អាមេរិកលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាពី ៤ប្រទេសនៅអាស៊ីដោយគ្មានចិន
នៅអាមេរិក សេតវិមានបានប្រកាសនៅក្នុងថ្ងៃចន្ទ ទី៦ មិថុនាពីការព្យួរពន្ធលើគ្រឿងបន្លាស់មួយចំនួនសម្រាប់ផលិតផ្ទាំងសូឡាដែលនាំចូលពី ៤ប្រទេសនៅអាស៊ី គឺកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី។ តាមសេតវិមាន ការលើកលែងពន្ធនេះនឹងមានរយៈពេល ២ឆ្នាំ និងមានគោលដៅធានាលើការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនផលិតផ្ទាំងសូឡានៅអាមេរិក។ តាមរយៈវិធានការមួយនេះ រដ្ឋបាលអាមេរិករបស់លោកចូ បៃដិនចង់គុណ ១ជា៣ នូវសមត្ថភាពផលិតផ្ទាំងសូឡាក្នុងស្រុក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៤
ការប្រកាសលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាពី ៤ប្រទេសនៅអាស៊ីពេលនេះបានធ្វើឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោកចូ បៃដិនបានសម្រេចក្នុងខែកុម្ភៈពីការពន្យារពេលចំនួន ៤ឆ្នាំបន្ថែមទៀតលើតម្លៃពន្ធផ្ទាំងសូឡាដែលនាំចូលពីក្រៅ ពិសេសផ្ទាំងសូឡាផលិតក្នុងប្រទេសចិន។ គួររម្លឹកថា គំនិតផ្តួចផ្តើមឲ្យយកពន្ធលើការនាំចូលផ្ទាំងសូឡានេះជាគំនិតរបស់អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំក្នុងគោលដៅការពាររោងចក្រ សហគ្រាសអាមេរិកក្នុងស្រុក។
ពិតណាស់ ចិនមិនបានស្ថិតក្នុងចំណោមប្រទេសអាស៊ីទាំង ៤ ដែលអាមេរិកបានលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាទេ។ តែសេតវិមានបានបញ្ជាក់ថា ការស៊ើបអង្កេតមួយកំពុងធ្វើដោយក្រសួងពាណិជ្ជកម្មដើម្បីផ្ទៀងផ្ទាត់ចង់ដឹងថា ដើម្បីអាចផលិតគ្រឿងបន្លាស់សម្រាប់ផ្ទាំងសូឡាបាន តើប្រទេសអាស៊ីទាំង ៤ បានទិញគ្រឿងផ្សំពីប្រទេសណាខ្លះ?។ ការផ្ទៀងផ្ទាត់នេះមកពីសេតវិមានខ្លាចប្រទេសអាស៊ីទាំង ៤ ទិញពីចិនដែលកំពុងជាប់ពន្ធដាក់ដោយអាមេរិក។
យ៉ាងណាក៏ដោយ រដ្ឋបាលអាមេរិករបស់លោកបៃដិនសង្ឃឹមថា តាមរយៈការលើកលែងពន្ធលើការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតផ្ទាំងសូឡាពី ៤ប្រទេសនៅអាស៊ីពេលនេះនឹងអនុញ្ញាតឲ្យអាមេរិកអាចបង្កើនបាន ៣ដងនូវសមត្ថភាពផលិតផ្ទាំងសូឡាពីពេលនេះទៅឆ្នាំ ២០២៤។ ក្នុងន័យនេះ ផលិតកម្មភ្លើងអគ្គិសនីបានពីព្រះអាទិត្យរបស់អាមេរិកនឹងកើនពី ៧,៥ហ្សីហ្កាវ៉ាត់ទៅ ២២,៥ហ្ស៊ីហ្កាវ៉ាត់។ ចំនួននេះគឺគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យគ្រួសារអាមេរិកជាង ៣លាន ៣សែនគ្រួសារមានភ្លើងអគ្គិសនីបៃតងប្រើប្រាស់រៀងរាល់ឆ្នាំ។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា បច្ចេកវិទ្យាថាមពលបៃតងជារឿងសំខាន់ដែលអាមេរិកត្រូវអភិវឌ្ឍន៍ដើម្បីចូលរួមកាត់បន្ថយតម្លៃភ្លើងអគ្គិសនីដល់គ្រួសារអាមេរិក កាត់បន្ថយហានិភ័យលើបណ្តាញអគ្គិសនី និងចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ