេស​នៅតំបន់អាហ្វ្រិក នៅអាស៊ីជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ